ក្រោយពីការចូលរួមជាមួយក្លិប និងកសាងកេរ្តិ៍ឈ្មោះជាច្រើនឱ្យក្លិបបាល់ទាត់បឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី បានប្រកាសព្យួរស្បែកជើងរបស់ខ្លួន ក្នុងវ័យ ៣១ឆ្នាំ ពោលគឺក្រោយពីប្រឡូកក្នុងអាជីពបាល់ទាត់មួយនេះ អស់រយៈពេល ១២ឆ្នាំ ( ២០០៧ ដល់ ២០១៩) ។
ការសម្រេចចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅក្លិបបាល់ទាត់បឹងកេត កីឡាករដែលមានស្រុកកំណើតមកពីខេត្តកំពង់ចាមរូបនេះ ក៏បានវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹករបស់សាលាបាល់ទាត់បឹងកេត ។ ក្រៅពីនោះផងដែរ ម្ចាស់ឯកសណ្ឋានលេខ ៩ រូបនេះ ក៏ជាជំនួយការក្រុមបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថែមទៀតផង ។
ខាងក្រោមគឺជាស្នាដៃដែលកីឡាករ ឃួន ឡាបូរ៉ាវី បានកសាងឱ្យ ទាំងនៅក្លិប និងផ្ទាល់ខ្លួន ព្រមទាំងក្នុងក្រុមជម្រើសជាតិដែលមានដូចខាងក្រោម៖
ចាប់ផ្តើមអាជីពនៅឆ្នាំ ២០០៧ បូរ៉ាវី ចូលរួមជាមួយក្លិបព្រះខ័នរាជ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ ដោយក្នុងនោះជួយក្លិបឱ្យឈ្នះពានសម្តេចហ៊ុន សែន ( Hun Sen Cup ) ២លើក នៅឆ្នាំ ២០១១ និង ២០១២ និងឈ្នះពានរង្វាន់មិត្តភាពនៅប្រទេសចិន Mekong River Cup ។ ផ្លាស់មកចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត នៅឆ្នាំ ២០១៤ កីឡាករជំនាញជើងឆ្វេងរូបនេះ ជួយក្លិបរបស់ខេត្តកំណើតខ្លួន ឈ្នះពានលីគ២លើក គឺ ២០១៦ និង ២០១៧ ព្រមទាំង ឈ្នះពានរង្វាន់សម្តេចហ៊ុន សែន កាលពីពេលថ្មីៗនេះ ( ឆ្នាំ ២០១៩ ) ថែមទៀតផង។ សម្រាប់អន្តរជាតិវិញ ឃួន ឡាបូរ៉ាវី ជួយឱ្យបឹងកេត ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Club Championship កាលពីឆ្នាំ ២០១៥ ផងដែរ។
ចំពោះការចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាវិញ ឃួន ឡាបូរ៉ាវី ទទួលបានការបង្ហាញខ្លួនចាប់តាំងពីឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៨ ចំនួនសរុប ៥៦ប្រកួត និងរកគ្រាប់បាល់បានសរុប ១៤គ្រាប់ ដោយក្នុងនោះជួយកម្ពុជា ឱ្យឈ្នះ ពានរង្វាន់ BIDC Cup កាលពីឆ្នាំ ២០០៩ ។
ជាមួយនឹងការសម្រេចចិត្តចូលនិវត្តន៍នេះ បូរ៉ាវីបាននិយាយថា៖ “ ខ្ញុំចង់ផ្តល់ឱកាសឱ្យកីឡាករក្មេងៗជំនាន់ក្រោយគាត់មានឱកាសបង្ហាញខ្លួនច្រើន និងចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំទៅដល់ពួកគាត់ ” ។
