ខ្សែការពារ ស្លេះ សេ៊ន បាននិយាយអំពីការប្រកួតប្រជែងក្នុងជុំទីពីរ នៃលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ការប្រកួត ២លើក ទល់នឹង វិសាខា និង ណាហ្គាវើលដ៍ ថា ក្រុមទាំងអស់ មានការត្រៀមខ្លួនបានយ៉ាងល្អ ធ្វើឱ្យពិបាកក្នុងការស្វែងរកជ័យជម្នះ តែរូបគេអះអាងថា នឹងប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីជួយក្រុមបន្តឈរកំពូលតារាងរហូត។
ស្លេះ សេ៊ន៖ “ មិនមែនតែយើងនោះទេ ក្រុមទាំងអស់សុទ្ធតែត្រៀមខ្លួនបានល្អ ទាំងទម្រង់លេង និងការផ្លាស់ប្តូរកីឡាករល្អៗ ជាហេតុនាំឱ្យយើងកាន់តែពិបាកក្នុងការរកពិន្ទុ ប៉ុន្តែសម្រាប់ក្រុមយើងគឺអស់សូវមានបញ្ហាទេ ស្មារតីក្រុមរបស់យើងកាន់តែខ្លាំង ព្រោះពួកយើងចេះជួយគ្នាជាក្រុម ទាំងតំបន់ប្រយុទ្ធ និងការពារ គឺយើងសហការគ្នាបានល្អ ” ។
អតីតកីឡាករដែលធ្លាប់ឈ្នះពានលីគកំពូលកម្ពុជា ជាមួយបឹងកេត កាលពីឆ្នាំ ២០១៧រូបនេះបន្តថា៖ “ សម្រាប់ប្រកួតថ្ងៃអាទិត្យនេះ ក្រុមគេ (ព្រះខ័នរាជស្វាយរៀង) ប្រាកដជាត្រៀមខ្លួនដើម្បីប្រកួតជាមួយយើង ដូចតែយើងត្រៀមប្រកួតជាមួយពួកគេដូចគ្នា វាប្រៀបដូចជាប្រកួតផ្តាច់ព្រ័ត្រ ក្នុងលីគកំពូលកម្ពុជា និងជាប្រកួតដ៏ជក់ចិត្តមួយ ព្រោះពិន្ទុរបស់ពួកយើងនៅកៀកគ្នាខ្លាំង តែខ្ញុំនិងក្រុម នឹងប្រឹងប្រែងដើម្បីយកជ័យជម្នះ ដូចដែលយើងធ្លាប់ធ្វើបានកាលពីជើងទីមួយ ” ។
រំលឹកថា បឹងកេត នឹងបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ប្រកួតសប្តាហ៍ទី ១៧ ទល់នឹង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៣:៣០នាទីរសៀល ៕