កីឡាករយុវជនពីររូបរបស់យើង គឺ សឿត ណាវ៉ា និង លី ម៉ាឯល ត្រូវបានជ្រើសរើសចូលក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រៀមការប្រកួតជម្រុះ AFC U-19 Championship 2020 ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិ។
ដោយធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ឆ្នាំ ទៅប្រកួតនៅវៀតណាម ណាវ៉ា បាននិយាយប្រាប់ក្រុមការងារ boeungketfc.com ថា៖ ” ការលេងនៅវៀតណាម ទល់នឹងម៉ាឡេស៊ី យើងចាញ់ពួកគេ ៣-០ តែលើកនេះ យើងសង្ឃឹមនឹងទទួលបានលទ្ធផលល្អ ព្រោះយើងលេងក្នុងទឹកដីរបស់យើង និងមានអ្នកគាំទ្រពួកយើងជាច្រើនផ្តល់កម្លាំងចិត្ត អញ្ចឹងលទ្ធផលខ្ញុំគិតថានឹងប្រសើរជាងលើកមុន ។ ចំពោះថៃវិញ លើកមុនយើអាចឈ្នះពួកគេ ៤-៣ តែលើកនេះប្រហែលជាពិបាក ព្រោះពួកគេបានផ្លាស់ប្តូរកីឡាករមួយចំនួន និងសូម្បីគ្រូបង្វឹក តែយ៉ាងណាមិញ យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព” ។
ជាមួយគ្នានោះផងដែរ ខ្សែប្រយុទ្ធវ័យក្មេងរបស់យើង លី ម៉ាឯល ដែលទើបជាប់លើកដំបូងក្នុងព្រឹត្តិការណ៍ជម្រុះ AFC U-19 Championship ឆ្នាំនេះ ដោយរូបគេបង្ហាញអារម្មណ៍ថា៖ ” មិនមានអ្វីក្រៅពីពាក្យថាសប្បាយចិត្ត ដែលបានចូលរួមក្រុមជម្រើសជាតិ U-19 ហើយត្រូវប្រកួតក្នុងទឹកដីរបស់យើងទៀត ការលេងតំណាងឱ្យជាតិគឺជាអ្វីដែលខ្ញុំចង់ធ្វើខ្លាំងបំផុត។ ខ្ញុំមានមោទនភាពខ្លាំងបំផុត ពីព្រោះកីឡាករទាំងអស់ដែលបានមកធ្វើតេស្តជាមួយគ្នា គេធ្លាក់ ខ្ញុំជាប់ ហើយខ្ញុំប្តេជ្ញានឹងដណ្តើមកៅអី ១១នាក់ដំបូងឱ្យបានដើម្បីបញ្ចេញសមត្ថភាពរបស់ខ្ញុំឱ្យអស់ ” ។
គួរឱ្យដឹងថា កម្ពុជា ត្រូវជួប ម៉ាឡេស៊ី នៅថ្ងៃទី ២ ខែ វិច្ឆិកា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០នាទីល្ងាច ក្រោយមកជួប កោះម៉ារៀខាងជើង នៅថ្ងៃទី ៤ ខែ វិច្ឆិកា ជួប ថៃ នៅថ្ងៃទី ៨ ខែ វិច្ឆិកា និង ជួប ព្រុយណេ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ។
សូមជូនពរដល់យុវជនទាំងពីររូបរបស់យើង សឿត ណាវ៉ា និង លី ម៉ាឯល ទទួលបានជោគជ័យក្នុងបេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ៕
នៅថ្ងៃសុក្រ ទី១ ខែ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ក្រុមហ៊ុនអាកាសចរ ខេមបូឌា អ៊ែរវ៉េ ( Cambodia Airways ) ដែលជាដៃគូឧបត្ថម្ភរបស់ក្លិបបាល់ទាត់បឹងកេត នឹងរៀបចំកម្មវិធីមនុស្សធម៌មួយ ដែលមានឈ្មោះថា ” តន្រ្តីសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារ “ ។
ខាងក្រោមនេះគឺជាកម្មវិធីពិស្តារនៃកម្មវិធីមនុស្សធម៌របស់ក្រុមហ៊ុនអាកាសចរ ខេមបូឌាអ៊ែរវ៉េ៖
រួមគ្នាដើម្បីសង្គម និងចែករំលែកក្តីស្រលាញ់ទាំងអស់គ្នា!
