យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កាលពីសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២០ ស្តីពីការពន្យាពេលការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ រដូវកាល ឆ្នាំ២០២០ ដោយកាលបរិច្ឆេទថ្មី នឹងជូនដំណឹងនៅពេលក្រោយ។
មូលហេតុដែលនាំឱ្យមានការពន្យាពេលការប្រកួត គឺដោយសារតែយល់ឃើញពីការរីករាលដាលនៃវីរុសកូវីដ១៩ (COVID-19) នៅបណ្តាប្រទេសមួយចំនួនលើសកលលោក ហើយយើងក៏បាននឹងកំពុងជួបប្រទះនាពេលបច្ចុប្បន្នផងដែរនោះ ដើម្បីចូលរួមចំណែកបង្ការ និងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺមួយនេះ និងដោយទទួលបានលិខិតជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូច្នេះការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង ការប្រកួតពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ចាប់ពីការប្រកួតក្នុងសប្តាហ៍ទី៦ លេខរៀងទី ៣១ រហូតដល់បញ្ចប់ការប្រកួតជើងទី១ ឆ្នាំ ២០២០ នឹងធ្វើការពន្យាជាបណ្តោះអាសន្នសិន។
តាមកាលវិភាគចាស់ ក្លិបបឹងកេត នឹងត្រូវត្រឡប់មកប្រកួតសប្តាហ៍ទី ៦ ទល់នឹងក្លិប សូលទីឡូអង្គរ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២០ ខាងមុខ ប៉ុន្តែដោយសារមានការពន្យាពេល នេះ ពួកយើងនឹងរង់ចាំការជូនដំណឹងជាថ្មីពី CNCC ។
ស្ថិតក្នុងពេលវេលានេះ ពួកយើងសូមក្រើនរំលឹកដល់បងប្អូនថែរក្សាសុខភាព និងមានអនាម័យទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ ជំងឺឆ្លងនានា ជាពិសេសការរីករាលដាលនៃជំងឺ (Covid-19) ៕
កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ ក្លិបបាល់ទាត់បឹងកេត បានបើកទ្វារកីឡដ្ឋាន ខេមបូឌា អ៊ែវ៉េ ជួបប្រកួតជាមួយក្លិបនគរបាលជាតិ ក្នុងសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជា ដោយលទ្ធផលបញ្ចប់ទៅជាមួយនឹងជ័យជម្នះ ៣ ទល់នឹង ០។
កីឡាករដែលរកគ្រាប់បាល់ក្នុងការប្រកួតនេះឱ្យបឹងកេតរួមមាន កីឡាករ ឱ ភារុណ រកគ្រាប់បាល់ដំបូងឱ្យក្លិបក្នុងរដូវកាលថ្មីនេះ នៅនាទី ១៥ ដែលកើតឡើងពីការបញ្ចូនឱ្យដោយកីឡាករ Gopane ក្រោយមកទៀត កីឡាករ សៀង ចន្ធា រកគ្រាប់បាល់លើកដំបូងរបស់ខ្លួនឱ្យក្លិប នៅនាទី ៦៤ នៃវគ្គទីពីរ ដែលបញ្ជូនឱ្យយ៉ាងល្អពី Kenta Yamazaki មុនគ្រាប់ទីបីកើតឡើងនៅនាទី ៨១ ដោយកីឡាករ សៀង ចន្ធា ដដែល និងបញ្ជូនឱ្យដោយ Gopane សារជាថ្មី ។ ការប្រកួតមានការចូលរួមទស្សនាពីទស្សនិកជនសរុបចំនួន ១០១២ នាក់។ ក្រោយចប់ការប្រកួត កីឡាករ ស្លេះ សេន ត្រូវបានជ្រើសរើសជាកីឡាករល្អជាងគេនៅក្នុងការប្រកួត ( Man Of The Match ) ។
ឱ ភារុណ និយាយក្រោយចប់ការប្រកួតថា៖ “ ខ្ញុំសប្បាយចិត្តព្រោះវាជាគ្រាប់ដំបូងរបស់ខ្ញុំក្នុងរដូវកាលថ្មីនេះ តែយ៉ាងណាខ្ញុំនឹងខំប្រឹងបន្ថែមទៀត ព្រោះឱកាសលេងរបស់ខ្ញុំមានតិច អញ្ចឹងខ្ញុំនៅមានចំណុចខ្វះខាតច្រើនដែលត្រូវបន្ថែម ” ។
សម្តីសំខាន់ៗរបស់គ្រូបង្វឹក និងកីឡាករ នៅក្នុងសន្និសីទក្រោយចប់ការប្រកួត៖
