ខ្សែបម្រើវ័យក្មេង សៅ វ៉ៃហ្វ៊ី ដែលទើបផ្លាស់មកចូលរួមក្លិបបឹងកេត នារដូវកាល ២០២០នេះ ទទួលបានឱកាសបង្ហាញខ្លួន ២ប្រកួតជាប់គ្នា ក្នុងពានរង្វាន់សម្តេចហ៊ុន សែន និង លីគកំពូលកម្ពុជា ក្រោមការដឹកនាំរបស់លោក គឹម ភក្តី ជាគ្រូបង្គោលបណ្តោះអាសន្ន។
អតីតយុវជនសាលាបាល់ទាត់ជាតិបាទី រូបនេះ បានបង្ហាញអារម្មណ៍ថា៖ “ ខ្ញុំពិតជារំភេីប និងគោរពអរគុណដល់លោកគ្រូដែលផ្តល់ជំនឿជាក់ដល់ខ្លួនខ្ញុំបានផ្តល់ឱកាសបញ្ចេញសមត្ថភាព ខ្ញុំគិតថាបទពិសោធន៍នៅតិច តែលោកគ្រូផ្តល់ឱកាសហេីយ ខ្ញុំតាំងចិត្តព្យាយាមប្រឹងប្រែងអោយអស់ពីសមត្ថភាព ” ។
ជុំវិញស្ថានភាពនៃការប្រកួតក្នុងពានរង្វាន់សម្តេចហ៊ុន សែន និងលីគកំពូល យុវជន សៅ វ៉ៃហ្វ៊ី បានលើកឡើងថា៖ “ ក្នុងការលេងទាំងពីរប្រកួតនេះខ្ញុំគិតថាជាជំហានមួយថ្មីសម្រាប់ការអភិវឌ្ឍខ្លួន និងការដកបទបទពិសោធន៍មួយកម្រិតបន្ថែមទៀតពីបងៗជំនាន់មុន ជាពិសេសការប្រកួតលីគគឺជាការប្រកួតមួយដ៏ជក់ចិត្ត មេឃភ្លៀងផងបណ្តាលអោយលំបាកក្នុងការបញ្ជូនបាល់តែវាជាបទពិសោធន៍ល្អថាយេីងគួររកវិធីសាស្ត្រយ៉ាងណាដេីម្បីបញ្ជូនបាល់ទៅកាន់មិត្តក៏ដូចជាបងៗរួមក្រុមរបស់យេីង ពីរប្រកួតនេះខ្ញុំពេញចិត្ត ហេីយបានប្រឹងប្រែងយ៉ាងពេញទំហឹងដេីម្បីក្លិបទទួលបានជោគជ័យ ទោះប្រកួតទីមួយយេីងបានចាញ់តែខ្ញុំទទួលបានបទពិសោធន៍ល្អពីដៃគូ ” ។
យុវជនវ័យទើបតែ ១៩ឆ្នាំរូបនេះបន្តថា៖ “ ដំបូងខ្ញុំបាទ មិននឹកស្មានថាការបង្ហាញខ្លួនលេីកដំបូងរបស់ខ្ញុំអាចទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រទេ តែនេះជាកំលាំងចិត្តមួយដ៏ក្លាំងក្លាដែលនឹងអាចជួយជុំរុញទឹកចិត្តនិងបេះដូងរបស់ខ្ញុំអោយកាន់តែមានភាពក្លាហាននិងភាពជឿជាក់មកលេីខ្លួនឯងកាន់តែខ្ពស់ឈានទៅរកគោលដៅនៃក្តីស្រមៃរបស់ខ្ញុំ អារម្មណ៍ពិតរបស់ខ្ញុំផ្ទាល់សូមផ្ញេីសាដែលចេញអំពីបេះដូងទៅកាន់អ្នកគ្រប់គ្នាដែលបានគាំទ្រនិងផ្តល់កំលាំងចិត្តដល់ខ្ញុំបាទ ខ្ញុំពិតជារំភេីបនិងអរគុណយ៉ាងខ្លាំងដល់ពុកម៉ែបងប្អូនគ្រប់ទិសទី ហេីយនិងតាំងចិត្តតស៊ូបន្តការហ្វឹកហាត់ដេីម្បីធ្វេីការប្រយុទ្ធនៅលេីទីលានវាលស្មៅអោយកាន់តែល្អ ប្រកបដោភាពថ្លៃថ្នូរនិងទំនួលខុសត្រូវ គោរពជូនពរអ្នកគាំទ្រជួបតែសុខសំណាងល្អ ស្រឡាញ់អ្នកគ្រប់គ្នាជានិច្ចនិរន្តិ៍ ” ។
វ៉ៃហ្វ៊ី បានបន្ថែមថា៖ “ គោលដៅរបស់ខ្ញុំមកបឹងកេត គឺមកដេីម្បីជួយក្លិបដែលខ្ញុំស្រឡាញ់អោយកាន់តែខ្លាំងក្លាឡេីងមួយកម្រិតទៀត បឹងកេតជាក្លិបដំបូងរបស់ខ្ញុំតែវាជាផ្ទះដ៏កក់ក្តៅមួយសម្រាប់ខ្ញុំ ទាំងមិត្តភក្តិនិងបងៗ រួមទាំងលោកគ្រូព្រមទាំងម្ចាស់ក្លិប បេះដូងរបស់ពួកយេីងគឺមានគោលដៅតែមួយ ក្តីស្រមៃតែមួយ ខ្ញុំមកកាន់ទីនេះដេីម្បីអភិវឌ្ឍខ្លួននិងតាំងចិត្តថា ជួយក្លិបអោយរីកចំរេីនតាមដែលអាចធ្វេីទៅបាន ស្រឡាញ់គោរព ការសាមគ្គី ភក្តីភាព គុណធម៌ សីលធម៌មានគ្រប់យ៉ាងនៅក្នុងក្លិបមួយនេះ ” ។
គួររំលឹកថា សៅ វ៉ៃហ្វី ត្រូវបានលោក គឹម ភក្តីផ្តល់ឱកាសឱ្យលេងក្នុងជំនួបសប្តាហ៍ទី ១៧ ទល់នឹងកងយោធពលខេមរភូមិន្ទ ដែលទទួលបានជ័យជម្នះ ២-០ ក្រោមមេឃភ្លៀងធ្លាក់ពេញ ៩០នាទីនៃការប្រកួត ។ គិតត្រឹមបច្ចុប្បន្ន រូបគេ ទទួលបានឱកាសបង្ហាញខ្លួន ៣ប្រកួតក្នុងពានរង្វាន់សម្តេចហ៊ុន សែន និង ១ប្រកួត ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ខណៈនៅសល់ ១ប្រកួតទៀតបញ្ចប់រដូវកាល ២០២០៕