យុវជនរបស់ក្លិបបាល់ទាត់បឹងកេត ខ្សែការពារវ័យក្មេង សឿត ណាវ៉ា ស្ថិតក្នុងបញ្ជីឈ្មោះផ្លូវការក្នុងចំណោមកីឡាករ ២៣រូបចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ឆ្នាំ ដែលនឹងត្រូវចេញដំណើរទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រកួត AFF U18 Championship 2019 ដែលធ្វើឡើងពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែសីហា ។
ណាវ៉ា ត្រូវបានជ្រើសរើសចូលរួមការហ្វឹកហាត់ជាមួយយុវជនសរុបជាង៤០រូប ដោយឆ្លងកាត់ដំណាក់កាល ២ដំណាក់កាលនៃការប្រមូលផ្តុំហ្វឹកហាត់ ធ្វើតេស្តសមត្ថភាពទាំងនៅសាលាកីឡាបាល់ទាត់ជាតិបាទី និងពហុកីឡដ្ឋានជាតិ ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន Koji Gyotoku ។
កម្ពុជា ស្ថិតក្នុងពូល B នៃពានរង្វាន់នេះ ដោយត្រូវជួបជាមួយអូស្រ្តាលី ក្នុងប្រកួតបើកឆាក ថ្ងៃទី ៧ ខែ សីហា ជួបថៃ នៅថ្ងៃទី ៩ ខែសីហា ជួប ម៉ាឡេស៊ី នៅថ្ងៃទី ១១ ជួបសិង្ហបុរី នៅថ្ងៃទី ១៣ និងជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី ១៥ ៕
ការចាប់ឆ្នោតផ្គូរផ្គងគូប្រកួតនៃវគ្គ៨ក្រុមចុងក្រោយ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០១៩ បានចេញជាផ្លូវការហើយ ដោយក្នុងនោះ ក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួបប្រកួតជាមួយក្លិបបាល់ទាត់ សូលទីឡូអង្គរ ។
ការប្រកួតនឹងត្រូវធ្វើឡើងពីរជើង គឺជើងទី១ នៅថ្ងៃទី ៧ និងទី ៨ ខែ សីហា និងជើងទី២ នៅថ្ងៃទី ២០ និង ២១ ខែ សីហា ឆ្នាំ ២០១៩។
សម្រាប់លទ្ធផលនៃការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយផ្សេងទៀតមានដូចជា៖
– ក្រសួងការពារជាតិ ប៉ះ ភ្នំពេញក្រោន
– វិសាខា ប៉ះ គិរីវង់
– អង្គរថាយហ្គឺរ ប៉ះ ព្រះខ័នរាជស្វាយរៀង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបើកវគ្គសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់បាល់ទាត់កម្រិត C ( C License ) រយៈពេល ២សប្តាហ៍នៅមជ្ឍមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ដោយក្នុងនោះមានកីឡាករ ០២រូប និង គ្រូបង្វឹក ០១រូប ពីក្លិបបាល់ទាត់បឹងកេត ទៅចូលរួម។
កីឡាករ ០២រូបនោះរួមមាន ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី និងគ្រូបង្វឹក លោក ណាង ប៊ុនណេង របស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៦ឆ្នាំ ។
តាមកាលវិភាគនៃវគ្គសិក្សាគ្រូបង្ហាត់បាល់ទាត់កម្រិត C នេះ សិក្ខាកាមទាំង៣រូប មកពីក្លិបបឹងកេត នឹងចូលរួមជាមួយនឹងសិក្ខាកាមរបស់ក្លិបដទៃ ១៨រូបផ្សេងទៀត សិក្សាពីថ្ងៃទី ២២ ខែកក្កដា រហូតដល់ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៩ ។
