Boeung Ket Football Club

ពិសាខបូរមី៖ “ ខ្ញុំចង់រៀនសូត្រពីសិស្សច្បងឱ្យបានច្រើនសិន ក្នុងការចូលរួមក្រុមធំឆ្នាំដំបូងនេះ ”

បន្ទាប់ពីត្រូវបានតម្លើងពីក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ឡើងមកក្រុមធំរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករវ័យក្មេង ជឿន ពិសាខបូរមី បានបង្ហើបថារូបគេកំពុងព្យាយាមស្រូបយកបទពិសោធន៍ពីរៀមច្បងនៅទីនេះ ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពរបស់ខ្លួន ។

pic-support-article

ឆ្លើយប្រាប់ក្រុមការងារព័ត៌មានគេហទំព័រ boeungketfc.com បូរមី បាននិយាយអំពីការសំរបខ្លួនចាប់តាំងពីចូលរួមជាមួយក្រុមធំថា៖ “ គិតមកដល់ពេលនេះការសម្របខ្លួនរបស់ខ្ញុំបានច្រើនគួរសមដែរហើយបង ។ សម្រាប់ខ្ញុំមើលទៅការខុសប្លែករវាងក្រុមតូច និងក្រុមធំមានច្រើន ពីព្រោះនៅក្រុមធំការហ្វឹកហាត់មានច្រើនជាង ហើយនៅក្រុមធំគេផ្ដោតលើកយុទ្ធសាស្រ្តក្រុម កលល្បិច កាយសម្បទា និង បទពិសោធ៏ទីលានច្រើនជាងនៅក្រុមតូច ” 

ក្នុងរយៈពេលប៉ុន្មានខែនាដើមឆ្នាំ ២០២០នេះ យុវជន មានវ័យ ១៩ឆ្នាំរូបនេះបង្ហាញអារម្មណ៍ថា៖ “ បាទបង តាំងពីឡើងមកពីក្រុម U18 នៅមិនទាន់អាចប្រជែងយកកៅអីលេងលើទីលានបាន សំរាប់ខ្ញុំយល់ថានៅមានចំណុចខ្វះខាតច្រើន ដែលផ្ដល់ភាពលំបាកសំរាប់ខ្ញុំនៅក្រុមធំនេះ គឺ កាយសម្បទា និង បទពិសោធ៏ការលេងនៅលើទីលានហ្នឹងតែម្ដង ” 

យ៉ាងណាមិញ កីឡាករមានដើមកំណើតក្នុងរាជធានីភ្នំពេញរូបនេះ បានប្រាប់ពីមហិច្ឆតារបស់ខ្លួនក្នុងឆ្នាំ ២០២០នេះ គឺ៖  “ ការព្យាយាមរៀនសូត្រពីបងៗ ដែលមានបទពិសោធន៍នៅទីនេះ ព្រោះរូបនៅក្មេងខ្ចី ដូចនេះឱកាសលេងលើទីលាន ខ្ញុំមិនទាន់គិតនោះទេ បច្ចុប្បន្ន ” 

នាយកបច្ចេកទេសក្លិបបឹងកេត ប្រាប់ពីផលប៉ះពាល់នៃអសកម្មភាពហ្វឹកហាត់ និងការប្រកួតរបស់កីឡាករ

លោក គឹម ភក្តី នាយកបច្ចេកទេសនៃក្លិបបាល់ទាត់បឹងកេត បានផ្តល់បទសម្ភាសដល់ក្រុមការងារផ្សព្វផ្សាយរបស់ក្លិប ជុំវិញការខកខានហ្វឹកហាត់ និងប្រកួតរបស់ក្រុមធំ និងក្រុមតូច (យុវជនអាយុក្រោម ១៨ឆ្នាំ) ព្រមទាំងផែនការណ៍នៃការហ្វឹកហាត់អំឡុងពេលវេលាដ៏លំបាកនេះ។

pic-support-article

 ចំពោះបច្ចុប្បន្ននេះ ពួកយើងនៅតែរក្សាការហ្វឹកហាត់តាមអនឡាញដដែល ប៉ុន្តែយើងកាត់បន្ថយសម្រាប់ឈុតធំ អាស្រ័យលើការប្រកួតយើងអត់មាន ដើម្បីកុំឱ្យមានភាពតានតឹង និងស្មុគស្មាញដល់ពួកគេ ដោយបន្ថយមកនៅ ២ពេល ក្នុង ១សប្តាហ៍ (ថ្ងៃអង្គារ៍, ថ្ងៃព្រហស្បតិ៍) ដែលគ្រូបានដាក់ឱ្យ អញ្ចឹងពេលដែលនៅសល់ ពួកគាត់ត្រូវហាត់រៀងខ្លួន ” 

pic-support-article1

ជាមួយគ្នានោះផងដែរ នាយកបច្ចេកទេសដដែលរូបនេះ បានប្រាប់អំពីផែនការណ៍ហ្វឹកហាត់របស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំថា៖ “ មិនខុសគ្នាទេ ពួកគាត់នៅហ្វឹកហាត់ដូចឈុតធំដែរ ប៉ុន្តែ ៣ពេល ក្នុង១សប្តាហ៍ (ច័ន្ទ, ពុធ និងសុក្រ) តាមរយៈវីដេអូអនឡាញ ដែលមានក្រុមគ្រូបង្វឹកតាមដានជារៀងរាល់ថ្ងៃ ” 

ជុំវិញកាលដែលមិនមានការប្រកួត និងប្រមូលផ្តុំហ្វឹកហាត់ជុំគ្នា លោក គឺម ភក្តី បានបង្ហាញអំពីចំណុចអវិជ្ជមានមួយចំនួនដែលនឹងផ្តល់ផលប៉ះពាល់ដល់ក្រុមថា៖  វាជះឥទ្ធិពលដល់កីឡាកររបស់យើង បើសិនជាសម្រាកយូរ គឺវាបាត់បង់ទាំងអស់ ទាំងទិន្នផលដែលខំប្រឹងហ្វឹកហាត់កន្លងមក ទាំងអារម្មណ៍ប្រកួតប្រជែង អារម្មណ៍នៃការហ្វឹកហាត់ ការស្រមៃនៅលើទីលានវិញ ក៏មានការលំបាក អញ្ចឹងវាបាត់បង់ច្រើនណាស់  

លោកបន្តថា៖   អ្វីដែលយើងព្រួយបារម្មណ៍ គឺពេលដែលត្រឡប់មកវិញគឺយើងត្រូវ ធ្វើវាឡើងវិញទាំងអស់ មិនមែនតែកម្លាំង យុទ្ធសាស្រ្ត អារម្មណ៍ និងអ្វីផ្សេងៗទៀតជាច្រើន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍបាល់ទាត់ហ្នឹង ” 

គួរឱ្យដឹងថា ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា បានសម្រេចពន្យាពេលចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិ រង់ចាំការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អំពីបច្ចុប្បន្នភាពនៃការបង្ការការឆ្លងមេរោគ COVID-19 ដែលបច្ចុប្បន្ននេះគឺគ្មានអ្នកឆ្លងនោះឡើយ ដោយជាសះស្បើយ ១២២ លើចំនួនអ្នកឆ្លងទាំង ១២២នាក់ ។

បឹងកេត ប្រកួតបាន ៤ប្រកួតក្នុងរដូវកាល ២០២០នេះ ដោយ ស្មើជាមួយអង្គរថាយហ្គឺរ ១-១ ឈ្នះ វិសាខា ១-០ ស្មើណាហ្គាវើលដ៍ ១-១ និង ឈ្នះ នគរបាលជាតិ ៣ ទល់នឹង ០ ទទួលបាន ៨ពិន្ទុ ឈរលេខរៀងទី ៥ ក្នុងតារាងពិន្ទុ ៕

លោក Shutter បង្ហាញពីអត្ថន័យចម្រៀងពីរបទ ដែលនិពន្ធសម្រាប់ក្លិបបឹងកេត

តារាចម្រៀងមួយរូបដែលនិយមចូលចិត្តនិពន្ធចម្រៀងប្រភេទកំសត់ លន្លង់លន្លោចលាយឡំនឹងមនោសញ្ចេតនា គឺលោក Shutter បានបកស្រាយអំពីអត្ថន័យនៃចម្រៀងចំនួន ២បទ ដែលលោកបាននិពន្ធជូនក្លិបបាល់ទាត់បឹងកេត ។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ boeungketfc.com លោក Shutter បាននិយាយថា៖ “ បទទីមួយដែលខ្ញុំធ្វើរបៀបកំសត់នោះ គឺផ្តោតលើការតស៊ូ អំណត់ អត់ធ្មត់ក្នុងក្រុម ហើយអ្វីដែលសំខាន់នោះគឺខ្ញុំក៏ធ្លាប់នៅក្នុងក្រុមផង អញ្ចឹងហើយទើបខ្ញុំដឹងពីរបៀបរបបនៃការហ្វឹកហាត់ និយាយឱ្យខ្លីទៅ បទនេះគឺចាក់ដោតសម្រាប់អ្នកដែលស្រលាញ់បាល់ទាត់តែម្តង មិនថាតែអ្នកគាំទ្របឹងកេតនោះទេ ”

