ថ្ងៃនេះក្លិបបឹងកេតមានកិត្តិយសសូមធ្វើការបង្ហាញជូននិមិត្តសញ្ញាថ្មីរបស់ក្លិបដែលមានសណ្ឋានដូចរូបខាងក្រោម ហើយនិមិត្តសញ្ញាថ្មីនេះក្លិបគ្រោងនឹងប្រើប្រាស់ជាផ្លូវការនៅរដូវកាលក្រោយ។
និមិត្តសញ្ញាថ្មីនេះត្រូវបានរចនាឡើងដោយផ្អែកលើលំនាំដើមនៃនិមិត្តសញ្ញាបច្ចុប្បន្នដែលក្លិបបាននិងកំពុងប្រើប្រាស់តាំងពីឡើងមកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងឆ្នាំ២០១២មក ហើយច្នៃបន្ថែមដើម្បីឲ្យមានភាពទាន់សម័យនិងទំនើបភាពស្របទៅតាមយុគសម័យថ្មីនៃបាល់ទាត់។
ក្លិបបាល់ទាត់អាជីពនានានៅជុំវិញពិភពលោកបានធ្វើការកែសម្រួលនិមិត្តសញ្ញារបស់ពួកគេពីមួយពេលទៅមួយពេលដើម្បីបង្កើនភាពស្រស់ស្អាតនិងទាន់សម័យ។ ក្លិបបឹងកេត តែងតែព្យាយាមគិតដើម្បីអភិវឌ្ឍក្លិបឱ្យ កាន់តែរីកចម្រើនឡើងហើយ នេះជាលើកដំបូងដែលពួកយើងធ្វើបច្ចុប្បន្នភាពនិមិត្តសញ្ញារបស់យើង។ នេះគ្រាន់តែជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ក្លិប ហើយពួកយើងជឿជាក់ថាអ្នកគាំទ្ររបស់យើងនឹងទទួលដំណឹងរំភើបរីករាយខ្លាំងជាងនេះច្រើនទៀតនៅពេលខាងមុខ។
ពួកយើងនឹងចាប់ផ្ដើមយុគសម័យថ្មីដ៏រីករាយជាមួយការផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីរបស់យើងទាំងអស់គ្នា!
នៅរសៀលថ្ងៃនេះលោកស្រី ពុធ ធីតា និង លោកជំទាវ ឌិត នីតា រួមទាំងសមាជិកថ្នាក់ដឹកនាំក្លិបជាច្រើនរូបទៀតបានអញ្ជើញចូលសួរសុខទុក្ខ និងតាមដានស្ថានភាពរបួសកីឡាករខ្សែការពារ ស្លេះ ស៊េន ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យកាល់ម៉ែត្រ ក្រោយជួបគ្រាះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យកន្លងទៅ។ រហូតមកទល់ពេលនេះក្រុមគ្រូពេទ្យនៅបន្ដតាមដានស្ថានភាពរបួសកីឡាកររូបនេះនៅឡើយ ព្រោះតាមការពិនិត្យចុងក្រោយកាលពីម្សិលមិញបានបង្ហាញថាមានឈាមកកនៅផ្នែកខ្លះហើយអាចឈានទៅដល់ការវះកាត់។ តែយ៉ាងណាមិញលោកស្រីប្រធានបានមានប្រសាសន៍ថា ក្លិបនឹងទទួលបន្ទុកទាំងស្រុងរាល់ការចំនាយផ្សេងៗក្នុងការព្យាបាលរហូតដល់កីឡាករជាសះស្បើយ។
គួរបញ្ជាក់ថាស្លេះ ស៊េន ត្រូវសម្រាកយ៉ាងហោចណាស់ ៦ទៅ៨ សប្ដាហ៍ទើបអាចវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញបាននេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រុមគ្រូពេទ្យនៅព្រឹកនេះ។ ខ្សែការពារស្លាបរូបនេះបានទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីព្រលប់ថ្ងៃអាទិត្យកន្លងទៅនៅឯស្រុកកំណើតម្ដុំសាលាលេខ៥ ដែលបណ្ដាលឲ្យរងរបួសបែកក្បាលហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯស្រុកកំណើត។សូមជូនពរឲ្យ ស្លេះ ស៊េន ឆាប់ជាសះស្បើយហើយវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញ។