ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Dzarma Bata ដែលទើបធ្វើការផ្លាស់ពីក្លិបអង្គរថាយហ្គឺរ មកចូលរួមបឹងកេត ក្នុងជុំទីពីរនៃលីគកំពូលកម្ពុជា លក្ខខណ្ឌខ្ចីជើង បានបង្ហាញអារម្មណ៍ថាខ្លួនពិតជារីករាយចំពោះការវិលត្រលប់នេះ ហើយអន្ទះសារចង់ចាប់ផ្តើមការប្រកួតរបស់ខ្លួនឆាប់ៗ។
Bata បាននិយាយថា៖ “ អារម្មណ៍ដែលវិលត្រលប់បឹងកេតពេលនេះ គឺហាក់បីដូចជាការធ្វើដំណើរវែងឆ្ងាយទៅកាន់កន្លែងផ្សេងហើយវិលមកផ្ទះវិញអញ្ចឹង គឺអារម្មណ៍ល្អណាស់ ដែលមកកាន់ទីកន្លែងដែលខ្ញុំធ្លាប់ឈ្នះពានលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ” ។
ជាមួយគ្នានោះផងដែរ ជុំវិញការត្រៀមលក្ខណៈប្រកួតក្នុងជុំទីពីរ កីឡាករដដែលរូបនេះបន្តថា៖ “ សម្រាប់ខ្ញុំក្នុងការចូលរួមជុំទីពីរនេះ គឺដើម្បីឈ្នះពាននេះម្តងទៀតជាមួយបឹងកេត វាដូចទៅនឹងអ្វីដែលយើងធ្លាប់ធ្វើកាលពីប៉ុន្មានឆ្នាំមុន (ឆ្នាំ២០១៦)” ។
អំពីបរិយាកាសហ្វឹកហាត់ជាមួយក្រុមវិញ Dzarma Bata បានបង្ហើបឡើងថា៖ “ ការហ្វឹកហាត់គឺពិតជាមានការរៀបចំបានល្អសម្រាប់កីឡាករទាំងអស់ ហើយក្រុមគ្រូបង្វឹកមានកម្មវិធីហ្វឹកហាត់បច្ចេកទេសដ៏ល្អ ដែលនាំឱ្យកីឡាករឆាប់ចាប់បានលើតួនាទីរបស់ពួកគេ ចំពោះខ្ញុំវិញ ខ្ញុំឆាប់សុំាជាមួយនឹងការហ្វឹកហាត់នេះទៅហើយ ខ្ញុំចូលចិត្តវា និយាយរួមពួកយើងកំពុងតែធ្វើការជាក្រុមបានល្អ ” ។
គ្រាដែលការប្រកួតចុងសប្តាហ៍នេះ បឹងកេត នឹងត្រូវប៉ះជាមួយក្រុមខ្លាំង វិសាខា Bata បាននិយាយអំពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ “ វាជាប្រកួតដ៏ធំ ហើយយើងនឹងធ្វើឱ្យអស់១០០ភាគរយ និងយកចិត្តទុកដាក់លើការប្រកួតនេះ យើងនឹងតាំងចិត្តប្រយុទ្ធឱ្យដល់ទីបញ្ចប់ ដើម្បីទទួលបានលទ្ធផលដែលយើងចង់បាន ” ។
សូមរំលឹកថា ការប្រកួតនឹងចាប់ផ្តើមវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន ព្រីនស៍ នាថ្ងៃអាទិត្យ ទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ ដោយមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក កម្ពុជាថ្មី ៕