pic-support-article

គួរឱ្យដឹងថា ក្រុមមួយក្តីស្រមៃមួយ គឺជាបទចម្រៀងទីមួយរបស់ Shutter នៅក្លិបបឹងកេត ដែលបទមួយនេះ រួមជាមួយនឹងឃ្លីបវីដេអូ ( Music Video ) ទទួលបានពានរង្វាន់បទចម្រៀង ដែលទទួលបានការគាំទ្រខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា កាលពីឆ្នាំ ២០១៩កន្លងទៅផងដែរ ។

លោក Shutter បានសម្តែងអារម្មណ៍ថា៖ ខ្ញុំពិតជាមានមោទកភាព និងរំភើបចំពោះអ្វីដែលពួកយើង (បឹងកេត) ទទួលបានក្នុងឆ្នាំ ២០១៩នេះ ហើយវាក៏ជាចំណងដៃរបស់ខ្ញុំដល់អ្នកគាំទ្រទាំងអស់គ្នាដែរ

នៅឆ្នាំ ២០២០នេះ មិនឱ្យរង់ចាំយូរឡើយ Shutter ក៏បានបញ្ចេញបទចម្រៀងទីពីររបស់ខ្លួន ជូនទៅដល់អ្នកគាំទ្របាល់ទាត់បឹងកេត ដែលមានចំណងជើងថា បេះដូងអ្នកគាំទ្រ ”

បទទីពីរនេះ Shutter បានពន្យល់ថា៖ ដោយសារតែបទមុនគឺរបៀបកំសត់ហើយ អញ្ចឹងលើកនេះ ខ្ញុំក៏ចង់ធ្វើឱ្យប្លែកពីមុន ហើយភ្លេងរបស់ចម្រៀងនេះគឺក្នុងលក្ខណៈ Cheer លើកទឹកចិត្ត អ្វីដែលកាន់តែប្លែកនោះគឺខ្ញុំបានច្រៀងរួមគ្នាជាមួយអ្នកចម្រៀងស្រី ហើយភាគច្រើននៃអត្ថន័យគឺខ្ញុំចង់ផ្តោតលើអ្នកគាំទ្រ ”

ចំពោះការចូលរួមសកម្មភាពបាល់ទាត់ជាមួយបឹងកេតក្នុងនាមជាកីឡាករវិញ Shutter ពន្យល់ថា៖ ដោយសារតែខ្ញុំមិនសូវមានពេលវេលាទំនេរច្រើន ព្រោះខ្ញុំសព្វថ្ងៃកំពុងមមាញឹកនឹងមុខរបររកស៊ីផ្ទាល់ខ្លួន អញ្ចឹងហើយទើបពុំសូវបានចូលរួមការហ្វឹកហាត់ជាមួយក្រុម តែខ្ញុំនឹងព្យាយាមចូលរួមឱ្យបានច្រើន ហើយបើមានឱកាសបង្ហាញសមត្ថភាព នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ”

ជាចុងក្រោយ លោក Shutter ក៏បានផ្តាំផ្ញើដល់អ្នកគាំទ្រក្លិបបឹងកេតទាំងអស់ ឱ្យទទួលបានសុខភាពល្អ និងសំណាងល្អ និងចូលរួមទស្សនាការប្រកួតរបស់បឹងកេត ពេលដែលលីគយើងដំណើរការវិញ និងជូនពរឱ្យក្លិបបឹងកេត ទទួលបានជ័យជម្នះ និងពានរង្វាន់នានាក្នុងឆ្នាំ ២០២០នេះ ៕

សៀង ចន្ធា៖ “ កម្លាំងរបស់ខ្ញុំនៅដដែល ព្រោះខ្ញុំតែងហ្វឹកហាត់ជាប្រចាំ ”

