ក្លិបបឹងកេតអង្គរយល់ព្រមទទួលយកការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដើម្បីចូលរួមពានរង្វាន់អន្ដរជាតិ BTV CUP 2016 នៅខេត្ត Binh Duong ប្រទេសវៀតណាម ចាប់ផ្ដើមពីថ្ងៃទី ២ ដល់ ១១ ខែធ្នូ ឆ្នាំ២០១៦។
សហព័ន្ធកីឡាបាល់ទាត់វៀតណាម VFF បានផ្ញើលិខិតអញ្ជើញ មកក្រុមបឹងកេតអង្គរ តាមរយៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់នេះ តាំងពីថ្ងៃទី ២៣ ខែមិថុនា ហើយក្លិបក៏បានយល់ព្រមទទួលយកការអញ្ជើញនេះដែរ។
ពានរង្វាន់ BTV CUP ( Binh Duong Television Cup ) គឺជាពានរង្វាន់អន្តរជាតិក្រៅផ្លូវការ ដែលរៀបចំឡើងដោយ សហព័ន្ធបាល់ទាត់ប្រទេសវៀតណាម សហការជាមួយទូរទស្សន៍ខេត្ត Binh Duong។ នេះជាលើកទី១៧ហើយគិតចាប់តាំងពីឆ្នាំ ២០០០ មក ចំណែក សមាសភាព ក្រុមដែលចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ រួមមាន ក្រុមខ្លាំងៗក្នុងលីគកំពូលវៀតណាម ៣ក្រុម និង ក្រុមម្ចាស់ផ្ទះ Becamex Binh Duong FC រួមជាមួយនឹងក្រុមបរទេស ៤ ទៀតមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងនោះរួមមាន ក្រុមបឹងកេតអង្គររបស់កម្ពុជា ផងដែរ ។
គួររំលឹកផងដែរថា ក្លិប Becamex Binh Duong FC ជាក្លិបជើងឯកលីគកំពូលរៀតណាមច្រើនសម័យ ដែលនឹងត្រូវចូលរួមប្រកួតក្នុងឆ្នាំ 2016 នេះដែរនោះ ធ្លាប់ចាញ់បឹងកេតអង្គរ ៣-២ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 ម្ដងរួចមកហើយ ដែលកាលនោះ កីឡាករ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់បាន ៣ គ្រាប់ម្នាក់ឯង បង្កការផ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតរូបគេឈ្នះពាន កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ទៀតផង។