ក្នុងនាមជាផ្នែកមួយក្នុងការជួយសង្គមជាតិ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ខ្នាតតូចមួយ ដើម្បីជួយដល់ ទារកពិការ នៅបុរីទារក និងកុមារជាតិ (NBIC) ដែលជាកន្លែងសម្រាប់ថែរក្សារកុមារកំព្រា ពិការ និងកុមារដែលមានផ្ទុកមេរោគអេដស៍។ ថវិកាបានពីការលក់សំបុត្រទាំងស្រុង នឹងបរិចាកទៅកាន់ NBIC ១០០% ។
សូមផ្លាស់ប្តូរពិភពលោកជាមួយគ្នាដោយនាំមកនូវក្តីសង្ឃឹមនិងការគាំទ្រដល់ទារកនិងកុមារចំនួន ១៤៣ នាក់ លើសពីនេះទៅទៀតយើងនិងមានការចូលរួមប្រគុំតន្ត្រីពីសំណាក់តារាចំរៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា រួមជាមួយការចែករំលែកបទពិសោធន៍ពី (Cabin Crew) និង បុគ្គលិកប្រតិបត្តិការហោះហើរ (Dispatcher) របស់ខេមបូឌាអ៊ែរវ៉េ។ សូមអញ្ជើញមកចូលរួមជាមួយយើងដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង !
កាលបរិច្ឆេទ៖ ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០១៩
ចាប់ផ្តើមនៅម៉ោង ១:៣០ រសៀល
បញ្ចប់នៅម៉ោង ៥:៣០ ល្ងាច
ទីតាំង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា – កូរ៉េ (CKCC)
សំបុត្រ៖ VIP ១០ ដុល្លារ & ធម្មតា ៥ ដុល្លារ
លក់សំបុត្រចាប់ពីថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០១៩
សូមទំនាក់ទំនង៖ ០១៦ ៦៧៨ ០៣៦ (Cambodia Airways ticketing office at Phnom Penh Tower)
– ០៨៧ ៦៤៤ ៩៧៩ (Cambodia Airways headquarter)
– ០៧០ ៩៥២ ៨៩២ (SETIC)
– ០៨៥ ៥២៥ ០៣៦
– ០៩៦ ៩៦៥ ៦១៤០
ជួបគ្នា នៅ ទីនោះ!!!
-English text below-
—————
Care our community,share our love!
Being a member of the Cambodian Community,Cambodia Airways will organize a mini charity concert to support Cambodia’s National Borey for Infants and Children(NBIC), that is home to abandoned or orphaned HIV/AIDS-positive and special-needs children and young adults.
Caring is sharing!!!100% from selling the tickets will go to the NBIC.
Let’s change the world together by bringing hope and support to 143 babies and kids!moreover,we will invite Cambodian famous signers,performers and Cambodia Airways’ Cabin Crews and dispatcher will join and share their experience at our event.
Come and join us to make the world better!
Date:1st Nov 2019
Start at:1:30 PM
End at:5:30 PM
Venue:Cambodia-Korea Cooperation Center(CKCC)
Ticket: VIP 10$, Normal 5$
Ticket sell from 18th October 2019
Please contact:
– 016 678 036 (Cambodia Airways ticketing office at Phnom Penh Tower)
– 087 644 979 (Cambodia Airways headquarter)
– 070 952 892 (SETIC)
– 085 525 036
– 096 965 6140
See you there!!!
CAMBODIA AIRWAYS
THE WINGS OF CAMBODIA
ពួកយើងអាចបញ្ជាក់បានថា បញ្ហារបួសយារសសៃរជង្គង់ខាងក្នុង ( MCL Injury Ligament ) របស់កីឡាករជប៉ុន Mizuno Hikaru នឹងត្រូវចំណាយរយៈពេល ០២ខែ ដើម្បីព្យាបាលឱ្យបានជាសះស្បើយឡើងវិញ។ នេះបើតាមការផ្តល់ព័ត៌មានពីគ្រូពេទ្យប្រចាំក្លិប។
Mizuno បានជួបបញ្ហារបួស អំឡុងការប្រកួតសប្តាហ៍ទី ២៣ កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយប៉ះទង្គិចជាមួយនឹងកីឡាករក្លិបណាហ្គាវើល ។
ឆ្លើយឆ្លងជាមួយនឹងក្រុមភ្នាក់ងារព័ត៌មានរបស់ក្លិប Mizuno បាននិយាយថា៖ ” ដំបូងពេលដែលខ្ញុំទទួលរបួសនេះ ខ្ញុំភ័យណាស់ ព្រោះខ្ញុំបានលឺសម្លេងអ្វីម្យ៉ាងចេញពីជើងរបស់ខ្ញុំ ខ្ញុំពិតជាបារម្មណ៍ពីជើងរបស់ខ្ញុំ តែឥលូវនេះ ខ្ញុំគិតថាវាប្រសើរឡើងហើយ ” ។
តើវេជ្ជបណ្ឌិតនិយាយអ្វីខ្លះ?