ជូនពរដល់កីឡាករ និងគ្រូបង្វឹកទាំង ៣រូបរបស់យើង ទទួលបានជោគជ័យក្នុងវគ្គសិក្សាគ្រូបង្ហាត់បាល់ទាត់នេះ ៕
ក្រោយការត្រឡប់មកចូលរួមជាមួយបឹងកេតវិញ ក្នុងពាក់កណ្តាលរដូវកាល ២០១៩នេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់ឱ្យក្លិបគ្រប់ការប្រកួតក្នុងការបង្ហាញខ្លួនរបស់រូបគេ ទាំងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី១៣ ។
នៅក្នុងប្រកួតដំបូងនៃការបង្ហាញខ្លួនរបស់ វឌ្ឍនាកា គឺ ស៊ុតចូលទីក្រុមបាល់ទាត់ខេត្តសៀមរាប ៣គ្រាប់ ( Hat-trick ) ដែលបឹងកេត ឈ្នះ ៥-០ ក្នុងជើងទី១ ខណៈដែលបន្ទាប់មក រូបគេបន្តរកគ្រាប់បាល់ក្នុងប្រកួតសប្តាហ៍ទី១៤ ទល់នឹងក្លិបភ្នំពេញក្រោន ២គ្រាប់ម្នាក់ឯង ក្នុងជំនួបស្មើគ្នា ៤ ទល់នឹង ៤។
ត្រឡប់មកប្រកួតជើងទី២ ទល់នឹង ខេត្តសៀមរាប ក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់មសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺអតីតកីឡាករស្បែកជើងមាស ២រដូវកាលជាប់គ្នា ( រដូវកាល ២០១៥ និង ២០១៦) រូបនេះ រកបាន ១គ្រាប់បន្ថែមទៀត និងជួយឱ្យបឹងកេត ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ។
នៅក្នុងការប្រកួតលីគ សប្តាហ៍ទី ១៥ និង ១៦ វឌ្ឍនាកា រកបាន ២គ្រាប់បន្ថែមទៀត ដោយក្នុងនោះជួយឱ្យបឹងកេត ឈ្នះ អគ្គិសនីកម្ពុជា ៤-០ និង ស្មើជាមួយអង្គរថាយហ្គឺរ ១-១ កាលពីសប្តាហ៍មុន។
ចំពោះកំណត់ត្រាដ៏ល្អនៃកាត្រឡប់មកវិញ ហើយអាចរកគ្រាប់បាល់គ្រប់ប្រកួតឱ្យបឹងកេត ម្ចាស់អាវលេខ ១១រូបនេះ បានបង្ហាញអារម្មណ៍ថា៖ “ ខ្ញុំរីករាយនឹងរកគ្រាប់បាល់ឱ្យក្រុម ប៉ុន្តែពេលនេះខ្ញុំចង់ឱ្យក្រុមឈ្នះច្រើនជាង ព្រោះបច្ចុប្បន្នយើងកំពុងត្រូវការពិន្ទុជាចាំបាច់បំផុត ” ៕
គ្រូបង្វឹករបស់ក្រុមបាល់ទាត់បឹងកេត លោកគ្រូ ហៅ សុជាតិ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ប្រាប់ក្រុមការងារ boeungketfc.com នាព្រឹកថ្ងៃសុក្រនេះអំពីការត្រៀមខ្លួនប្រកួតសប្តាហ៍ទី១៦ ទល់នឹងក្រុមអង្គរថាយហ្គឺរ នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ ២០១៩ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ។
ហៅ សុជាតិ៖ “ ការប្រកួតជាមួយអង្គរថាយហ្គឺរសប្តាហ៍នេះ គឺពួកយើងកំពុងត្រៀមខ្លួនបានល្អ ហើយយើងសង្ឃឹមច្រើន ដោយសារយើងសង្កេតឃើញថាកីឡាករយើងមានការប្រឹងប្រែងខ្លាំង ម្យ៉ាងទៀត យើងលេងនៅផ្ទះខ្លួនឯង វាអាចជាផលវិជ្ជមានមួយសម្រាប់យើង តែយ៉ាងណាក៏ដោយ យើងមិនមើលស្រាលពួកគេទេ ព្រោះយើងដឹងថា អង្គរថាយហ្គឺរឆ្នាំនេះ មិនមែនអង្គរថាយហ្គឺរពីមុនទេ ព្រោះពួកគេរៀបចំក្រុមបានល្អមែនទែន ” ។