“ ខ្ញុំក៏ចង់អរគុណដល់មិត្តរួមក្រុមទាំងអស់ ថ្នាក់ដឹកនាំ និងមនុស្សគ្រប់គ្នាដែលខ្ញុំធ្លាប់ធ្វើការជាមួយ ក៏ដូចជាអ្នកគាំទ្រដែលតែងតែគាំទ្រខ្ញុំ និងផ្តល់កម្លាំងចិត្តឱ្យខ្ញុំទទួលបានរហូតដល់ពេលនេះ ” ឃួន ឡាបូរ៉ាវី៕
ក្លិបបាល់ទាត់បឹងកេត នឹងចូលរួមប្រកួតក្នុងពានរង្វាន់មិត្តភាពអន្តរជាតិមួយ តាមការអញ្ជើញពីក្លិបបាល់ទាត់ PSMS Medan នៃលីគលំដាប់ទីពីររបស់ប្រទេសឥណ្ឌូនេស៊ី ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៦ ខែមករា ដល់ទី ១៨ ខែ មករា ឆ្នាំ ២០២០ ដែលមានឈ្មោះថា EDY RAHMAYADI CUP 2020 ។
ក្លិបដែលត្រូវចូលរួមមានដូចជា៖ PSMS Medan (ម្ចាស់ផ្ទះ), បឹងកេត (កម្ពុជា), Felda United (ម៉ាឡេស៊ី) និង Penang FA ( ម៉ាឡេស៊ី )។
តាមលិខិតអញ្ជើញដែលក្លិបទទួលបាន ការប្រកួតនឹងចាប់ផ្តើមពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយយើងនឹងត្រូវជួបក្លិប Penang FA របស់ម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ៤និង៣០នាទីរសៀល នៅទីលាន Teladan ក្នុងរដ្ឋធានី Medan ។
តាមលក្ខន្តិកៈនៃកម្មវិធីប្រកួត ក្រុមចាញ់ នឹងត្រូវជួបគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ រីឯក្រុមឈ្នះ នឹងត្រូវជួបគ្នាដណ្តើមពានរង្វាន់ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ។
ចំពោះការចូលរួមពានរង្វាន់មិត្តភាពមួយនេះ លោក បែ មករា ជាអគ្គលេខាធិការរបស់ក្លិបបានមានប្រសាសន៍ថា៖ ” ការទៅប្រកួតនៅឥណ្ឌូនេស៊ីនេះ នឹងផ្តល់ផលវិជ្ជមានដល់ការត្រៀមខ្លួនរបស់ក្លិបយើង មុនរដូវកាលថ្មីមកដល់ទាំងពានរង្វាន់លីគ និងពានរង្វាន់សម្តេច ហ៊ុន សែន ។ ម្យ៉ាងវិញទៀត ក៏ជាការប្តូរបរិយាកាសមួយសម្រាប់កីឡាកររបស់យើង ក្នុងការសាកល្បងសមត្ថភាពជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិ “ ៕
ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រ និងសាធារណជនឱ្យបានជ្រាបថា ពួកយើងមានកិត្តិយសក្នងការបង្ហាញកីឡាករថ្មីសម្រាប់រដូវកាល២០២០នេះ គឺកីឡាករ Anderson Zogbe ។
Anderson មានសញ្ជាតិ កូឌីវ័រ ( Ivory Coast ) បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅសាលាបាល់ទាត់ JMG Academy ( ២០០២-២០០៦ ) JMG FC ( ២០០៦-២០០៨ ) ។ នៅឆ្នាំ ២០១៣ ខ្សែការពាររូបនេះ បានចូលរួមជាមួយក្លិប Bec Tero- Sasana របស់ថៃ ( ២០១៣-២០១៥ ) មុនមកចូលរួមក្នុងលីគបាល់ទាត់កម្ពុជា នៅឆ្នាំ ២០១៥ ជាមួយក្លិបណាហ្គាវើល ។ នៅដើមឆ្នាំ២០១៦ រូបគេបានផ្លាស់ទៅក្លិបក្រសួងការពារជាតិ តែបានតែប៉ុន្មានប្រកួតប៉ុណ្ណោះ ក៏ផ្លាស់មកណាហ្គាវើលវិញ និងបន្តរហូតដល់ដំណាច់រដូវកាល២០១៩កន្លងទៅនេះ។
