ក្នុងការប្រកួតទីពីរនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games 2019 នៅប្រទេសហ្វីលីពីន វិញ្ញសាបាល់ទាត់ កម្ពុជា បានយកឈ្នះលើ ទីម័រខាងកើត ដោយលទ្ធផល ៥ ទល់នឹង ០ ទទួលបាន ៣ពិន្ទុបន្ថែម ឈរកំពូលតារាងពូល A ដោយមានពិន្ទុស្មើជាមួយមីយ៉ាន់ម៉ា ។
អំពីការប្រកួតនេះវិញ កីឡាកររបស់បឹងកេត ២រូបទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ ទេស សម្បត្តិ ។ អ្នកទាំងពីរមានឱកាសលេងពេញការប្រកួតតែម្តង ខណៈដែល ខ្សែប្រយុទ្ធ ជា វេសលី ត្រូវបានប្តូរចូលក្នុងវគ្គទីពីរនៃការប្រកួតនៅនាទី ៨៦ ។ រីឯកីឡាករ សេត រ៉ស៊ីប អង្គុយនៅកៅអីបំរុង ក្រោយបង្ហាញខ្លួនកាលពីប្រកួតទីមួយ ទល់នឹងហ្វីលីពីន។
ដូចនេះក្រុមជម្រើសជាតិកម្ពុជា U-22 ស្ថិតនៅលេខរៀងទី ១ មាន ៤ពិន្ទុ លេខ២ មីយ៉ាន់ម៉ា មាន ៤ពិន្ទុ លេខ ៣ ម៉ាឡេស៊ី មាន ១ពិន្ទុ លេខ ៤ ហ្វីលីពីន មាន១ពិន្ទុ និងលេខ៥ ទីម័រខាងកើត មាន០ពិន្ទុ ។ ប្រកួតបន្ទាប់របស់កម្ពុជា នឹងត្រូវជួប មីយ៉ាន់ម៉ា នៅថ្ងៃទី ២ ខែ ធ្នូ និងជួប ម៉ាឡេស៊ី នៅថ្ងៃទី ៤ ខែ ធ្នូ ៕
កីឡាករ ៣រូបរបស់ក្រុមបាល់ទាត់បឹងកេត យុវជនអាយុក្រោម ១៨ឆ្នាំ ត្រូវបានបញ្ចូលទៅកាន់ក្រុមធំ ដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មី ឆ្នាំ២០២០ខាងមុខ ដោយក្នុងនោះមានដូចជា ស្រ៊ី ពិសិដ្ឋ, ហ៊ត ឈិនជិន និង ជឿន ពិសាខបូរមី។
អ្នកទាំងបីកាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ បានចូលរួមការហ្វឹកហាត់លើកដំបូងជាមួយក្រុមធំ ដែលវិលត្រឡប់មកចាប់ផ្តើមការហ្វឹកហាត់ត្រៀមសម្រាប់ Pre-Season 2020 ។
តាមការឱ្យដឹងអំពីនាយកបច្ចេកទេសរបស់ក្លិប លោក គីម ភក្តី បានមានប្រសាសន៍ថា៖ ” ពួកយើងមានគោលដៅពីរក្នុងការបញ្ចូលយុវជនថ្នាលទៅកាន់ក្រុមធំ ទីមួយគឺ អន្តរកាលនៃការហ្វឹកហាត់យុវជនមានន័យថាគាំទ្រដល់ក្រុមធំរាល់កីឡាករយុវជន ដែលយើងមើលថាគាត់អាចមានឱកាសចូលក្រុមធំបាន ទោះក្នុងកៅអីបំរុង ក៏ជាជំហ៊ាននៃការអភិវឌ្ឍន៍ និងការលើកទឹកចិត្តដល់ពួកគាត់។ ទីពីរគឺ ជាគំរូដល់កីឡាករទាំងអស់ឱ្យខិតខំអភិវឌ្ឍន៍ខ្លួន ដើម្បីទទួលបានឱកាសដូចនេះដែរ ហើយក៏ស្របតាមទិសដៅរបស់ក្លិប ដែលត្រូវការកីឡាករចាប់ពីអាយុ ១៦ឆ្នាំឡើង ចាប់ពីឆ្នាំក្រោយទៅ ” ។
គួររំលឹកថា កីឡាករទាំងបីរូបខាងលើ គឺជាកីឡាកររបស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ដែលបានបញ្ចប់បេសកកម្មប្រកួតក្នុងពានរង្វាន់ KMH Cup 2018 ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងឆ្នាំដំបូងបន្ទាប់ពីក្រុមយុវជនបឹងកេតបានចាប់ផ្តើមឡើង ៕
នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនូវបញ្ជីឈ្មោះកីឡាករចុងក្រោយ សរុប ២០រូប របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ SEA Games លើកទី ៣០ នៅប្រទេសហ្វីលីពីន។
ក្នុងបញ្ជីឈ្មោះកីឡាករផ្លូវការទាំង ២០រូបនោះ មានកីឡាកររបស់ក្លិបបឹងកេតចំនួន ៤រូប រួមមាន៖ អ្នកចាំទី ហ៊ុល គឹមហ៊ុយ, ខ្សែការពារ ទេស សម្បត្តិ, សេត រ៉ស៊ីប និង ខ្សែប្រយុទ្ធ ជា វេសលី។
តាមកាលវិភាគ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះ ហ្វីលីពីន នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ខាងមុខ បន្ទាប់មកជួប ទីម័រខាងកើត, មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី រហូតដល់ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ ។
