កាលពីថ្ងៃអាទិត្យ ទី ២៧ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅនេះក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបបឹងកេត បានប្រកួតឈ្នះក្រុមយុវជនកាហ្វេ ដោយលទ្ធផល ២ ទល់នឹង ១ ក្នុងសប្តាហ៍ទី៣ នៃការប្រកួតពានរង្វាន់ KMH Cup 2019 ។
បង្ហាញចំណាប់អារម្មណ៍ចំពោះលទ្ធផលឈ្នះនេះ លោកគ្រូ ឈុន សុធារ័ត្ន បានឱ្យដឹងថា ៖ « កីឡាកររបស់យើងធ្វើបានល្អនៅវគ្គទីមួយ ហើយវគ្គទីពីរដោយសារបាត់បង់ការប្រមូលអារម្មណ៍បន្តិច ធ្វើឱ្យគូប្រកួតរកបាន ១គ្រាប់វិញ » ។
សរុបលទ្ធផលនៃការប្រកួតទាំង ០៣សប្តាហ៍កន្លងមក ជាមួយនឹងការរៀបចំក្រុមក្នុងរយៈពេលដ៏ខ្លី គ្រូបង្វឹករូបនេះបន្ថែមថា៖ « ពិតកោតសរសើរដល់ការខំប្រឹងហ្វឹកហាត់របស់ពួកគេ ដែលព្យាយាមធ្វើតាមអ្វីដែលគ្រូៗបង្ហាត់បង្ហាញ ប៉ុន្តែបាល់ទាត់ គឺត្រូវការរយៈពេលយូរដើម្បីអាចយល់ចិត្តគ្នាបានល្អ ហើយយើងនៅមានចន្លោះខ្វះខាតច្រើនដែលត្រូវបំពេញបន្ថែម » ។
សូមបញ្ជាក់ថា យុវជនបឹងកេត បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ប្រកួត ៣លើក ឈ្នះ ២ និងចាញ់ ១ មាន ៦ពិន្ទុ ស្មើជាមួយភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងវិសាខា ដែលនៅកំពូលតារាង ។
សម្រាប់កាលវិភាគក្នុងសប្តាហ៍ទី ៤ ជាបន្តទៀត យុវជនរបស់យើងនឹងត្រូវប្រឈមមុខនឹងក្រុមយុវជន វិសាខា នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៧យប់ នាទីលាន KMH ៕
ក្រុមបាល់ទាត់បឹងកេត នឹងធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយនឹងក្រុមបាល់ទាត់សូលទីឡូអង្គរ នៅថ្ងៃសុក្រ ទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីលានសកលវិទ្យាល័យ AUPP ។
ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៣:៣០នាទីរសៀល និងអាចទស្សនាបានដោយសេរី។
គ្រូបង្វឹករបស់យើង ហៅ សុជាតិ បានបញ្ជាក់ថា គឺនៅតែបន្តរៀបចំការលេងថ្មីជាមួយកីឡាករថ្មីៗ ។
គិតត្រឹមពេលនេះ ក្រុមបាល់ទាត់បឹងកេត បានធ្វើការប្រកួតមិត្តភាពចំនួន ០៨លើកកន្លងរួចមកហើយមុនរដូវកាលថ្មីមកដល់ ៕
នៅក្នុងដំណើរនៃការទៅរៀបចំកម្មវិធីចែករំលែកបច្ចេកទេសបាល់ទាត់ ( Football Clinic ) របស់ក្លិបបាល់ទាត់បឹងកេត នៅខេត្តកំពង់ចាមរយៈពេល ០២ថ្ងៃ កាលពីថ្ងៃសៅរ៍ ទី ២៦ និងអាទិត្យ ទី ២៧ ខែមករាកន្លងទៅនេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាជនក្នុងតំបន់។
កាលពីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅនេះក្រុមកីឡាករ និងគ្រូបង្វឹករបស់យើងបានចេញដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ចាម ដោយបានធ្វើការប្រកួតដកស្រង់បច្ចេកទេសជាមួយនឹងក្រុមបាល់ទាត់យុវជនភូមិរកា នៅទីលានបាល់ទាត់ខេត្ត ដែលមានអ្នកទស្សនារាប់រយនាក់ ស្របពេលដែលលទ្ធផលបញ្ចប់ទៅ ៣ ទល់នឹង ៣ ។
៣គ្រាប់របស់ក្រុមយើង កើតចេញពីការសម្រេចទីដោយកីឡាករដើមកំណើតនៅកំពង់ចាម និងជាតារាក្នុងដួងចិត្តរបស់អ្នកស្រលាញ់បាល់ទាត់ខេត្តកំពង់ចាម ឃួន ឡាបូរ៉ាវី ។
ភ្ញាក់ផ្អើលចំពោះការចូលរួមដ៏ច្រើនពីសំណាក់អ្នកទស្សនា លោកគ្រូ ហៅ សុជាតិ គ្រូបង្វឹករបស់យើង បានបង្ហាញពីចំណាប់អារម្មណ៍ថាចង់មកទីនេះទៀតនៅថ្ងៃអនាគត។
លុះចូលដល់ថ្ងៃទីពីរនៃកម្មវិធីរបស់យើង ក្រុមកីឡាករនិងគ្រូបង្វឹកក្លិប បានរៀបចំនូវការចែករំលែកបច្ចេកទេសបាល់ទាត់ទៅដល់យុវជនប្រមាណជាង ៥០នាក់ ឱ្យស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការលេងបាល់ ក៏ដូចជាថតរូបទុកជាអនុស្សាវរីយ៍ផងដែរ មុនវិលត្រឡប់មករាជធានីភ្នំពេញវិញ ៕
ទស្សនាកម្រងរូបភាពជាច្រើនផ្សេងទៀតដោយចូលទៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប Boeung Ket Football Club !!!
នាព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៩នេះ អ្នកចាំទីដៃទីមួយរបស់ក្លិបបាល់ទាត់បឹងកេត ដែលកំពុងស្ថិតក្នុងប្រទេសវៀតណាម ព្យាបាលរបួសដាច់សរសៃជង្គង់ខាងស្តាំរបស់ខ្លួន បានឆ្លងកាត់ការវះកាត់ដោយទទួលជោគជ័យ។
គឹម មករា៖ « ខាងគ្រូពេទ្យប្រាប់ថា ការវះកាត់ពេលនេះទទួលបានជោគជ័យហើយ ប៉ុន្តែនៅតាមដានអាការៈបន្តទៀត ព្រោះឥលូវនេះជើងខ្ញុំកំពុងស្ពឺក » ។
គួររំលឹកថារបួសដាច់សរសៃជង្គង់ខាងស្តាំរបស់ មករា គឺកើតឡើងអំឡុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីជាមួយក្លិបកាលពីចុងខែធ្នូ កន្លងមក ហើយតាមការពិនិត្យស្ថានភាពពីក្រុមគ្រូពេទ្យ អ្នកចាំទីដៃទីមួយរូបនេះ អាចនឹងអវត្តមានពេញមួយរដូវកាល ទើបអាចត្រឡប់ទៅដូចដើមវិញ ។
សូមបញ្ជាក់ថារាល់ការចំណាយក្នុងការទៅវះកាត់របស់កីឡាករ គឺម មករា គឺជាបន្ទុករបស់ក្លិបរាប់រងទាំងអស់ ហើយក្លិបក៏សូមជូនពរឱ្យគាត់ឆាប់ជាសះស្បើយ ដើម្បីចូលរួមជួយក្លិបវិញនាពេលខាងមុខ ៕
កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋមប្រមូលផ្តុំហ្វឹកហាត់ដើម្បីជ្រើសរើសជាកីឡាករជម្រើសជាតិក្រោមអាយុ២២ឆ្នាំ ចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 ។
