Boeung Ket Football Club

វ៉ាន់ដា៖ “ ខ្ញុំចង់ជួយក្លិបឈ្នះពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំនេះទៀត ”

កីឡាករវ័យ ២៣ឆ្នាំ ម៉ុន វ៉ាន់ដា នៅតែបង្ហាញមហិច្ឆតារបស់ខ្លួនដូចទៅនឹងឆ្នាំចាស់ដដែល គឺនឹងខិតខំប្រឹងព្យាយាមជួយបឹងកេត ឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ២ ទៅ ៣ដងទៀតតាមដែលអាចធ្វើទៅបាន។

pic-support-article

pic-support-article1

វ៉ាន់ដា៖ “ ឆ្នាំមុនខ្ញុំបានសម្រេចបំណងរបស់ខ្ញុំហើយ គឺជួយក្លិបឈ្នះពានសម្តេចហ៊ុន សែន ដែលពីមុនមក យើងអត់ធ្លាប់ឈ្នះនោះទេ ហើយឆ្នាំនេះក៏ដូចគ្នា ខ្ញុំចង់ឈ្នះច្រើនជាងហ្នឹងទៀត តាមដែលអាចធ្វើទៅបាន ” ។

“ ឆ្នាំមុនអ្វីៗបញ្ចប់ទៅយ៉ាងរលូន ហើយឆ្នាំនេះ ពួកយើងនឹងព្យាយាមធ្វើឱ្យល្អដូចមុន និងកាន់តែខ្លាំងជាងមុនថែមទៀត ព្រោះវាគឺជាអ្វីដែលគ្រប់គ្នាក្នុងក្លិបចង់បង្កើតនៅក្នុងសៀវភៅប្រវត្តិសាស្រ្តក្លិប ” វ៉ាន់ដា បន្ថែម ។

ជាមួយនឹងការប្រកួតដែលត្រូវខកខាន ព្រោះជំងឺឆ្លង COVID-19 ដែលបង្ខំចិត្តឱ្យការប្រមូលផ្តុំហ្វឹកហាត់ត្រូវរំសាយ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានបង្ហើបប្រាប់ថា៖ “ ឆ្លៀតក្នុងពេលសម្រាកនេះ ខ្ញុំបានធ្វើការងារផ្ទះតិចតួច នឹងហ្វឹកហាត់តាមកម្មវិធីរបស់ក្លិបដែលដាក់ឱ្យ ហើយពេលទំនេរ ជួនកាលលេងបាល់ទះ ” ។

កីឡាករដែលមានកំណើតនៅខេត្តកំពង់ធំរូបនេះ បានត្អូញត្អែរថារូបគេពិតជានឹកការប្រកួតបាល់ទាត់ខ្លាំងណាស់ ហើយមានអារម្មណ៍អផ្សុកពេលដែលអត់មានការប្រកួត ព្រោះជាកីឡាករបាល់ទាត់ ធ្លាប់តែចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម និងមានការប្រកួតរៀងរាល់សប្តាហ៍ ដែលនាំឱ្យពួកគេខិតខំប្រឹងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមជម្រើស ១១នាក់ដំបូង ។

ជាចុងក្រោយ ម៉ុន វ៉ាន់ដា មានសារខ្លះៗផ្ញើទៅកាន់អ្នកគាំទ្ររបស់ក្លិបបឹងកេត ដែលអន្ទះសារចង់ទស្សនាការប្រកួតរបស់ក្លិប៖ “ ខ្ញុំដឹងថា អ្នកគ្រប់គ្នាប្រាកដជានឹករលឹកដល់ពេលវេលាដែលចូលរួមទស្សនាបាល់ទាត់ ដូចខ្ញុំដែរ ខ្ញុំជឿជាក់ថា ឆាប់ៗខាងមុខនេះ ពួកយើងនឹងអាចនាំយកបាល់ទាត់ដ៏ស្រសបំព្រងរបស់យើងមកវិញ និងសូមឱ្យអ្នកគាំទ្រទាំងអស់គ្នា ទទួលបានសុខភាពល្អ និងសំណាងល្អ ” ។

រំលឹកថា ម៉ុន វ៉ាន់ដា រកគ្រាប់បាល់ ៤គ្រាប់ឱ្យបឹងកេត ក្នុងការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន លើកទី ១៣ ឆ្នាំ ២០១៩កន្លងទៅ និងទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង នៅប្រកួតបើកឆាកលីគកំពូលកម្ពុជា រដូវកាល ២០២០ថែមទៀតផង ៕