Mizuno៖ គាត់ឱ្យខ្ញុំសំរាក ២ខែ តែគិតមកដល់ឥលូវនេះវាបាន ២សប្តាហ៍ហើយ ខ្ញុំអាចរត់តិចៗបាន ៣០% ខ្ញុំអាចដើរបានដោយមិនឈឺចាប់ អញ្ចឹងខ្ញុំគិតថាវាកាន់តែល្អហើយ ។
តើគិតត្រឹមពេលនេះ បានប៉ុន្មានភាគរយហើយ ?
Mizuno៖ ខ្ញុំគិតថាប្រហែលចន្លោះ ៣០ ទៅ ៤០ភាគរយ ព្រោះខ្ញុំមិនដែលទាត់បាល់ និងមិនទាន់អាចផ្លាស់ប្តូរទិសដៅរត់បាន បានត្រឹមតែទៅមុខត្រង់ ។
ទម្រាំជាសះស្បើយ ការប្រកួតក្នុងលីគដូចជាចប់ហើយ តើអារម្មណ៍យ៉ាងណាដែរ?
Mizuno៖ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ក៏ព្រោះតែខ្ញុំចង់លេង ៕
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានឱ្យដឹងនាសៀលថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០១៩នេះថា វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១៣ រវាងបឹងកេត ទល់នឹង ព្រះខ័នរាជស្វាយរៀង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែ វិច្ឆិកា ខាងមុខនេះ។
លើសពីនោះទៀត ការប្រកួតនឹងត្រូវផ្លាស់ប្តូរពីពហុកីឡដ្ឋានជាតិ ទៅធ្វើនៅកីឡដ្ឋាន ស្មាត អ អេស អ៊ិន វិញ ដោយសារតែ ពហុកីឡដ្ឋានជាតិ ត្រូវរៀបចំការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជន អាស៊ីក្រោមអាយុ ១៩ឆ្នាំ រដូវកាល ២០២០ ( AFC U-19 Championship 2020 Qualifiers ) ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៩ ។
ក្រៅពីនោះផងដែរ ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ រវាងក្លិប វិសាខា ជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងមិនធ្វើការប្រកួតទេ ៕
គ្រាដែលកាលវិភាគប្រកួតផ្លូវការមិនមានក្នុងសប្តាហ៍នេះ ក្នុងឱកាសក្រុមជម្រើសជាតិកម្ពុជា បំពេញបេសកកម្មនៅវគ្គជម្រុះ FIFA World Cup 2022 ក្លិបបាល់ទាត់បឹងកេត នឹងមានកម្មវិធីប្រកួតមិត្តភាពកម្តៅសាច់ដុំ សម្រាប់ប្រភេទក្រុមទាំង ៣កំរិត គឺក្រុមធំ យុវជនអាយុក្រោម១៨ឆ្នាំ និងនារីអាយុក្រោម ១៨ឆ្នាំ ក្នុងសប្តាហ៍នេះ។
ក្រុមធំរបស់យើង នឹងត្រូវប្រកួតមិត្តភាព ជាមួយក្រុមបាល់ទាត់វិសាខា នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានវិសាខា ខណៈដែលលោកគ្រូបង្គោល ហៅ សុជាតិ បញ្ជាក់ថា នឹងមានការប្រកួតសមជើង ១ប្រកួតទៀត មុនលីគកំពូលត្រឡប់មកវិញ គឺជាមួយ ណាហ្គាវើល នៅថ្ងៃទី ១២ ខែ តុលា វេលាម៉ោង ៣:៣០នាទីរសៀល នៅទីលានអង្គការផ្កាយសមុទ្រ ។
ក្រៅពីនោះផងដែរ ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ របស់យើង ក៏នឹងមានការប្រកួតមិត្តភាពជាមួយនឹងក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ក្រសួងការពារជាតិ វេលាម៉ោង ៤រសៀល ថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ នេះគឺជាការត្រៀមខ្លួនរបស់ក្រុមយុវជនយើង ត្រៀមចូលរួមការប្រកួតពានរង្វាន់ KMH CUP ដែលកាលពីឆ្នាំមុន យើងទទួលបានចំណាត់ថ្នាក់លេខ ២ គឺជើងឯករង ។
សម្រាប់ក្រុមបាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ វិញ នឹងធ្វើការប្រកួតមិត្តភាពលើកទី៣ ទល់នឹងក្រុមបាល់ទាត់នារីភ្នំពេញក្រោន (ក្រុមធំ) នៅកីឡដ្ឋាន ស្មាត អ អេស អ៊ិន វេលាម៉ោង ៩ព្រឹក ថ្ងៃសៅរ៍ ទី៥ ខែ តុលា ។ លទ្ធផលនៃការប្រកួតកន្លងមករបស់ក្រុមនារីបឹងកេត គឺ ទទួលបានលទ្ធផលដូចខាងក្រោម៖
– ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ១០-០ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមបាល់ទាត់នារី PSE ៤-៣ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមយុវជន KMH ក្រោមអាយុ១៦ឆ្នាំ ១៣-១ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ៥-០ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
ក្រោយពីបានចូលរួមក្នុងយុទ្ធនាការប្រមូលផ្តុំហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា ក្នុងបញ្ជីឈ្មោះបឋមកីឡាករ ២៦រូប អ្នកចាំទីរបស់ក្លិបបាល់ទាត់បឹងកេត ហ៊ុល គឹមហ៊ុយ បានបង្ហាញពីចំណុចវិជ្ជមានរបស់ខ្លួននៅក្នុងក្រុម ដែលកំពុងត្រៀមលក្ខណៈប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នោថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៩ខាងមុខនេះ។
គឹមហ៊ុយ បានប្រាប់មកភ្នាក់ងារព័ត៌មានរបស់គេហទំព័រ boeungketfc.com ថា៖ ” មកទល់ពេលនេះ ខ្ញុំយល់ឃើញថាការហាត់មានចំណុចល្អច្រើន ដោយបានហាត់ជាមួយនឹងរៀមច្បង ក៏ដូចជាកីឡាករខ្មែរដែលមានគុណភាពល្អៗ ហើយក្នុងនោះក៏មានការប្រកួតប្រជែងគ្នាខ្ពស់ផងដែរ ដើម្បីដណ្តើមកៅអី១១នាក់ “ ។
គឹមហ៊ុយក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ កាលពីដើមឆ្នាំ២០១៩
អ្នកចាំទីវ័យក្មេងរូបនេះ ក៏បានប្រាប់អំពីជំនឿចិត្តដើម្បីប្រជែងការពាក់ស្រោមដៃក្នុងការប្រកួតទល់នឹងអ៊ីរ៉ង់ នៅថ្ងៃទី១០ ខាងមុខផងដែរថា៖ ” ប្រសិនខ្ញុំបានលេង គឺខ្ញុំនឹងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្ញុំមាន ហើយខ្ញុំនឹងមិនខ្លាចគូប្រកួតនោះទេ ថ្វីត្បិតតែពួកគេគឺមានកំរិតខ្ពស់ជាងយើងក៏ដោយ តែយើងនឹងលេងតាមអ្វីដែលគ្រូបានរៀបចំ “ ។
គឹមហ៊ុយក្នុងសកម្មភាពហ្វឹកហាត់ថ្ងៃទីមួយ ជាមួយក្រុមជម្រើសជាតិ ( រូបភាព៖ FFC )
ក្រៅពីនោះផងដែរ គឹម ហ៊ុយ ក៏បានបង្ហាញទស្សនៈផ្ទាល់ខ្លួនជុំវិញស្ថានភាពក្រុមទាំងអស់ក្នុងពូល C ថា៖ ” ក្រុមទាំងអស់គឺសុទ្ធតែខ្លាំង ហើយវានឹងក្លាយជារឿងល្អសម្រាប់យើង ព្រោះការលេងជាមួយក្រុមខ្លាំងៗ ទើបអាចវាស់ស្ទង់អំពីកំរិតរបស់យើង “ ។
ស្ថិតក្នុងវ័យ ១៩ឆ្នាំ អ្នកចាំទីមកពីខេត្តតាកែវរូបនេះ បានសង្កត់ធ្ងន់ថា៖ ” យើងប៉ះក្រុមខ្លាំងនៅតំបន់អាស៊ីនេះ គឺជាឱកាសល្អដើម្បីបង្ហាញសមត្ថភាពទៅដល់ប្រទេសក្រៅថា យើងមានកីឡាករល្អៗដែរ ហើយពេលនោះកីឡាករយើងនឹងឆាប់បានលេងក្រៅស្រុក “ ។
សូមបញ្ជាក់ថា កម្ពុជានឹងត្រូវប្រកួតលើកទី៣ ក្នុងវគ្គជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023 ដំណាក់កាលទី២ តំបន់អាស៊ី ជាមួយអ៊ីរ៉ង់ នៅថ្ងៃទី ១០ ខែ តុលា នៅក្រៅដី មុនត្រឡប់មកធ្វើម្ចាស់ផ្ទះស្វាគមន៍ អ៊ីរ៉ង់ នៅថ្ងៃទី ១៥ ។
កីឡាករ ៣រូបរបស់បឹងកេត ត្រូវបានកោះហៅឱ្យចូលរួមក្នុងយុទ្ធនាការនេះ ដោយរួមមាន អ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ សេត រ៉ស៊ីប និង ទេស សម្បត្តិ ៕