កាលពីល្ងាចថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្លិបបាល់ទាត់បឹងកេត បានបើកទ្វារកីឡដ្ឋាន ខេមបូឌា អ៊ែវ៉េ ជួបប្រកួតជាមួយក្លិបណាហ្គាវើលដ៍ ក្នុងសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជា ដោយលទ្ធផលបញ្ចប់ទៅស្មើគ្នា ១ ទល់នឹង ១។
កីឡាករដែលរកគ្រាប់បាល់ក្នុងការប្រកួតនេះគឺ កីឡាករ ចាន់ វឌ្ឍនាកា នៅនាទី ៤៤ នៃវគ្គទីមួយ ដែលកើតឡើងពីការបញ្ចូនឱ្យដោយកីឡាករ សេត រ៉ស៊ីប។ ការប្រកួតមានការចូលរួមទស្សនាពីទស្សនិកជនសរុបចំនួន ១,៧៤៨នាក់។ ក្រោយចប់ការប្រកួត កីឡាករ ហុល គឹមហ៊ុយ ត្រូវបានជ្រើសរើសជាកីឡាករល្អជាងគេនៅក្នុងការប្រកួត។
សម្តីសំខាន់ៗរបស់គ្រូបង្វឹក និងកីឡាករ នៅក្នុងសន្និសីទក្រោយចប់ការប្រកួត៖
លោកគ្រូ Apisit Im Amphai “ ថ្ងៃនេះកីឡាកររបស់យើង លេង ១០០ភាគរយ ដូចប្រកួតមុនដែរ តែយើងពិបាក កីឡាករឈឺដូច នូរុណ, មីហ្សាន ហើយខាងណាហ្គា ក៏លេងល្អ ពួកគេបានស្វែងយល់ពីការលេងរបស់ក្រុមយើង យ៉ាងណាមិញ ការទទួលបាន ៥ពិន្ទុពី ៣ប្រកួតដំបូង វាជាសញ្ញាល្អរបស់យើង ” ។
អ្នកចាំទី ហុល គឹមហ៊ុយ “ ថ្ងៃនេះគឺជាការប្រកួតល្អមួយ តែសោកស្តាយដែលយើងមិនអាចរកបានជ័យជម្នះដូចការរំពឹងទុក យ៉ាងណាក៏ល្អដែលយើងអាចធ្វើបានប៉ុននេះ ” ។
កីឡាករ ១១នាក់ដំបូង៖ អ្នកចាំទី ហ៊ុល គឹមហ៊ុយ, សឿត ណាវ៉ា, សេត រ៉ស៊ីប, Anderson Zogbe, ទេស សម្បត្តិ, Mizuno Hikaru, Kenta Yamazaki, Gopane, ចាន់ វឌ្ឍនាកា (ប្រធានក្រុម), សៀង ចន្ធា និង ម៉ាត់ នូរុណ
កីឡាករបំរុងប្តូរចូល៖ ស្លេះ សេន, ឱ ភារុណ, ជា វេស្លី ៕
ការចាប់ផ្តើមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា រដូវកាល ២០២០ បានដំណើរការ និងបញ្ចប់អស់ចំនួន ០២ប្រកួតហើយ ដោយក្នុងនោះពួកយើងបានសម្គាល់ឃើញថា ជំនួបរវាងក្លិបបឹងកេត ជាមួយអង្គរថាយហ្គឺរ និង វិសាខា ក្រសោបបានចំនួនអ្នកទស្សនាផ្ទាល់ច្រើនជាងគេ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយក្នុងទិសដៅរបស់ក្លិប។
យោងតាមទិន្នន័យដែលក្រុមការងារ boeungketfc.com ទទួលបានពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ដែលបង្ហាញអំពីតួរលេខនៃចំនួនអ្នកទស្សនាផ្ទាល់ការប្រកួតក្នុងសប្តាហ៍ទីមួយ រវាងក្លិបអង្គរថាយហ្គឺរ ទល់នឹងក្លិបបឹងកេត ( ចំនួន ២,៦៥៩នាក់ ) ខណៈការប្រកួតក្នុងទឹកដីរបស់ពួកយើង នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ទល់នឹងក្លិបវិសាខា ( ចំនួន ២,៥០០នាក់ ) ដែលជាចំនួនច្រើនជាងគេក្នុងសប្តាហ៍ទី២ ។
កំណត់ហេតុខ្លះៗ៖
ចំពោះចំនួននៃការចូលរួមទស្សនាដ៏ច្រើននេះពួកយើងបានកត់សម្គាល់ឃើញចំពោះការគាំទ្ររបស់បងប្អូនអ្នកគាំទ្រជាច្រើនដែលទិញសំបុត្រមិនបាន ហើយសុខចិត្តឈរទស្សនាពីចម្ងាយក្រោមកំដៅថ្ងៃដែលបង្ហាញអំពីទឹកចិត្តនៃការគាំទ្រ។ ពួកយើងបានដឹងអំពីផលលំបាកក្នុងការទទួលបដិសណ្ឋារកិច្ចនូវចំនួនទស្សនិកជនដ៏ច្រើនបែបនេះ ដែលមិនធ្លាប់មានពីមុនមកទេនៅកីឡដ្ឋានរបស់យើង តែវានឹងជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ពួកយើងដើម្បីយកមកសិក្សាថាតើពួកយើងនឹងត្រូវធ្វើយ៉ាងណាបន្តទៀត។