លោកគ្រូ Apisit Im Amphai “ ថ្ងៃនេះយើងរីករាយចំពោះជ័យជម្នះ ហើយខ្ញុំបានមើលឃើញអំពីការលេងរបស់កូនក្រុម តែយ៉ាងណាយើងចង់ឱ្យកីឡាករមានទំនាក់ទំនងគ្នាច្រើនជាងនេះថែមទៀត ” ។
កីឡាករ ស្លេះ សេន “ ខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែន ដែលត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត ហើយរីករាយដែលជួយក្រុមឱ្យទទួលបាន ៣ពិន្ទុ ជាលើកទីពីរ ក្នុង ៤ប្រកួតកន្លងទៅនេះ ” ។
កីឡាករ ១១នាក់ដំបូង៖ អ្នកចាំទី ហ៊ុល គឹមហ៊ុយ, ស្លេះ សេន , សេត រ៉ស៊ីប, Anderson Zogbe, ទេស សម្បត្តិ, លី មីហ្សាន (ប្រធានក្រុម), Kenta Yamazaki, Gopane, ឱ ភារុណ, សៀង ចន្ធា និង Franc Santana Paiva
កីឡាករបំរុងប្តូរចូល៖ Mizuno Hikaru, ជា វេសលី, ម៉ន វ៉ាន់ដា ៕
ខ្សែប្រយុទ្ធវ័យក្មេង សារី តៃម៉ូ ដែលស្ថិតក្នុងក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ បានកំពុងបង្ហាញភាពលេចធ្លោរបស់ខ្លួនដោយមានលទ្ធភាពអាចរកគ្រាប់បាល់គ្រប់ការប្រកួតឱ្យក្រុមក្នុងពានរង្វាន់នានាៗដែលរូបគេបានចូលរួមក្នុងឆ្នាំ២០២០នេះ។
តៃម៉ូ បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ boeungketfc.com ចំពោះចំណាប់អារម្មណ៍របស់ខ្លួនដែលចូលរួមជាមួយបឹងកេតថា៖ “ ខ្ញុំស្រលាញ់ក្លិបបឹងកេតខ្លាំង ហើយវាគឺជាបំណងប្រាថ្នារបស់ខ្ញុំតាំងពីក្មេង ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមក្នុងក្លិបនៃក្តីស្រមៃរបស់ខ្ញុំ ” ។
“ គោលដៅចំបងរបស់ខ្ញុំ គឺចូលរួមក្នុងក្រុមធំរបស់បឹងកេត នៅថ្ងៃអនាគត ” នេះជាមហិច្ឆតារបស់កីឡាករមានដើមកំណើតមកពីខេត្តមណ្ឌលគិរីរូបនេះបានបង្ហាញ។
គួរបញ្ជាក់ថា ស្ថិតក្នុងក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ សារី តៃម៉ូ តែងតែត្រូវបានគ្រូបង្វឹក លោក ឈុន សុធារ័ត្នដាក់លេងក្នុងជម្រើស ១១នាក់ដំបូងជានិច្ចជាកាល ដោយគិតត្រឹមបច្ចុប្បន្ននេះ តៃម៉ូ រកគ្រាប់បាល់ឱ្យបឹងកេត សរុបចំនួន ១៩គ្រាប់ ក្នុង ៦ប្រកួត ដោយគ្រាប់បាល់ទាំងនោះកើតឡើងក្នុងជំនួបដូចជា៖
បឹងកេត ៣-២ អាយ.អេស.អាយ ដង្កោសែនជ័យ ( ២គ្រាប់ )
បឹងកេត ៦-១ សាលាតម្រង់ទិសរាជធានីភ្នំពេញ ( ៤គ្រាប់ )
បឹងកេត ៩-០ នគរបាលជាតិ ( ៤គ្រាប់ )
បឹងកេត ១៧-១ HFCA ( ៥គ្រាប់ )
បឹងកេត ៧-០ អាស៊ីអឺរ៉ុប ( ២គ្រាប់ )
បឹងកេត ៣-១ វិសាខា ( ២គ្រាប់ )
“ ចំពោះការរកគ្រាប់បាល់គ្រប់ប្រកួតឲ្យក្រុម គឺខ្ញុំពិតជាសប្បាយចិត្តដែលអាចបង្ហាញខ្លួន៦ប្រកួត រកបាន19គ្រាប់ ហើយគ្រាប់បាល់ទាំងនេះគឺកើតចេញពីមិត្តរួមក្រុម និងសមត្តភាពខ្ញុំផងដែរ ” តៃម៉ូបន្ថែម។
ជាចុងក្រោយ សារី តៃម៉ូ បង្ហាញក្តីរំពឹងនៅក្នុងលទ្ធភាពនៃការប្រជែងពានរង្វាន់លីគយុវជនអាយុក្រោម ១៨ឆ្នាំ របស់សហព័ន្ធ និង ពានរង្វាន់ KMH CUP 2020 ថា៖ “ ខ្ញុំជឿជាក់ថា ក្រុមរបស់យើងនឹងធ្វើបាន ព្រោះខ្ញុំពេញចិត្តនឹងទំរង់លេងដែលគ្រូបានរៀបចំ ហើយក្រុមរបស់យើងសហការគ្នាបានល្អ ដូចនេះគោលដៅខ្ញុំគឺនឹងព្យាយាមក្នុងការប្រជែងពានរង្វាន់ទាំងពីរដែលយើងកំពុងប្រកួតនេះ ” ៕
