ក្លិបបឹងកេតអង្គរសូមប្រកាសពីកិច្ចព្រមព្រៀងក្នុងការនាំយកកីឡាករយុវជនក្រោមអាយុ១៩ឆ្នាំ សេត រ៉ូហ្សីប ពីក្លិបណាហ្គាវើលលើកិច្ចសន្យារយៈពេល២ឆ្នាំនៅរសៀលថ្ងៃនេះ។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះផងដែរ រ៉ូហ្សីប បានលើកឡើងថាក្នុងនោះមានបណ្ដាក្លិបផ្សេងៗក៏ទាក់ទងរូបគេផងដែរ តែគេសម្រេចចិត្តមករួមរស់ជាមួយបឹងកេតអង្គរដោយសម្លឹងឃើញថា បឹងកេតមានទិសដៅច្បាស់លាស់ ជាក្លិបដ៏ធំមួយ ហើយតែងតែផ្ដល់ឱកាសឲ្យយុវជនក្មេងៗក្នុងការបង្ហាញសម្ថភាព ដូច្នេះរូបគេសង្ឃឹមយ៉ាងមុតមាំថានឹងអាចវិវឌ្ឍនខ្លួនកាន់តែឆាប់រហ័សដើម្បីរួមចំណែកជួយក្រុមក្នុងការប្រកួតពានរង្វាន់ផ្សេងៗទាំងក្នុងស្រុកនិងនៅលើឆាកអន្ដរជាតិ។
រ៉ូហ្សីប ចាប់ផ្ដើមលេងបាល់ទាត់តាំងពីឆ្នាំ ២០០៣ មកម្លេះ ហើយកីឡាកររូបនេះធ្លាប់ជាអតីតយុវជនក្រុមព្រះខ័នរាជស្វាយរៀងនៅឆ្នាំ២០១៣ មុនផ្លាស់មកណាហ្គាវើលនៅឆ្នាំ២០១៥ ហើយរ៉ូហ្សីបក៏ជាយុវជនឆ្នើមក្នុងក្រុមជម្រើសជាតិ U-19 ដែលធ្លាប់រកបាន៣គ្រាប់ឲ្យជម្រើសជាតិ U-19 ផងដែរនាពេលថ្មីៗកន្លងទៅ។