Mothusi Gopane និយាយអំពីស្ថានភាពរបស់ខ្លួនអំឡុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

កីឡាករ Mothusi Gopane គឺជាខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្វ្រិចខាងត្បូង ចូលរួមជាមួយក្លិបបឹងកេតក្នុងរដូវកាល ២០២០នេះ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារ boeungketfc.com ជុំវិញស្ថានភាព COVID-19 ដែលរារាំងដល់ការប្រកួតនាពេលបច្ចុប្បន្ននេះ។

pic-support-article1

pic-support-article

ខាងក្រោមគឺជាកិច្ចសន្ទនាជាមួយនឹង Gopane៖

១. តើអ្នកបានសំរបខ្លួនក្នុងការរស់នៅកម្ពុជាហើយឬនៅគិតមកទល់នឹងពេលនេះ ?
GOPANE៖ វាគឺល្អណាស់សំរាប់ខ្ញុំក្នុងពេលនេះ ហើយមិនមានសម្ពាធអ្វីនោះទេ។

២. តើអ្នកមានបានដឹងពីមេរោគ COVID-19 ដែរឬទេ? វាកើតឡើងគ្រប់កន្លែងបច្ចុប្បន្ននេះ ។ តើអ្នកបានធ្វើយ៉ាងដូចម្តេចខ្លះក្នុងការការពារខ្លួន ?
GOPANE៖ នេះគឺជាលើកដំបូងហើយដែលខ្ញុំបានស្គាល់ពីមេរោគនេះ តែខ្ញុំបានព្យាយាមស្វែងយល់ពីវិធីបង្ការ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទោះវាបានប៉ះពាល់ដល់ពិភពលោកទាំងមូល តែខ្ញុំបានការពារខ្លួនរបស់ខ្ញុំដោយ មិនទៅកន្លែងមានមនុស្សច្រើន ឧស្សាហ៍លាងសម្អាតដៃគ្រប់ពេល ផឹកទឹកក្តៅអ៊ន់ៗជាមួយក្រូច និងខ្ញី ជាមួយទឹកឃ្មុំ ជាដើម។

៣. ជុំវិញបញ្ហានេះ តើអ្នកបានស្វែងយល់យ៉ាងណាខ្លះអំពីស្ថានភាពក្នុងប្រទេសកំណើតរបស់អ្នក ?
GOPANE៖ ខ្ញុំមិនដែលដឹងសោះ តែខ្ញុំទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ខ្ញុំរៀងរាល់ថ្ងៃ និងបានណែនាំដល់ពួកគេអំពីវិធីសាស្រ្តក្នុងការការពារខ្លួន អំឡុងពេលវេលាដ៏លំបាកនេះ។

៤. ពេលដែលលីគសម្រាក ហើយការហ្វឹកហាត់ត្រូវបានផ្អាក តើអ្វីដែលជំរុញចិត្តអ្នកឱ្យនៅតែធ្វើការហ្វឹកហាត់ជាធម្មតា ?
GOPANE៖ ខ្ញុំគិតថា ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ អ្នកត្រូវតែត្រៀមខ្លួនជានិច្ច បើសិនជាអ្នកអាចរក្សាកម្លាំងបានល្អនិង ហ្វឹកហាត់ខ្លាំង វាមិនងាយនាំឱ្យអ្នកឈឺនោះឡើយ ព្រោះរាងកាយគឺរឹងមាំគ្រប់គ្រាន់ អញ្ចឹងហើយពេលដែលលីគត្រឡប់មកវិញ វានឹងងាយស្រួលក្នុងការសំរបកម្លាំងរបស់អ្នក។ ម្យ៉ាងវិញទៀត ពួកយើងតែងតែទទួលបាននូវលំហាត់ហ្វឹកហាត់ពីក្រុមគ្រូបង្វឹក ដែលខ្ញុំបានធ្វើវារាល់ថ្ងៃ ទាំងនៅកីឡដ្ឋានរបស់យើង និងវាលខ្សាច់នៅជិតនោះ ដើម្បីរត់បន្ថែមទៀត ដូច្នេះធ្វើឱ្យរាងកាយខ្ញុំមានតុល្យភាពល្អ ។