លើសពីនេះទៅទៀត គ្រូបង្វឹកដដែលរូបនេះសង្កត់ធ្ងន់ថា៖ “ ចំពោះរឿងដែលយើងមិនបានរបូតគ្រាប់បាល់ពីរប្រកួតមុនក្នុងទឹកដី យើងមិនអាចរក្សាកំណត់ត្រាបានឬមិនបាននោះទេ តែយើងនឹងព្យាយាមធ្វើវាឱ្យអស់ពីសមត្ថភាព ” ។
សូមរំលឹកថា ជំនួបរវាងបឹងកេត ទល់នឹងអង្គរថាយហ្គឺរ កាលពីជើងទី១ គឺបញ្ចប់ទៅដោយលទ្ធផល ១-១ នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប។
ការប្រកួតថ្ងៃស្អែកនេះ នឹងចាប់ផ្តើមនៅម៉ោង ៣:៣០នាទីរសៀល ដោយផ្សាយផ្ទាល់លើប៉ុស្តិ៍ BTV News ៕
ក្លិបបាល់ទាត់បឹងកេតសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកគាំទ្រឱ្យបានជ្រាបថា ក្រុមយុវជនបឹងកេត ២កំរិតអាយុ និងបាល់ទាត់នារី នឹងចូលរួមប្រកួតក្នុងពានរង្វាន់ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( Football Federation of Cambodia ) នៅក្នុងឆ្នាំ២០១៩នេះ។
ក្នុងនោះក្រុមដែលចូលរួមមានដូចជា យុវជនអាយុក្រោម ១៦ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ ព្រមទាំងបាល់ទាត់នារី ដែលក្លិបកំពុងតែរៀបចំ ហើយនេះគឺជាទិសដៅនៃផែនការដែលក្លិបផងដែរ។
ចំពោះព័ត៌មានលម្អិតជាបន្តបន្ទាប់ទៀត អំពីសមាសភាពកីឡាករ និងកាលវិភាគប្រកួត ក្រុមការងាររបស់គេហទំព័រ boeungketfc.com នឹងជម្រាបជូនដំណឹងតទៀត ៕
គ្រប់គ្នានៅក្លិបបាល់ទាត់បឹងកេត ក៏ដូចជាអ្នកគាំទ្រ សូមសម្តែងនូវការសោកស្តាយជាខ្លាំង និងសូមចូលរួមរំលែកទុក្ខនៃមរណកាលមាតា របស់កីឡាករយុវជនរបស់យើង ឱ ភារុណ ដែលបានទទួលអនិជ្ជកម្ម កាលពីថ្ងៃច័ន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៥និង ២០នាទីល្ងាច នៅក្នុងខេត្តបាត់ដំបង ដោយសារ រោគាពាធ។
ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមប្រកាសជូនដំណឹងដល់បណ្តាញសារព័ត៌មាន អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា និងសាធារណជន ឱ្យបានជ្រាបថា កីឡដ្ឋានរបស់ក្លិបបាល់ទាត់យើង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងប្រើប្រាស់ឈ្មោះផ្លូវការគឺ កីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ដែលជាភាសាអង់គ្លេសថា ” CAMBODIA AIRWAYS STADIUM “ ។