Anderson ធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា ១លើក នៅឆ្នាំ ២០១៨កន្លងទៅ ។
ចំពោះការមកចូលរួមជាមួយបឹងកេតក្នុងរដូវកាល២០២០នេះ Anderson បាននិយាយថា៖ ” ខ្ញុំខកខានមកកាន់ទីនេះម្ដងហើយ តែពេលនេះខ្ញុំបានសម្រេចក្ដីសុបិនរបស់ខ្ញុំ ខ្ញុំមកទីនេះដើម្បីឈ្នះពានជាមួយបឹងកេត ” ៕
ក្រុមយុវជនក្លិបបាល់ទាត់បឹងកេត អាយុក្រោម១៨ឆ្នាំ បានចូលរួមក្នុងការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំឆ្នាំ២០១៩ ដោយថ្មីៗនេះបានប្រកួតក្នុងពូល B ដោយយកឈ្នះលើយុវជនដង្កោសែនជ័យ ៣ ទល់នឹង ២ កាលពីថ្ងៃទី ២២ ខែ ធ្នូ និងឈ្នះយុវជនសាលាតំរង់ទិសរាជធានីភ្នំពេញ ៦ ទល់នឹង ១ ។
ឆ្លងកាត់ការប្រកួតទាំងពីរនេះ យុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ឈរកំពូលតារាង លេខរៀងទីមួយ ដោយមាន ៦ពិន្ទុ។ សម្រាប់ប្រកួតបន្ទាប់ទៀត គឺនឹងត្រូវជួបជាមួយ យុវជននគរបាលជាតិ នៅថ្ងៃទី ១៩ ខែ មករា វេលាម៉ោង ៨ព្រឹក នៅទីលាន 7NG និង ប្រកួតចុងក្រោយក្នុងពូល B នឹងត្រូវជួបប្រកួតជាមួយយុវជនអាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃទី ២៣ ខែ កុម្ភៈ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ វេលាម៉ោង ៨ព្រឹក។
គិតត្រឹមបច្ចុប្បន្ន កីឡាករ សារី តៃម៉ូ របស់បឹងកេត រកគ្រាប់បាល់បាន ៦គ្រាប់ហើយ ខណៈដែល កីឡាករ លី ម៉ាឯល រកបាន ៣គ្រាប់ ។
សូមរំលឹកថា សម្រាប់លក្ខន្តិកៈនៃការប្រកួតពានរង្វាន់បាល់ទាត់យុវជននេះ គឺក្រោយចប់ការប្រកួតជម្រុះក្នុងពូល នៃដំណាក់កាលទីមួយ ក្រុមលេខ ១ និងលេខ ២ តាមពូលទាំងអស់ នឹងត្រូវឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ដើម្បីធ្វើការចាប់ឆ្នោតជ្រើសរើសចេញជា ៤ពូល ក្នុង ១ពូល មាន ៤ក្រុម ដើម្បីជម្រុះបន្តទៀតក្នុងដំណាក់កាលទី២។
ក្រោយពីរកឃើញក្រុមលេខ ១ និងលេខ២ តាមពូលទាំង ៤ខាងលើ ពួកគេនឹងត្រូវបន្តទៅកាន់ដំណាក់កាលទី៣ ដែលមាន ៨ក្រុម ធ្វើការបែងចែកជាពីរពូល (ក្នុង១ពូលមាន ៤ក្រុម) ដើម្បីធ្វើការប្រកួតឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ការប្រកួតនឹងត្រូវធ្វើឡើងចំនួន ២ជើង (រូបមន្ត Home-Away) ដោយក្រុមចាញ់ ត្រូវប្រកួតយកចំណាត់ថ្នាក់លេខ ៣ និងក្រុមឈ្នះ ត្រូវប្រកួតដណ្តើមជើងឯក ៕