គួរឱ្យដឹងផងដែរថា កីឡាករ Gopane Mothusi ទទួលបានឱកាសបង្ហាញខ្លួនចំនួន ៤ប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹក Apisit Im-Amphai និងរកបាន ១គ្រាប់ផងដែរ ដែលជួយឱ្យបឹងកេត ស្ថិតនៅលេខរៀងទី ៥ គិតត្រឹមសប្តាហ៍ទី ៥ ដោយឈ្នះ ២ប្រកួត និងស្មើ ២ប្រកួត ៕

ម៉ាត់ នូរុណ បញ្ចប់ការវះកាត់របួសដោយជោគជ័យនៅរសៀលនេះ

កីឡាករ ម៉ាត់ នូរុណ បានទទួលការវះកាត់ដោយជោគជ័យនៅរសៀលនេះ ក្រោយទទួលរងរបួសជាថ្មីអំឡុងពេលប៉ះទង្គិចក្នុងការប្រកួត ទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅ។

pix2

បើតាមការបញ្ជាក់ឲ្យដឹងពីក្រុមគ្រូពេទ្យប្រចាំក្រុមបានបញ្ជាក់ថា នូរុណ មិនមានបញ្ហាដាច់សសៃជង្គង់ (ACL) ដូចពេលមុនឡើយ ពោលគឺគ្រាន់តែ បែកទ្រនាប់ឆ្អឹង ដែលបណ្ដាលមកពីការប៉ះទង្គិចខ្លាំងក្នុងការប្រកួត ហើយរបួសនេះ ត្រូវតម្រូវឲ្យរូបគេ សម្រាកព្យាបាល ចន្លោះពី ១ខែកន្លះទៅ២ខែ ទើបអាចវិលត្រឡប់មកធ្វើការហ្វឹកហាត់បានវិញ១០០%។

pix1

 

សម្រាប់រដូវកាលថ្មីនេះ នូរុណ បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង បាន៣ប្រកួត និងរកគ្រាប់បាល់ បាន១គ្រាប់ឲ្យក្រុមក្នុងជំនួប ១-១ ជាមួយអង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី១កន្លងទៅ ហើយក៏សូមជូនពរឲ្យ នូរុណ ឆាប់ជាសះស្បើយដើម្បីវិលត្រឡប់មកជួយក្រុមវិញនាពេលដ៏ខ្លីខាងមុខ។

កិច្ចសម្ភាសន៍ជាមួយ​យុវជន លឹម អារុណ អំពីរឿងសំខាន់ខ្លះៗ​ដែលអ្នកគួរស្វែងយល់

លឹម អារុណ រ៉េយមិន ( Lim Aarun Raymond ) គឺជាឈ្មោះរបស់កីឡាករយុវជនមួយរូបស្ថិតនៅក្នុងថ្នាលយុវជនអាយុក្រោម ១៨ឆ្នាំ របស់ក្លិបបឹងកេត ដែលកន្លងមកធ្លាប់ទទួលបានការចូលហ្វឹកហាត់ជារឿយៗនៅក្រុមធំ និងកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ថែមទៀតផង។

88166269_2550130418449956_604645440096305152_n

អំឡុងពេលដែលមិនមានការប្រកួត និងស្ថិតនៅប្រទេសនូវែលហ្សេឡង់ យុវជនរូបនេះ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារនៃគេហទំព័រ boeungketfc.com តាមប្រព័ន្ធផ្សព្វផ្សាយសង្គម រៀបរាប់អំពីស្ថានភាពនាពេលបច្ចុប្បន្ន, ការចូលរួមជម្រើសជាតិលើកដំបូង, គោលដៅក្នុងឆ្នាំ ២០២០ និងអនាគត, មហិច្ឆតារបស់ខ្លួននៅបឹងកេត និងកីឡាករដែលខ្លួនពេញចិត្ត ។

