ក្រោយជួយឲ្យក្រុមជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះ ២-១ លើក្រុមសឹង្ហុបុរី ក្រុមកីឡាកររបស់បឹងកេតអង្គរទាំង៧រូបបានបង្ហាញពីចំណាប់អារម្មណ៍រៀងៗខ្លួនមកកាន់ boeungketfc.com យ៉ាងដូច្នេះថា៖
សុខ សុវណ្ណ ត្រូវបានលោក Lee Hae Hoon ផ្ដល់សេចក្ដីទុកចិត្តឲ្យរូបគេពាក់ស្លាកជាប្រធានក្រុមសម្រាប់ជំនួបម្សិលមិញ ប្រធានក្រុមរូបនេះរៀបរាប់ថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលគ្រូបង្វឹកផ្ដល់សេចក្ដីទុកចិត្តឲ្យខ្ញុំពាក់ស្លាកប្រធានក្រុមជម្រើសជាតិ ឈុតធំជាលើកទី២ ខ្ញុំគិតថាគាត់មានទំនុកចិត្តលើខ្ញុំខ្លាំង ទើបផ្ដល់កិត្តិយសនេះមកខ្ញុំ ដូច្នេះខ្ញុំនឹងប្រឹងប្រែងមិនឲ្យគាត់ខកបំណងឡើង ហើយរឹតតែរំភើបជាងនេះទៅទៀតគឺលទ្ធផលជ័យជំនះនេះតែម្ដង ដោយមិននឹកស្មានថាពួកយើងទាំងអស់គ្នាអាចធ្វើបានល្អបែបនេះ»។
ចាន់ វឌ្ឍនាកា ជាអ្នកនាំសំណាងឲ្យកម្ពុជាក្រោយរូបគេសម្រេចគ្រាប់បាល់នាំមុខឲ្យកម្ពុជានៅនាទីទី ១៩ តាមរយៈការទាត់បាល់ពិន័យ ហ្វ្រីឃីខ បំប៉ោងសំណាញ់ទីយ៉ាងស្រស់ស្អាត ព្រមទាំងការបញ្ចូនបាល់គ្រាប់ទី២ ឲ្យមិត្តរួមក្រុមក្នុងម៉ោងបន្ថែមតង់ទី១ផងដែរ។ ក្រោយចប់ការប្រកួត វឌ្ឍនាកា ត្រូវបានប្រកាសឲ្យជាប់ជាកីឡាករល្អជាងគេ(Man of the Match) សម្រាប់ការប្រកួតនេះ។ កីឡាករដែលកំពុងកាន់កាប់តំណែងកំពូលតារាង Top Scorer ក្នុងលីគកំពូល២០១៦នេះបានថ្លែងថា «ខ្ញុំមានអារម្មណ៍ថារីករាយខ្លាំងបំផុតនៅពេលនេះ មិនមែនដោយសារតែការរកគ្រាប់បាល់បានឬបញ្ចូនបាល់ឲ្យមិត្តរួមក្រុម ឬការជាប់ជាកីឡាករល្អក្នុងការប្រកួតនោះទេ តែគឺជាការទទួលបានជ័យជំនះសម្រាប់ជាតិទាំងមូលទាំងម្ដង នេះជាលទ្ធផលជាប្រវត្តិសាស្ត្រ របស់យើង តែអ្វីដែលខ្ញុំមិនអាចភ្លេចនោះគឺ ការផ្ដល់ជាកំលាំងចិត្តពីអ្នកគាំទ្រទាំងអស់ពិសេសអ្នកដែលអញ្ជើញមកទស្សនាផ្ទាល់ ជាចំណែកសំខាន់បំផុតសម្រាប់ជ័យជំនះនៅថ្ងៃនេះ។
ងាកមកកាន់ ស៊ូ យ៉ាទី រស់ សំអឿន និង ហុង ផេង វិញបានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា ការប្រកួតម្សិលមិញជាការប្រកួតដ៏អស្ចារ្យមួយ ហើយវាក៏ជាការប្រកួតមួយដ៏លំបាកផងដែរ ព្រោះកីឡាករខ្សែប្រយុទ្ធរបស់សឹង្ហបុរី សុទ្ធសឹងតែគ្រោះថ្នាក់ ពួកគេព្យាយាមលេងបាល់លើច្រើន ហើយទីលានមានសភាពរអិល ពិបាកក្នុងការការពារ និងអ្នកចាំទី តែយ៉ាងណាពួកយើង លេងយល់ចិត្តគ្នាបានល្អ ព្រោះធ្លាប់លេងជាមួយគ្នាច្រើនទាំងនៅក្នុងក្លិបនិងជម្រើសជាតិ។