ក្នុងបញ្ជីឈ្មោះកីឡាករសរុបចំនួន ៥៤នាក់ ដែលរើសចេញពីតាមបណ្តាក្លិបធំៗក្នុងលីគកំពូលកម្ពុជា និងសាលាបាល់ទាត់ជាតិ ក្នុងចំណោមនោះ មានវត្តមានយុវជនរបស់ក្លិបបឹងកេតចំនួន ០៨រូបផងដែរ។
កីឡាករដែលត្រូវបានសហព័ន្ធធ្វើការកោះហៅរួមមាន៖
១. អ្នកចាំទី ហ៊ុល គីមហ៊ុយ
២. ខ្សែការពារ សឿត ណាវ៉ា
៣. ខ្សែការពារ ទេស សម្បត្តិ
៤. ខ្សែបម្រើ ស្លេះ ស៊េន
៥. ខ្សែប្រយុទ្ធ យ៉ាន់ សុខា
៦. ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា
៧. ខ្សែប្រយុទ្ធ ជា វេសលី
៨. ខ្សែប្រយុទ្ធ ឱ ភារុន
សូមជូនពរឱ្យកីឡាករទាំង ០៨រូបរបស់យើង ទទួលបានជោគជ័យក្នុងការប្រមូលផ្តុំហ្វឹកហាត់ ដើម្បីទទួលឱកាសជាប់ជាកីឡាករជម្រើសជាតិក្រោមអាយុ២២ឆ្នាំផ្លូវការ ៕
ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំនាល្ងាចថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០១៩ នេះ ក្រុមបាល់ទាត់បឹងកេត បានប្រកួតចាញ់ក្រុមតារាបាល់ទាត់អាហ្វ្រិកនៅកម្ពុជា ដោយលទ្ធផល ៤-៣ ។
ក្នុងការប្រកួតនេះ លោកគ្រូ ហៅ សុជាតិ នៅតែបន្តត្រួតពិនិត្យ ការលេងរបស់កីឡាករក្នុងស្រុក និងបរទេស ត្រៀមមុនរដូវកាលថ្មីចូលមកដល់ ។
ជាក់ស្តែងយុវជនរបស់យើងដែលទទួលបានឱកាសបង្ហាញខ្លួនដូចជា យ៉ាន់ សុខា និង ឱ ភារុណ សុទ្ធតែទាត់បញ្ចូលទីជួយឱ្យក្រុមរកបាន ៣គ្រាប់នេះ។
នៅថ្ងៃស្អែកក្រុមបាល់ទាត់បឹងកេត នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីរៀបចំកម្មវិធីចែករំលែកបច្ចេកទេសបាល់ទាត់នៅទីនោះផងដែរ ៕
ក្លិបបាល់ទាត់បឹងកេត នឹងរៀបចំកម្មវិធីចែករំលែកបច្ចេកទេសបាល់ទាត់ ( Football Clinic ) រយៈពេល០២ថ្ងៃ នៅខេត្តកំពង់ចាម គឺនៅថ្ងៃសៅរ៍ ទី ២៦ និងអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តដែលជាមូលដ្ឋានកំណើតរបស់ក្លិបលើកនេះ ក្រុមកីឡាកររបស់យើង នឹងធ្វើការប្រកួតមិត្តភាពជាមួយនឹងក្រុមបាល់ទាត់យុវជនភូមិរការ នៅក្នុងថ្ងៃសៅរ៍ ទី ២៦ វេលាម៉ោង ៣ និង ៣០នាទីរសៀល នៅទីលានបាល់ទាត់ខេត្ត។
សម្រាប់ថ្ងៃទី ២៧ ខែមករាវិញ ក្រុមកីឡាករ និងគ្រូបង្វឹក ក៏នឹងចូលរួមចែករំលែកបច្ចេកទេសបាល់ទាត់ ដល់យុវជន ចំនួន ៥០នាក់ និងការលេងហ្គេមកំសាន្តថែមទៀតផង។
សូមរំលឹកថា កម្មវិធីនេះគឺជាលើកទីពីរហើយរបស់ក្លិបបាល់ទាត់បឹងកេត ក្នុងការចូលរួមចែករំលែកបច្ចេកទេសបាល់ទាត់ទៅដល់យុវជននៅតាមបណ្តាខេត្ត បន្ទាប់ពីបានធ្វើនៅខេត្តកំពតកាលពីឆ្នាំ២០១៧កន្លងទៅ៕
អាស្រ័យហេតុនេះ សូមបងប្អូនយុវជនដែលរស់នៅខេត្តកំពង់ចាម កុំភ្លេចរង់ចាំចូលរួមឱ្យបានច្រើនកុះករ !!!