92137010_667325570768581_4008054989476855808_n

១. តើប្អូនសុខទុក្ខយ៉ាងណាដែរ ? ហើយតើបានធ្វើអ្វីខ្លះអំឡុងមេរោគ COVID-19 កំពុងផ្ទុះឡើងនេះ ?
អារុណ៖ ខ្ញុំសុខសប្បាយធម្មតាទេ ហើយសព្វថ្ងៃកំពុងស្ថិតនៅនូវែលហ្សេឡង់ ។ នៅទីនេះកំពុងតែស្ថិតក្នុងសភាពជាប់គាំង ( Lockdown ) ដូច្នេះសាលារៀនទាំងអស់ត្រូវបិទទ្វារ, ការប្រកួត និងការហ្វឹកហាត់បាល់ទាត់ត្រូវផ្អាកសកម្មភាព។ យើងអាចត្រឹមចេញពីផ្ទះក្នុងករណីចាំបាច់ដូចជាទៅទិញម្ហូបនៅផ្សារទំនើប, ទិញថ្នាំ ឬធ្វើលំហាត់ប្រាណជាមួយក្រុមគ្រួសារប៉ុណ្ណោះ។ ខ្ញុំកំពុងរៀនជាមួយនឹងប្អូនៗរបស់ខ្ញុំតាមប្រព័ន្ធអ៊ីនធឺណែត ហើយក៏ឆ្លៀតហាត់បាល់ ( រៀនបញ្ជូន, ទាត់, គ្រប់គ្រង និងច្រើនទៀត) ក៏ដូចជាការរត់ដើម្បីអភិវឌ្ឍនកម្លាំងឱ្យកាន់តែខ្លាំង។

២.តើប្អូនទទួលបានអ្វីខ្លះអំពីការចូលរួមលើកដំបូងក្នុងក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ កាលពីដើមឆ្នាំនេះ ?
អារុណ៖ វាពិតជាអស្ចារ្យក្នុងការចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅជប៉ុន។ ខ្ញុំរីករាយ និងចងចាំរាល់ប្រកួតដែលខ្ញុំបានលេងនៅទីនោះ ព្រោះជាលើកដំបូងដែលខ្ញុំលេងឱ្យកម្ពុជា ។ យើងបានឈ្នះ ២ប្រកួត ទល់នឹង មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី តែចាញ់ ទីម័រខាងកើត និង Kagoshima United ។ ក្រុមរបស់យើងមានកីឡាករ និងថ្នាក់ដឹកនាំដ៏ល្អ ហើយខ្ញុំតែងតែងស្រមៃចង់បានឱកាសបែបនេះបន្ថែមទៀតដើម្បីតំណាងឱ្យកម្ពុជា លើឆាកអន្តរជាតិ ហើយពិតណាស់ខ្ញុំនឹងប្រឹងប្រែង។

៣. អ្វីទៅជាផែនការណ៍របស់ប្អូនក្នុងឆ្នាំ ២០២០នេះ និង អនាគត ?
អារុណ៖ សម្រាប់ឆ្នាំ ២០២០ ខ្ញុំត្រូវបន្តការបណ្តុះបណ្តាលដោយខ្លួនឯង ខណៈពេលដែលមេរោគឆ្លងកំពុងស្ថិតនៅក្នុងប្រទេសនូវែលហ្សេឡង់។ ដោយសារករណី Coronavirus កំពុងតែកើនឡើងជារៀងរាល់ថ្ងៃ ខ្ញុំមិនអាចទាយបានថានឹងមានអ្វីកើតឡើងក្នុងរយៈពេលប៉ុន្មានខែទៀតទេ ដូច្នេះខ្ញុំត្រូវផ្តោតលើការកែលំអរសមត្ថភាពខ្លួនជារៀងរាល់ថ្ងៃរហូតដល់មេរោគ Coronavirus បាត់ទៅ។ ក្រោយអ្វីៗប្រសើរឡើងវិញ ខ្ញុំចង់ផ្តោតសំខាន់ទៅលើការលេងឱ្យបានល្អជាមួយនៅទីនេះ។ ខ្ញុំចង់លេងក្នុងការប្រកួតបន្ថែមទៀតនៅទីនេះដើម្បីក្លាយជាកីឡាករល្អ។ នៅពេលអនាគតខ្ញុំចង់លេងឱ្យក្រុមធំបឹងកេត និងក្រុមជម្រើសជាតិកម្ពុជានិងលេងនៅប្រទេសផ្សេងទៀត។