ជាមួយគ្នានេះដែរ កីឡាករ ឃួន ឡាបូរ៉ាវី និង លី វ៉ាហេទ ក័៏បានសម្ដែងការកោតសរសើរចំពោះ មិត្តរួមក្រុមទាំងអស់ ដែលខិតខំប្រឹងប្រែង សម្រាប់ការប្រកួតនេះ ត្បិតថាកីឡាករទាំងពីរពុំបានបង្ហាញវត្តមានក្នុងការប្រកួតនេះក៏ដោយ តែក៏ជាចំណែកសំខាន់ ហើយក៏សុំថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានផ្ដល់ជាកំលាំងចិត្តមិនថា ក្ដៅ ឬ ភ្លៀង យ៉ាងណាគឺនៅតែពុំពារចាំគាំទ្រ និង លើកទឹកចិត្តជានិច្ច។
លទ្ធផលជ័យជំនះ ២-១ របស់កម្ពុជាលើសឹង្ហបុរី បានក្លាយជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាខណៈ ៤៤ ឆ្នាំមុនកម្ពុជាធ្លាប់ឈ្នះសឹង្ហបុរី ៣-០ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧២ នាព្រឹត្តិការណ៍រំឭកខួបទីក្រុងហ្សាកាតា នៅប្រទេសឥណ្ឌូណេស៊ី៕
ខ្សែបម្រើបឹងកេតអង្គរ Yuya Wada នឹងខកខានបង្ហាញខ្លួនលើទីលានសម្រាប់គ្រប់ការប្រកួតដែលនៅសល់ក្នុងរដូវកាល២០១៦នេះ។
ជុំវិញបញ្ហានេះ លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា «វាជាការពិតដែលក្រុមបាត់បង់កីឡាករល្អដែលតែងតែជួយក្រុមឲ្យទទួលបានជ័យជំនះ។ យើងពិតជាលំបាកកាន់តែខ្លាំងសម្រាប់ ៥ ប្រកួតចុងក្រោយ តែក្រុមផ្សេងក៏មានបញ្ហាដូចគ្នា ដូចច្នេះ យើងនៅតែមានសង្ឃឹមថាអាចដណ្តើមពានបាន» ។
ងាកមកកាន់កីឡាករសញ្ជាតិ នីស្សេរីយ៉ា Esoh Paul Omogba វិញបាននិយាយថា «នេះជាពេលវេលាដ៏អាក្រក់របស់យើងដែលត្រូវបាត់បង់គាត់ (Yuya) សម្រាប់ជំនួបសំខាន់ៗនាពេលខាងមុខ។ ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ ព្រោះគាត់ជាកីឡាករសំខាន់មួយរូបក្នុងក្រុម ខ្ញុំយល់ពីអារម្មណ៍របស់គាត់ពេលនេះ គាត់ពិតជាចង់ប្រកួត ហើយចង់ឈ្នះពានសម្រាប់រដូវកាលនេះ»។
ចំណែកខ្សែការពារវ័យ ២៥ឆ្នាំ សុខ សុវណ្ណ វិញក៏ថ្លែងមិនខុសពី Paul ប៉ុន្មានដែរ ពោលគឺរូបគេ បានសម្ដែងនូវភាពសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ខ្សែបម្រើរសញ្ជាតិជប៉ុនដ៏ឆ្នើមរូបនេះ ដោយសារបញ្ហារបួស តែរូបគេបានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងដើម្បីយកជ័យជំនះឲ្យខានតែបានសម្រាប់ប្រកួតដែលនៅសល់ ព្រមទាំង មាន សុទិដ្ឋិនិយមថា YuYa អាចនឹងជាសេះស្បើយទាន់ពេលវេលាដើម្បីវិលមកជួយក្រុមថែមទៀតផង។