ដូចនេះក្លិបនឹងការប្រើប្រាស់ឈ្មោះនេះ ចាប់ពីពេលប្រកាសដំណឹងនេះតទៅ យោងតាមសេចក្តីថ្លែងការណ៍ដោយអ្នកស្រីប្រធានក្លិប ពុធ ធីតា នៅក្នុងកម្មវិធីប្រកាសទូតសុឆន្ទៈរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ឆ្នាំ ២០១៩ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាញសារព័ត៌មាន អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា និងសាធារណជន មេត្តាប្រើប្រាស់ឈ្មោះ និងផ្សព្វផ្សាយ ឱ្យបានត្រឹមត្រូវ តាមសេចក្តីប្រកាសរបស់ក្លិប ៕
ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបអំពីការចែកផ្លូវគ្នាជាមួយកីឡាករ ០២រូប គឺ ខ្សែការពារ ស្រាំង ទិត្យឈី និងខ្សែប្រយុទ្ធ Carrascosa Munoz Angel ដោយមានការព្រមព្រៀងរវាងភាគីទាំងសងខាង។
គួររំលឹកថា កីឡាករអេស្ប៉ាញ Angel ក្នុងការបង្ហាញខ្លួនពាក់កណ្តាលរដូវកាលជាមួយបឹងកេត រកគ្រាប់បាល់បាន ២គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៣គ្រាប់ គ្រាដែល ទិត្យឈី ទទួលបានឱកាសបង្ហាញខ្លួនក្នុងជំនួបឈ្នះ ខេត្តកំពង់ចាម ៧-០ ។
ក្លិបបាល់ទាត់បឹងកេត សូមអរគុណចំពោះអ្នកទាំងពីរ ក្នុងចូលរួមជាមួយពួកយើងសម្រាប់ពេលវេលាកន្លងមក និងជូនពរឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួននាពេលអនាគត ។
ឆាប់ៗខាងមុខនេះ ពួកយើងនឹងប្រកាសអំពីសមាសភាពកីឡាករចំណូលថ្មី ដើម្បីចូលរួមប្រកួតប្រជែងក្នុងជើងទី២ នៃរដូវកាលនេះ ៕
ការប្រកួតជុំទី១ នៃលីគកំពូលកម្ពុជា រដូវកាល២០១៩ បានបញ្ចប់ត្រឹមសប្តាហ៍ទី១៣ ដោយក្នុងនោះក្រុមបាល់ទាត់បឹងកេត បានស្ថិតនៅលេខរៀងទី៤ ក្នុងតារាងពិន្ទុ ពីការប្រកួត ឈ្នះ ៨ ស្មើ២ និងចាញ់៣ មាន ២៦ពិន្ទុ។
ចំពោះការប្រកួតទាំង ១៣សប្តាហ៍នៃជើងទី១នេះ គ្រូបង្វឹក ហៅ សុជាតិ បានបង្ហាញចំណាប់អារម្មណ៍របស់លោក ប្រាប់ក្រុមការងារ boeungketfc.com ថា៖ « ស្ថិតនៅចំណាត់ថ្នាក់នេះ គឺវាមិនដូចទៅនឹងអ្វីដែលយើងរំពឹងទុក និងធ្លាប់ទទួលបាន ក្នុងរដូវកាលមុនៗទេ ហើយអ្វីដែលអាក្រក់បំផុតសម្រាប់យើងក្នុងជុំទី១នេះ យើងតែងតែរបូតគ្រាប់បាល់ក្នុងការប្រកួតដែលយើងគិតថានឹងទទួលបាន ៣ពិន្ទុ »។
ក្នុងនោះផងដែរ លោកគ្រូ បានមើលឃើញអំពីចំណុចខ្វះខាតនៅតំបន់ប្រយុទ្ធ ដែលបានបញ្ជាក់ថា៖ « ១៣ប្រកួតកន្លងមក កីឡាករប្រយុទ្ធរបស់យើង មិនសូវរកគ្រាប់បាល់បានច្រើននោះទេ ហើយក៏ដូចជាតំបន់ការពារ ដែលយើងត្រូវពង្រឹងឱ្យបានល្អជាងនេះ » ។
គ្រាដែលទីផ្សារដោះដូរកីឡាករកំពុងដំណើរការសម្រាប់ពាក់កណ្តាលរដូវកាលនេះ លោកគ្រូ ហៅ សុជាតិ ក៏បានជម្រាបផងដែរថា នឹងមានការផ្លាស់ប្តូរកីឡាករមួយចំនួន ទាំងបរទេស និងខ្មែរ ពោលគឺតំបន់បម្រើ និងប្រយុទ្ធ ។
គួររំលឹកថា ក្នុងជើងទី២ នៃលីគកំពូលកម្ពុជា បឹងកេត នឹងត្រូវជួបជាមួយ ភ្នំពេញក្រោន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ ៕