សូមជូនពរដល់យុវជនទាំងពីររូបរបស់យើង សឿត ណាវ៉ា និង លី ម៉ាឯល ទទួលបានជោគជ័យក្នុងបេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ៕
ថ្ងៃនេះក្លិបបាល់ទាត់បឹងកេត មានកិត្តិយសក្នុងការប្រកាសដំណឹងដល់សាធារណជន និងអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា លោកគ្រូ ហៅ សុជាតិ ដែលជាគ្រូបង្គោលរបស់យើងនឹងត្រូវតំឡើងទៅជានាយកបច្ចេកទេសគ្រប់គ្រងនិងអភិវឌ្ឍន៍យុវជនរបស់ក្លិប ចាប់ពីរដូវកាលក្រោយតទៅ។
ដើម្បីស្របទៅតាមទិសដៅក្នុងការអភិវឌ្ឍន៍របស់ក្លិបក្នុងការបោះជំហ៊ានទៅរកភាពអាជីពពិតប្រាកដ ការអភិវឌ្ឍន៍យុវជន គឺជាទិសដៅអទិភាពមួយក្នុងចំណោមផែនការអភិវឌ្ឍន៍ធំៗមួយចំនួនទៀត ដូច្នេះតាមរយៈសមិទ្ធផលរបស់លោកគ្រូ ហៅ សុជាតិ កន្លងមក ក្លិបប្រាកដណាស់លោកនិងសម្រេចបានលទ្ធផលល្អក្នុងការបង្កើតធនធានកីឡាករល្អៗជាច្រើនមកកាន់ឈុតធំក្នុងឆ្នាំជាបន្ដបន្ទាប់។ ហើយនេះក៏ជាពេលវេលាដ៏សមរម្យមួយសម្រាប់លោកគ្រូហៅ សុជាតិ ដែលអនុញ្ញាតិឲ្យលោកមានពេលវេលាគ្រប់គ្រាន់ក្នុងការបន្ដការសិក្សាផ្នែកគ្រូបង្វឹកកម្រិតខ្ពស់ដែលលោកខកខានកាលពីឆ្នាំមុនអំឡុងពេលដែលមមាញឹកក្នុងការដឹកនាំក្រុមឈុតធំរបស់យើងឲ្យទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
យ៉ាងណាក៏ដោយ ក្លិបសូមថ្លែងអំណរគុណក្រៃលែងចំពោះសមិទ្ធផលដ៏អស្ចារ្យដែលលោក ហៅ សុជាតិ បានសាងជូនក្លិប ក្នុងពេលដឹកនាំក្រុមធំកន្លងមក ដោយជួយឱ្យពួកយើងគ្រងជើងឯកលីគ រដូវកាល ២០១៧ ក៏ដូចជាជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩ ថ្មីៗនេះថែមទៀតផង ៕
ក្លិបបាល់ទាត់បឹងកេត មានក្តីសោមន្សរីករាយខ្លាំងក្រៃលែង ក្នុងការប្រកាសជូនដំណឹងដល់អ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា ក្លិបបានទទួលអាជ្ញាបណ្ណក្លិប ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) ជាផ្លូវការហើយ ដែលសមិទ្ធផលនេះ សុទ្ធសឹងកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់កន្លងមក។
ក្លិបបាល់ទាត់បឹងកេត បានចាប់ផ្តើមរៀបចំបំពេញលក្ខន្តិកនានាដើម្បី ស្នើរសុំអាជ្ញាបណ្ឌក្លិបរបស់ AFC ចាប់តាំងពីឆ្នាំ ២០១៧មកម្ល៉េះ ពោលគឺជាឆ្នាំដែល AFC បានតម្រូវឱ្យក្លិបនៅកម្ពុជាត្រូវបំពេញការស្នើរសុំអាជ្ញាបណ្ឌក្លិប ដោយក្នុងនោះ នៅឆ្នាំ ២០១៨ ក្លិបបឹងកេត បានបំពេញគ្រប់លក្ខខ័ណ្ឌតំរូវរបស់ AFC ហើយនៅឆ្នាំ២០១៩នេះក្ល្ិបទទួលបាន អាជ្ញាបណ្ណ ជាផ្លូវការពី AFC តែម្ដង។
ការទទួលបានអាជ្ញាបណ្ណក្លិបនៅពេលនេះគឺជាសមិទ្ធផលដ៏ធំមួយនៅក្នុងផែនការនៃការអភិវឌ្ឍក្លិប ដើម្បីឲ្យមានលក្ខណៈកាន់តែអាជីព។
គួរឱ្យដឹងផងដែរថា អាជ្ញាបណ្ណក្លិប (AFC Club Licensing) គឺជាលក្ខណៈវិនិច្ឆ័យដែលសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី(AFC) តម្រូវឲ្យក្លិបអាជីពទាំងអស់បំពេញដើម្បីមានសិទ្ធក្នុងការចូលរួមប្រកួតក្នុងពានរង្វាន់ធំៗដូចជា AFC CUP និង AFC CHAMPIONS LEAGUE ហើយចំពោះ លក្ខន្តិក នៃការបំពេញស្នើសុំអាជ្ញាបណ្ណគឺផ្ដោតលើលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា លក្ខណៈវិនិច្ឆ័យផ្នែកកីឡា(Sporting Criteria) លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ(Infrastructure Criteria) លក្ខណៈវិនិច្ឆ័យរដ្ឋបាលនិងបុគ្គលិក(Personnel and Administrative Criteria) លក្ខណៈវិនិច្ឆ័យផ្នែកច្បាប់(Legal Criteria) និង លក្ខណៈវិនិច្ឆ័យផ្នែកហិរញ្ញវត្ថុ(Financial Criteria) ដែលក្នុងលក្ខណៈវិនិច្ឆ័យនីមួយៗមានចំនុចតូចៗជាច្រើនផ្សេងៗទៀត។