Yuya បានរបួសកជើង ក្នុងជំនួបជាមួយក្រសួងការពារជាតិ ក្នុងពានរង្វាន់លីគកំពូល កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងមក ហើយបើតាមការឱ្យដឹងរបស់វេជ្ជបណ្ឌិត កីឡាករជប៉ុនរូបនេះ នឹងអាចចូលលេងបានវិញ នៅរយៈេពេល ២ខែទៀត៕
ខ្សែបម្រើសញ្ជាតិជប៉ុន Yuya Wada នឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះតែម្ដង ដោយសាររបួស កជើង ក្រោយការប៉ះទង្គិចជាមួយកីឡាករ សរ ពិសិដ្ធ របស់ក្រសួងការពារជាតិ។
Yuya បានរងរបួស កជើង ហើយត្រូវប្ដូរចេញភ្លាមៗនៅនាទីទី ៥៣ ក្រោយការបើកបាត (Tackle) របស់ខ្សែការពារក្រសួងការពារជាតិ ក្នុងជំនួបដែលបញ្ចប់ដោយលទ្ធផលស្មើ ២-២ នៃពានរង្វាន់លីគកំពូល សប្ដាហ៍ទី ១៣ កន្លងមក។
មកទល់ពេលនេះ អាការៈ របស់គេបានធូរស្រាលបន្ដិចហើយ ប៉ុន្ដែ Yuya ត្រូវធ្វើដំណើរដោយឈើច្រត់រយៈពេល ៣ សប្ដាហ៍សិន ខណៈលោក វេជ្ជបណ្ឌិត បានបញ្ជាក់ថា Yuya ត្រូវការសំរាកយ៉ាងហោចណាស់ ២ខែ ដើម្បីអាចត្រឡប់មកហ្វឹកហាត់វិញបាន។
ក្រុមជម្រើសជាតិឈុតធំកម្ពុជា ត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមឈុតធំសឹង្ហបុរី នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ នេៈ ខណះដែលបញ្ជីឈ្មោះកីឡាករ ព្រមទាងមន្ត្រីបច្ចេកទេស ត្រូវបានប្រកាសនៅព្រឹកថ្ងៃនេះ។
កីឡាករ បឹងកេត ៧ រូបដែលមានឈ្មោះក្នុងបញ្ជីឈុតធំត្រៀមប្រកួតមិត្តភាពទល់នឹងសឹង្ហបុរីរួមមាន៖
ការប្រមូលផ្ដុំកីឡាករទាំងអស់និងចាប់ផ្ដើមនៅថ្ងៃទី ២១ ខណះដែលការហ្វឹកហាត់នឹងចាប់ផ្ដើមពីថ្ងៃទី២២ តទៅ។
លោក ប្រាក់ សុវណ្ណារ៉ា បានកំណត់គោលដៅសម្រាប់ក្រុមសារជាថ្មី ក្រោយទទួលបាន ៩ ពិន្ទុពីការប្រកួត ៣ លើកដំបូងក្នុងជើងទី២នៃពានរង្វាន់លីគកំពូលកម្ពុជា។
គ្រូបង្គោលរូបនេះបានមានប្រសាសន៍ថា៖ «យើងរីករាយណាស់សម្រាប់លទ្ធផលដូចទៅនឹងអ្វីដែលយើងធ្លាប់បានរំពឹងទុក ហើយគោលដៅបន្ទាប់នាពេលនេះគឺ យើងដាច់ខាតធ្វើយ៉ាងណាយក ៧ ពិន្ទុឲ្យបាន ក្នុង ៣ ប្រកួត បន្ទាប់ ឬ ប្រសិនបើអាច គឺយកឲ្យបាន ៩ ពិន្ទុតែម្ដង ដើម្បីឲ្យគម្លាតពិន្ទុដាច់កាន់តែឆ្ងាញពីក្រុមគូប្រជែងក្រសួងការពារជាតិ ហើយឈានទៅរកការគ្រងជើងឯកជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប» ។