ក្នុងការប្រកួតសប្តាហ៍ទី ៣ នៃលីគកំពូលកម្ពុជា រវាងក្លិបបឹងកេត ទល់នឹងណាហ្គាវើលដ៍ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានខេមបូឌា អ៊ែវ៉េ កាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅ កីឡាករ ម៉ាត់ នូរុណ បានទទួលរងរបួសបន្ទាប់ពីប៉ះទង្គិចជាមួយគូប្រកួត ជាហេតុបណ្តាលឱ្យរូបគេត្រូវប្តូរចេញភ្លាម។
ក្រោយការតាមដានអាការៈជំងឺ ពីក្រុមគ្រូពេទ្យប្រចាំក្លិបបានធ្វើការពិនិត្យឃើញថា នូរុណ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ដោយ គ្រាន់តែឈឺសន្លាក់ ជង្គង់ ឆ្វេងរបស់ខ្លួន ដែលបានប៉ះទង្គិចប៉ុណ្ណោះ ហើយនឹងជាសះស្បើយវិញក្នុងរយៈពេល ២សប្តាហ៍ទៀត។
បច្ចុប្បន្ន នូរុណ បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ បើទោះបីមិនទាន់អាចហាត់ខ្លាំងជាមួយក្រុម ។ ចំពោះស្ថានភាពរបួសរបស់ខ្លួន កីឡាករវ័យ ២២ឆ្នាំរូបនេះនិយាយថា៖ “ ខ្ញុំសោកស្តាយដែលមិនអាចជួយក្រុមដណ្តើមជ័យជម្នះក្នុងប្រកួតទល់នឹងណាហ្គាវើលដ៍ ដោយសាររបួស តែរបួសខ្ញុំមិនធ្ងន់ធ្ងរខ្លាំងទេ ឥលូវនេះខ្ញុំអាចចូលហាត់តិចៗវិញបានធម្មតាហើយ តាមការណែនាំពីក្រុមគ្រូពេទ្យ ហើយការប្រកួតនៅសល់វែងឆ្ងាយទៀត ខ្ញុំនឹងព្យាយាមដើម្បីជួយក្រុមក្នុងការប្រជែងពានរង្វាន់នានា ក្នុងឆ្នាំនេះ ” ។
គួរឱ្យដឹងថា ម៉ាត់ នូរុណ បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ៣ប្រកួតកន្លងមកឱ្យបឹងកេត និងរកគ្រាប់បាល់ បាន១គ្រាប់ក្នុងជំនួប ១-១ ជាមួយអង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី១កន្លងទៅ ៕
ក្រោយចប់ការប្រកួតដំណាក់កាលទី១ ដោយឈរកំពូលតារាងពូល B ក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ បានឈានចូលក្នុងដំណាក់កាលទី២ នៃការប្រកួតជម្រើសជើងឯកយុវជន របស់សហព័ន្ធបាល់ទាត់កម្ពុជា ដោយស្ថិតក្នុងពូល A រួមជាមួយក្រុមយុវជន វិសាខា, អាយ អេស អាយ ដង្កោសែនជ័យ និង ភ្នំពេញក្រោន ។
សម្រាប់កាលវិភាគប្រកួតរបស់ក្រុមយុវជនយើង៖
-ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២០ បឹងកេត ប្រកួតទល់នឹង ភ្នំពេញក្រោន វេលាម៉ោង ៨ព្រឹក នៅកីឡដ្ឋាន ខេមបូឌា អ៊ែវ៉េ ។
-ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ អាយ អេស អាយ ដង្កោសែនជ័យ ប្រកួតទល់នឹង បឹងកេត វេលាម៉ោង ៨ព្រឹក នៅ KMH PARK ។
-ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ បឹងកេត ប្រកួតទល់នឹង វិសាខា វេលាម៉ោង ៨ព្រឹក នៅកីឡដ្ឋាន ខេមបូឌា អ៊ែវ៉េ ។
សូមជម្រាបថា សម្រាប់ដំណាក់កាលទី២នេះ ក្រុមទាំងអស់នឹងត្រូវប្រកួត១ជុំ ចំនួន ៣ប្រកួត ដើម្បីស្វែងរកក្រុមលេខ ១ និងលេខ ២ តាមពូលនិមួយៗ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដើម្បីចាប់ពូលជាថ្មី នៃដំណាក់កាលទី៣។
សូមរំលឹកថា យុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ បានប្រកួតក្នុងដំណាក់កាលទី១ ដោយប្រកួតឈ្នះយុវជន អាយ អេស អាយ ដង្កោសែនជ័យ ៣-២, ឈ្នះយុវជនសាលាតំរង់ទិសរាជធានីភ្នំពេញ ៦-០, ឈ្នះយុវជននគរបាលជាតិ ៩-០ និង ឈ្នះ យុវជនអាស៊ីអឺរ៉ុបយូណាយធីត ៧-០ ៕