ក្រុមបាល់ទាត់បឹងកេត នឹងធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយនឹងក្រុមតារាបាល់ទាត់អាហ្រ្វិក ( African All Stars ) នៅថ្ងៃសុក្រ ទី ២៥ ខែ មករា ឆ្នាំ ២០១៩ នៅទីលានសកលវិទ្យាល័យ AUPP ។
ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៣ រសៀល ។
គួររំលឹកផងដែរថា ក្រោយការប្រកួតមិត្តភាពនេះ ពួកយើងនឹងចេញដំណើរទៅចូលរួមកម្មវិធីចែករំលែកបទពិសោធន៍ ( Football Clinic ) នៅឯខេត្តកំពង់ចាមរយៈពេល ០២ថ្ងៃ គឺថ្ងៃទី ២៦-២៧ ខែមករា ឆ្នាំ២០១៩ ៕
កាលពីថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ក្រុមយុវជនបឹងកេត អាយុក្រោម១៨ឆ្នាំ បានប្រកួតសប្តាហ៍ទីពីរក្នុងពានរង្វាន់ KMH CUP 2019 ទល់នឹងក្រុមយុវជនអគ្គិសនីកម្ពុជា នៅឯទីលាន KMH ។
កីឡាករ អេម ផលនិត បានរកគ្រាប់បាល់ដំបូងគេបង្អស់ឱ្យក្រុមនៅនាទី ១៧ ដោយបាល់ពិន័យ១១ម៉ែត្រ នាំមុខអគ្គិសនី ១-០។
៣នាទីក្រោយមកកីឡាករ រតនៈ មុនី រកគ្រាប់បាល់មួយគ្រាប់បន្ថែមទៀត ដែលបញ្ជូនឱ្យដោយមិត្តរួមក្រុម កីឡាករ នី បញ្ញា ទាត់ចេញពីជ្រុង។
លុះនាទី ៣៣ កីឡាកររបស់អគ្គិសនីកម្ពុជាបានវាយបក ១គ្រាប់តាមពីក្រោយវិញ និងបញ្ចប់លទ្ធផលវគ្គទីមួយ ដោយលទ្ធផល ២-១។
ចូលដល់វគ្គទីពីរ ក្រុមយុវជនរបស់យើង ស្វែងរកបាន ១គ្រាប់បន្ថែមទៀត នៅនាទី ៥២ ដោយកីឡាករ ម៉ូហាំម៉ាត់ អារីហ្វីន ដែលបញ្ជូនឱ្យពីកីឡាករ ហ៊ត ឈិនជិន នាំមុខ ៣-១។
លទ្ធផលនេះក៏បានរក្សាទុករហូតដល់ចប់ការប្រកួតនាទីលាន KMH ដែលជាជ័យជម្នះលើកដំបូងរបស់ក្រុមយុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ KMH CUP 2019 ។
ចំពោះការប្រកួតនេះ ប្រធានក្រុមរបស់យើង កីឡាករ ស្រ៊ី ពិសិដ្ឋ ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ៖
គួរបញ្ជាក់ថាក្រុមយុវជនរបស់យើង បច្ចុប្បន្នមាន៣ពិន្ទុក្រោយឆ្លងកាត់០២ប្រកួត ហើយពួកគេនឹងត្រូវបន្តប្រកួតទល់នឹងក្រុមយុវជនកាហ្វេ U18 ក្នុងសប្តាហ៍ទី៣ នៅថ្ងៃអាទិត្យ ទី២៧ ខែ មករា ឆ្នាំ ២០១៩ខាងមុខនេះ វេលាម៉ោង ៥រសៀល ៕
ក្លិបបាល់ទាត់បឹងកេតមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រ និងសាធារណជនឱ្យបានជ្រាបថា ក្លិបបានតែងតាំងលោក ឈុន សុធារ័ត្នជាគ្រូបង្វឹករបស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ចាប់ពីពេលនេះតទៅ។
សូមរំលឹកថា លោកគ្រូ សុធារ័ត្ន គឺជាជំនួយការគ្រូបង្វឹកនៅក្រុមធំ ក្រោយពេលដែលគាត់បានប្រកាសចូលនិវត្តន៍ក្នុងនាមជាកីឡាករ កាលពីចប់រដូវកាល២០១៨ នៃលីគកំពូលកម្ពុជា។
ឈុន សុធារ័ត្ន៖ « សប្បាយចិត្តដែលថ្នាក់ដឹកនាំបានផ្ដល់ឱកាសអោយក្លាយជាគ្រូបង្វឹក » ។
បើប្រៀបធៀបកាលនៅជាកីឡាករ និងគ្រូបង្វឹក សុធារ័ត្នសារភាពថា៖ « ពិបាកច្រើន ព្រោះយើងត្រូវគិត និងមានទំនួលខុសត្រូវ ច្រើនជាងមុន ហើយត្រូវបង្រៀនឱ្យកីឡាករយល់ពីការបង្ហាត់របស់យើង » ។
សម្រាប់ប្រកួតបន្ទាប់ក្នុងពានរង្វាន់ KMH U18 League រដូវកាល ២០១៩ បឹងកេត នឹងត្រូវប្រកួតទល់នឹងក្រុមយុវជនអគ្គិសនីកម្ពុជា នៅថ្ងៃអាទិត្យ ទី ២០ ខែ មករា លើទីលាន KMH វេលាម៉ោង ៣ រសៀល ៕