កាលពីថ្ងៃច័ន្ទ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១កន្លងទៅនេះ ក្រុមការងារគ្រូពេទ្យប្រចាំក្លិបបាល់ទាត់បឹងកេត បានឱ្យដឹងអំពីស្ថានភាពរបួសរបស់កីឡាករខ្សែការពារកណ្តាល Anderson Zogbe ដែលបានទទួលរងរបួសអំឡុងពេលហ្វឹកហាត់កន្លងមក ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
តាមការបញ្ជាក់អំពីអាការៈរបួសគឺ Anderson បានដាច់សរសៃរជង្គង់ ACL ( Anterior Cruciate Ligament) និងបែកទ្រនាប់ឆ្អឹង (Meniscus) ជង្គង់ខាងស្តាំ។ ដូចនេះរូបគេនឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរដោយត្រូវធ្វើការវះកាត់ និង សំរាករយៈពេលចម្លោះពី ៦ ដល់ ៨ខែ ។
ជុំវិញបញ្ហារបួសនេះ Anderson សម្តែងការសោកស្តាយនិងនិយាយថា៖ “ ខ្ញុំសូមធ្វើការអរគុណដល់ក្រុមទាំងមូល (ថ្នាក់ដឹកនាំ មិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រទាំងអស់) ដែលបានផ្តល់ភាពកក់ក្តៅ ចាប់តាំងពីខ្ញុំបានមកដល់ទីនេះ។ ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា គឺស្តែងចេញជាសមត្ថិផលដ៏ធំដល់ក្លិប ហើយពួកយើងបានធ្វើការតស៊ូខ្លាំងណាស់ដើម្បីឱ្យដល់គោលដៅរបស់យើង ប៉ុន្តែវាពិតជារឿងដ៏អាម៉ាស់មួយ ដែលខ្ញុំត្រូវឈប់នៅតាមផ្លូវបែបនេះ។ ខ្ញុំសង្ឃឹមថានឹងអាចត្រលប់មកវិញឆាប់ៗនេះតាមដែលអាច ហើយសូមអរគុណសម្រាប់គ្រប់យ៉ាង និងគ្រប់គ្នានៅក្លិបបឹងកេត ។ ”
គួររំលឹកថា Anderson បានទទួលរងរបួសក្នុងការហ្វឹកហាត់ មុនការប្រកួតជាមួយនឹងក្លិបវិសាខា កាលពីសប្តាហ៍កន្លងទៅដែលនាំឱ្យរូបគេអវត្តមានពីការប្រកួត និងមិនអាចជួយក្លិបដណ្តើមជ័យជម្នះបានក្នុងការប្រកួតសប្តាហ៍ចុងក្រោយនៃជុំទី១ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ ។
គ្រប់គ្នានៅក្លិបបឹងកេត សូមជូនពរឱ្យ Anderson ឆាប់ជាសះស្បើយពីរបួស និងត្រលប់មកជួយក្លិបវិញក្នុងពេលឆាប់ៗ ៕