៤. តើប្អូនធ្លាប់ស្រមៃចំពោះការលេងនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាដែរទេ ?
អារុណ៖ បាទ! ខ្ញុំចង់លេងឱ្យបឹងកេត ក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីខ្ញុំបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ២០២១។ បឹងកេតគឺជាក្លឹបដ៏អស្ចារ្យមួយ។ ខ្ញុំចង់ទៅលេងនៅទីនោះដើម្បីទទួលបានបទពិសោធន៍ ជំនាញនិងជួយបឹងកេតឈ្នះលីគ។ ខ្ញុំចង់ធ្វើជាគំរូដល់កីឡាករយុវជនថ្នាល ដូច្នេះពួកគេអាចអភិវឌ្ឍនខ្លួនឱ្យរីកចំរើនដើម្បីក្លាយជាកីឡាករឆ្នើមដែលពួកគេអាចធ្វើបាន។

៥. តើមានកីឡាករកម្ពុជាណាខ្លះ ដែលប្អូនតែងតែពេញចិត្តការលេងរបស់ពួកគេ?
អារុណ៖ ខ្ញុំចូលចិត្តកីឡាករល្អៗនៅបឹងកេត គឺ ចាន់ វឌ្ឍនាកា និង ទេស សម្បត្តិ ។

លោក Apisit Im-Amphai រំពឹងកីឡាករទាំងអស់ថែរក្សាកម្លាំងនិងរាងកាយឱ្យបានល្អអំឡុងពេលសំរាកនេះ

អំឡុងពេលដែលការប្រកួតត្រូវបានពន្យាពេល និង ការផ្អាកការហ្វឹកហាត់របស់កីឡាករនៅក្លិបបឹងកេត ក្រុមការងារបច្ចេកទេសក៏បានរៀបចំនូវលំហាត់មួយចំនួន ដើម្បីផ្តល់ឱ្យកីឡាករធ្វើការហ្វឹកហាត់ជាប្រចាំនៅតាមផ្ទះរបស់ពួកគេ ឬកន្លែងគួរសមផ្សេងៗ ដើម្បីរក្សានូវកម្លាំង និងកាយសម្បទាមាំមួន និងរក្សានូវសុខភាពរបស់ពួកគេឱ្យបានល្អ។

IMG_0191

គ្រូបង្គោលរបស់ក្លិប លោក Apisit Im-Amphai បានប្រាប់ក្រុមការងារគេហទំព័រ boeungketfc.com នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០នេះថា៖  ពួកយើងបានពិភាក្សាគ្នា នឹងបានរៀបចំលំហាត់ឱ្យទៅកីឡាករទាំងអស់អនុវត្តតាមដោយក្នុងនោះរួមមាន លំហាត់រត់ ២០នាទី និង លើកទំងន់ ៣០នាទី ហើយក្រៅពីនោះពួកគេក៏អាចធ្វើលំហាត់ខ្លួនឯងផ្សេងៗ ប្រមាណ ១០នាទីបន្ថែមទៀត ការធ្វើបែបនេះគឺដើម្បីរក្សាស្ថានភាពរាងកាយរបស់ពួកគេឱ្យបានល្អដោយយើងឱ្យពួកគេធ្វើលំហាត់ទាំងនេះ រៀងរាល់ថ្ងៃ និងសំរាក ២ថ្ងៃក្នុង១សប្តាហ៍ ” ។

DSC00262

លោកគ្រូក៏បានបន្តថា៖ យើងចង់ជំរុញទឹកចិត្តឱ្យកីឡាកររបស់យើងព្យាយាមហ្វឹកហាត់តាមអ្វីដែលក្រុមបច្ចេកទេសបានរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីអាចឱ្យកម្លាំង និងកាយសម្បទារបស់ពួកគេមានសភាពល្អ និងងាយស្រួលនៅពេលដែលយើងអាចត្រឡប់មកហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមការប្រកួត ” ។

AE5I8779

លោកគ្រូសង្កត់ធ្ងន់ថា៖ សូមកីឡាករទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងលក្ខខ័ណ្ឌអាជីព ដោយត្រូវគិតថាតើខ្លួនឯងត្រូវធ្វើយ៉ាងណាខ្លះ ក្នុងពេលវេលានេះ បើទោះបីជាមិនមានការប្រកួត ” 

ចុងក្រោយ លោកគ្រូក៏បានផ្ញើសារជូនទៅកាន់អ្នកគាំទ្រក្លិបបឹងកេត និងទស្សនិកជនបាល់ទាត់ទាំងអស់ ឱ្យថែរក្សាសុខភាព និងអនាម័យឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាល ហើយពួកយើងនឹងបានជួបគ្នាវិញក្រោយមេរោគ COVID-19 នេះលែងមានតទៅទៀតក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក ៕