គ្រាដែលការប្រកួតក្នុងលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ត្រូវបានពន្យាពេលចាប់តាំងពី ថ្ងៃទី ១៦ ខែ មីនា កន្លងមក ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត សៀង ចន្ធា បានបង្ហាញថារូបគេតែងតែហ្វឹកហាត់ខ្លួនឯងជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការត្រឡប់មកវិញនៃការប្រកួត។

ឆ្លើយប្រាប់ក្រុមការងារ boeungketfc.com ពីស្រុកកំណើតនៅខេត្តកោះកុង ចន្ធា បាននិយាយថា៖ “ សម្រាប់ខ្ញុំអំឡុងពេលមិនមានការប្រកួតអស់រយៈពេលជាង១ខែកន្លះ ខ្ញុំមានសុខភាពល្អ រឹងមាំ មិនមានបញ្ហារបួស អ្វីទេ។ ញុំបានរក្សាកម្លាំងល្អ និងហ្វឹកហាត់តាមរបៀបដែល លេាកគ្រូបានណែនាំដាក់អេាយ ធ្វើនៅទីធ្លាមុខផ្ទះ សាលារៀន និងតាមឆ្នេរសមុទ្រ។ ” ។

ជាមួយគ្នានោះផងដែរ កីឡាករវ័យ ១៨ឆ្នាំរូបនេះ បានបង្ហើបអំពីការនឹករលឹកដល់ពេលវេលានៃបាល់ទាត់ដែលខ្លួនចាំមិនភ្លេច ចាប់តាំងពីចូលរួមជាមួយបឹងកេត គឺ៖  ខ្ញុំរំលឹកដល់ពេលវេលានៃបាត់ទាត់ដែលធ្វើអេាយខ្ញុំចាំមិនភ្លេចបានគឺ ការប្រកួតនៃសប្តាហ៍ទី២ យើងបានយកជំយជម្នះ និងមានអ្នកគាំទ្រច្រើនកុះករដែលក្លឹបមិនធ្លាប់មានពីមុនមក មួយទៀតអ្វីដែលខ្ញុំមកមិនអាចបំភ្លេចបាន គឺការប្រកួតនៅប្រទេស ឥណ្ឌូនេសុីដែលខ្ញុំមានរបួសជើងយ៉ាងខ្លាំង ធ្វើអេាយខ្ញុំខកខាតការហ្វឹកហាត់ជាច្រើនសប្ដាហ៍។ ” ។

pic-support-article

យ៉ាងណាមិញ សៀង ចន្ធា បានប្រាប់ថារូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការវិលត្រឡប់មកហ្វឹកហាត់និងការប្រកួត ទាំងកម្លាំង និងសមត្ថភាពបានយ៉ាងល្អ ពេលដែលលីគអាចដំណើរការឡើងវិញ។

ជាចុងក្រោយ ចន្ធា ក៏មានពាក្យផ្តាំផ្ញើទៅកាន់អ្នកគាំទ្រថា៖  ខ្ញុំសូមផ្ដាំផ្ងើដល់អ្នកគាំទ្រទាំងអស់គ្នា មើលថែសុខភាព អេាយបានល្អ ដើម្បីចៀសផុតពីជំងឺ កូវីដ 19 ហើយក៏សូមសំណូមពរដល់អ្នកគាំទ្រទាំងអស់គ្នា នៅពេលលីគដំណើរការ មានការប្រកួតឡើងវិញ សូមអ្នកគាំទ្រទាំងអស់គ្នាចូលរួមគាំទ្រអេាយបានច្រើនកុះករ ។ ” ។

pic-support-article-1

សូមបញ្ជាក់ ចាប់តាំងចូលរួមជាមួយបឹងកេត នាដើមរដូវកាល ២០២០នេះ ចន្ធា ទទួលបានឱកាសបង្ហាញខ្លួនក្នុង ៤ប្រកួតរបស់បឹងកេត និងរកគ្រាប់បាល់បាន ២គ្រាប់ ក្នុងជំនួបឈ្នះក្រុមនគរបាលជាតិ ៣-០ នៅសប្តាហ៍ទី ៤ និង បញ្ជូនបាល់ ( Assist ) ឱ្យមិត្តរួមក្រុម ទាត់បញ្ចូលទី ១គ្រាប់ ក្នុងប្រកួតឈ្នះវិសាខា ១-០ កាលពីសប្តាហ៍ទី ២ ៕