«យើងដឹងថាការប្រកួតបន្ទាប់របស់យើងដែលនៅសល់សុទ្ធសឹងតែជាជំនួបដ៏លំបាក ជាពិសេស ការជួបជាមួយ ក្រសួងការពារជាតិ នៅចុងសប្ដាហ៍នេះតែម្ដង» តែលោកមានជំនឿថាបឹងកេតនឹងធ្វើបានល្អ លោកបញ្ជាក់បន្ថែម។
បច្ចុប្បន្ត បឹងកេតអង្គរ ស្ថិតនៅចំណាត់ថ្នាក់លេខ១ មាន ៣៣ ពិន្ទុ ឈរនៅលើកំពូលតារាង នាំមុខក្រុមក្រសួងការពារជាតិ ៦ ពិន្ទុ ខណៈ ក្រសួងការពារជាតិនៅសល់១ប្រកួតក្នុងដៃ។ ចំណែកការប្រកួតបន្ទាប់ បឹងកេតអង្គរ ត្រូវជួប ក្រសួងការពារជាតិ នៅថ្ងៃ សៅរិ៍ ចុងសប្ដាហ៍នេះ នៅឯ កីឡដ្ឋាន RSN វិញព្រោះ ទីលាន កីឡដ្ឋានស្ដាតចាស់ ជាប់ប្រកួតពានយុវជន AFF U16 ។
ក្លិបបឹងកេតអង្គរយល់ព្រមទទួលយកការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដើម្បីចូលរួមពានរង្វាន់អន្ដរជាតិ BTV CUP 2016 នៅខេត្ត Binh Duong ប្រទេសវៀតណាម ចាប់ផ្ដើមពីថ្ងៃទី ២ ដល់ ១១ ខែធ្នូ ឆ្នាំ២០១៦។
សហព័ន្ធកីឡាបាល់ទាត់វៀតណាម VFF បានផ្ញើលិខិតអញ្ជើញ មកក្រុមបឹងកេតអង្គរ តាមរយៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់នេះ តាំងពីថ្ងៃទី ២៣ ខែមិថុនា ហើយក្លិបក៏បានយល់ព្រមទទួលយកការអញ្ជើញនេះដែរ។
ពានរង្វាន់ BTV CUP ( Binh Duong Television Cup ) គឺជាពានរង្វាន់អន្តរជាតិក្រៅផ្លូវការ ដែលរៀបចំឡើងដោយ សហព័ន្ធបាល់ទាត់ប្រទេសវៀតណាម សហការជាមួយទូរទស្សន៍ខេត្ត Binh Duong។ នេះជាលើកទី១៧ហើយគិតចាប់តាំងពីឆ្នាំ ២០០០ មក ចំណែក សមាសភាព ក្រុមដែលចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ រួមមាន ក្រុមខ្លាំងៗក្នុងលីគកំពូលវៀតណាម ៣ក្រុម និង ក្រុមម្ចាស់ផ្ទះ Becamex Binh Duong FC រួមជាមួយនឹងក្រុមបរទេស ៤ ទៀតមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងនោះរួមមាន ក្រុមបឹងកេតអង្គររបស់កម្ពុជា ផងដែរ ។
គួររំលឹកផងដែរថា ក្លិប Becamex Binh Duong FC ជាក្លិបជើងឯកលីគកំពូលរៀតណាមច្រើនសម័យ ដែលនឹងត្រូវចូលរួមប្រកួតក្នុងឆ្នាំ 2016 នេះដែរនោះ ធ្លាប់ចាញ់បឹងកេតអង្គរ ៣-២ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 ម្ដងរួចមកហើយ ដែលកាលនោះ កីឡាករ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់បាន ៣ គ្រាប់ម្នាក់ឯង បង្កការផ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតរូបគេឈ្នះពាន កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ទៀតផង។