ក្លិបបឹងកេត សូមសម្តែងនូវការអរគុណជាខ្លាំង ចំពោះទឹកចិត្តរបស់អ្នកគាំទ្រគ្រប់គ្នា ដែលជានិច្ចជាកាលតែងតែឆ្លៀតឱកាសមកចូលរួមទស្សនារាល់ការប្រកួតដែលពួកយើងធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីកីឡដ្ឋានរបស់យើងមិនទាន់បញ្ចប់ការសាងសង់រួចរាល់ និងរហូតដល់រួចរាល់ស្ទើរទាំងស្រុង។
បញ្ជរលក់សំបុត្រ
អ្វីដែលសំខាន់គឺពួកយើងបានដាក់លក់សំបុត្រក្នុងជំនួបទល់នឹងក្លិបវិសាខា ហើយបានលក់អស់មុនការប្រកួតចាប់ផ្តើម។ មិនត្រឹមតែសំបុត្រប៉ុណ្ណោះទេ សម្ភារៈផ្សេងៗរួមមាន ឯកសណ្ឋានរបស់ក្លិប ត្រូវបានលក់ចេញជាច្រើនផងដែរ។
សណ្តាប់ធ្នាប់
ចំពោះសុវត្ថិភាព សន្តិសុខ និង សណ្តាប់ធ្នាប់ក៏មានការរឹតបន្តឹងនៅគ្រប់តំបន់ទាំងអស់ផងដែរ ដោយមិនមានបញ្ហាអ្វីកើតឡើងក្នុងការប្រកួតឡើយ ដោយមុនពេលទស្សនិកជនឡើងទៅតំបន់អង្គុយ ក្រុម Steward របស់យើងបានត្រួតពិនិត្យលើសម្ភារៈមួយចំនួនដែលមិនអនុញ្ញាតឱ្យយកជាប់ខ្លួន ដូចជា ដបទឹក និងវត្ថុហាមឃាត់មួយចំនួន។
បរិស្ថាន និងអនាម័យ
ចំពោះបរិស្ថានអនាម័យក្រោយការប្រកួត ឃើញថាទស្សនិកជនបានចូលរួមក្នុងការរក្សាសំបកដប ថង់ប្លាស្ទិចនៅតាមកន្លែងអង្គុយរៀងៗខ្លួន ដែលនេះគឺជាអាកប្បកិរិយាដ៏ល្អមួយ ។
FAN BOX
ការដាក់ដំណើរការ Fan Box ជាមួយនឹងកញ្ចប់តម្លៃពិសេស (៣០ដុល្លារ) ត្រូវបានស្វាគមន៍ដល់ទស្សនិកជនពិសេសជាច្រើននាក់ផងដែរ ដោយបំរើជូននូវអាហារនិងភេសជ្ជៈ ក្នុងបន្ទប់ដ៏មានផាសុកភាព ដើម្បីទស្សនាការប្រកួតដ៏ជក់ចិត្ត។
ពួកយើងពិតជាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ម្តងហើយម្តងទៀតចំពោះអ្នកគាំទ្រទាំងអស់ដែលបានធ្វើដំណើរមក កីឡដ្ឋានរបស់ពួកយើង ហើយក្លិបនឹងព្យាយាមរិះរកគ្រប់វិធី ដើម្បីសាងសង់កន្លែងអង្គុយបន្ថែមដើម្បីផ្ដល់ផាសុកភាពដល់អ្នកគាំទ្រទាំងអស់គ្នា៕
ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ នឹងចូលរួមប្រកួតក្នុងពានរង្វាន់ក្រៅផ្លូវការមួយគឺ KMH CUP 2020 ដែលការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងនោះ បឹងកេត ស្ថិតនៅពូល ក រួមជាមួយក្រុមយុវជនក្លិបវិសាខា អាយុក្រោម ១៦ឆ្នាំ, យុវជន HFCA អាយុក្រោម ១៨ឆ្នាំ និង យុវជនព្រះខ័នរាជស្វាយរៀង អាយុក្រោម ១៨ឆ្នាំ។
ចំណែកនៅពូល ខ វិញមានក្រុមយុវជន ISI Dangkor Senchey U-18, យុវជនក្រសួងការពារជាតិ, នគរបាលជាតិ និងក្លិបភ្នំពេញក្រោន U17 ។
គួរឱ្យដឹងថា ក្រោយការផ្គូរផ្គងកាលវិភាគប្រកួត យុវជនបឹងកេតនឹងត្រូវជួបប្រកួតជម្រុះពូលដូចខាងក្រោម៖
+ជើងទីមួយ៖
-ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ យុវជនបឹងកេត U-18 ប្រកួតទល់នឹង យុវជន HFCA U-18 ។
-ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ យុវជនបឹងកេត U-18 ប្រកួតទល់នឹង យុវជនវិសាខា U-16 ។
-ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា យុវជនព្រះខ័នរាជស្វាយរៀង U-18 ប្រកួតទល់នឹង យុវជនបឹងកេត U-18 ។
+ជើងទីពីរ៖
-ថ្ងៃពុធ ទី២៥ ខែមីនា យុវជន HFCA U-18 ប្រកួតទល់នឹង យុវជនបឹងកេត U-18 ។
-ថ្ងៃពុធ ទី៨ ខែមេសា យុវជនវិសាខា U-16 ប្រកួតទល់នឹង យុវជនបឹងកេត U-18 ។
-ថ្ងៃពុធ ទី២៩ ខែមេសា យុវជនបឹងកេត U-18 ប្រកួតទល់នឹង យុវជនព្រះខ័នរាជស្វាយរៀង U-18 ។
*ការប្រកួតទាំងអស់ធ្វើឡើងនៅទីលាន KMH Park វេលាម៉ោង ៧យប់ទាំងអស់
សូមជម្រាបអំពីលក្ខន្តិកៈនៃការប្រកួត គឺក្រុមទាំងអស់នឹងប្រកួតក្នុងពូលលក្ខណៈវិលជុំ ( ២ជើង ) សន្សំពិន្ទុដើម្បីស្វែងរកក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ ដើម្បីឡើងទៅកាន់ជុំបន្ទាប់ ដែលហៅថាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពូលទាំងពីរ ដោយនឹងប្រកួតលក្ខណៈវិលជុំជាបន្តទៀត។ លុះចូលដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រឈមមុខគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ គ្រាដែលក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងតទល់គ្នាដណ្តើមពានរង្វាន់។
សូមរំលឹកថា ក្នុងឆ្នាំ២០១៩កន្លងទៅ យុវជនបឹងកេត អាយុក្រោម១៨ឆ្នាំ ដឹកនាំដោយលោកគ្រូ ឈុន សុធារ័ត្ន ដែលទើបនឹងបង្កើតឡើងបានចូលរួមប្រកួតប្រជែងពេញមួយរដូវកាលដោយក្នុងនោះ ឈរលេខមួយកំពូលតារាង ប្រកួតឈ្នះ ៨លើក ស្មើ១ និងចាញ់ ៣ ។ លុះចូលដល់វគ្គផ្តាច់ព្រ័ត្រ យុវជនបឹងកេត រងបរាជ័យ ៣-១ ទល់នឹងយុវជនវិសាខា ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ KMH CUP 2019 ៕
ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រ និងសាធារណជនឱ្យបានជ្រាបថា ពួកយើងមានកិត្តិយសក្នុងការបង្ហាញកីឡាករថ្មីសម្រាប់រដូវកាល២០២០នេះ គឺកីឡាករ Mothusi Gopane និង Franc Santana Paiva ។
Mothusi Gopane គឺជាខ្សែប្រយុទ្ធស្លាប ( Winger ) សញ្ជាតិអាហ្រ៊ិកខាងត្បូង វ័យ ២៨ឆ្នាំ។ Gopane ធ្លាប់លេងឱ្យក្លិបជាច្រើនក្នុងលីគកំពូលនៃប្រទេសកំណើតរបស់ខ្លួន ដូចជា Polokwane City, Supersport United, FS Stars និង Mbombela United ។
រីឯ Franc Santana Paiva វិញ គឺជាខ្សែប្រយុទ្ធកណ្តាល សញ្ជាតិប្រេស៊ីល វ័យ ២៧ឆ្នាំ ។ Franc ធ្លាប់លេងឱ្យក្លិបក្នុងប្រទេសប្រេស៊ីលជាច្រើន និងចុងក្រោយបង្អស់លេងឱ្យក្លិប Devolli ក្នុងក្របខ័ណ្ឌលីគទី២របស់ប្រទេសអាល់បានី។
សម្រាប់ការមកចូលរួមជាមួយក្លិបបឹងកេត Gopane នឹងប្រើប្រាស់លេខ ៥០ លើឯកសណ្ឋានរបស់ខ្លួន ខណៈដែល Franc នឹងប្រើប្រាស់លេខ ៩៩ ៕