Boeung Ket Football Club

Hun Sen Cup៖ បឹងកេត ជួបខេត្តសៀមរាប ក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយថ្នាក់ជាតិ

ការចាប់ឆ្នោតជ្រើសរើសគូប្រកួតនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី ១៤ ឆ្នាំ ២០២០ បានចេញលទ្ធផលនាមុននេះបន្តិច ដោយក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់ខេត្តសៀមរាប ។

ការប្រកួតជើងទីមួយ នៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០២០ នាកីឡដ្ឋានស្វាយធំ (ខេត្តសៀមរាប) វេលាម៉ោង ៣:៣០នាទីរសៀល  និងជើងទីពីរ នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២០ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ វេលាម៉ោង ៣:៣០នាទីរសៀល ។

នេះគឺជាលើកទីពីរសម្រាប់ពួកយើងដែលនឹងត្រូវជួបខេត្តសៀមរាប ដោយកាលពីឆ្នាំ ២០១៩កន្លងទៅ ធ្លាប់ជួបគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយដូចគ្នានេះផងដែរ ដោយក្នុងទឹកដីឈ្នះ ៣-០ និងក្រៅទឹកដី ឈ្នះ ៦-០ ។

pic-support-article

គួររំលឹកថា ពួកយើងគឺជាក្រុមការពារតំណែងជើងឯកកាលពីឆ្នាំ ២០១៩ កន្លងទៅ ដោយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ ។

ឱ ភារុណ រំភើប និងអរគុណចំពោះទំនុកចិត្តដែលគ្រូផ្តល់ឱ្យ

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត ឱ ភារុណ ដែលមានឱកាសរកគ្រាប់បាល់ក្នុងជំនួបកំពូល ( The Classical Match ) ទល់នឹងក្លិបភ្នំពេញក្រោន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបង្ហាញអារម្មណ៍ រំភើប ចំពោះលទ្ធផលជ័យជម្នះ និងអរគុណចំពោះទំនុកចិត្តរបស់គ្រូបង្វឹក លើរូបខ្លួន។

ភារុណ បាននិយាយថា៖ “ ជាដំបូងពិតជាសូមអរគុណដល់លោកគ្រូ ភក្តី ដែលផ្តល់ឱកាសឱ្យខ្ញុំបានលេង បង្ហាញសមត្ថភាពលើទីលាន អ្វីដែលសំខាន់ គ្រាប់បាល់ដែលខ្ញុំរកបាននោះគឺកើតចេញពីការព្យាយាមហ្វឹកហាត់រៀងរាល់ថ្ងៃ ពិសេសកម្លាំងចិត្តពីគ្រូ និងមិត្តរួមក្រុម ”

pic-support-article

ជុំវិញការប្រៀបធៀប លទ្ធភាពនៃការលេងច្រើនជាងមុន កីឡាកររូបនេះ បានបញ្ជាក់ថា៖ “ ដោយសារតែឥលូវខ្ញុំមានឱកាសលេងច្រើនជាងមុន នាំឱ្យបទពិសោធន៍លើទីលានរបស់ខ្ញុំកើនឡើង គួបផ្សំជាមួយនឹងភាពវ័យឆ្លាតក្នុងទីលានរបស់ខ្ញុំផងដែរ ”

ភារុណ មិនមានអ្វីក្រៅពីពាក្យថា នឹងខិតខំព្យាយាមបន្ថែមទៀតដើម្បីសម្រេចគោលដៅក្នុងអាជីពបាល់ទាត់របស់គេ គឺចង់ជាប់ជម្រើសជាតិឈុតធំ ហេតុនេះទើបនាំឱ្យគេធ្វើយ៉ាងណាលេងឱ្យបានល្អបំផុតសម្រាប់ខ្លួនឯង និងក្លិប ។

pic-support-article1

គួរឱ្យដឹងថា ក្នុងការប្រកួតលីគកំពូលកម្ពុជា កន្លងមក ៩សប្តាហ៍ទៅនេះ ឱ ភារុណ មានឱកាសបង្ហាញខ្លួន ៤ប្រកួត រកគ្រាប់បាល់បាន ៣គ្រាប់ ក្នុងជំនួប ទល់នឹង ក្រុមនគរបាលជាតិ, គិរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន ៕

[ ផ្លូវការ​ ] ជំនួបរវាងយុវជនបឹងកេត ជាមួយយុវជនវិសាខា នឹងផ្លាស់ប្តូរទីលានប្រកួត

ការប្រកួតចុងក្រោយក្នុងពូល នៃដំណាក់កាលទីពីរ ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ របស់សហព័ន្ធបាល់ទាត់កម្ពុជា រវាងយុវជនបឹងកេត ទល់នឹងយុវជនវិសាខា ត្រូវផ្លាស់ប្តូរទីលានប្រកួត ពី កីឡដ្ឋានខេមបូឌាអ៊ែវ៉េ ទៅធ្វើនៅកីឡដ្ឋាន ស្មាត អ.អេស.អ៊ិន ជំនួសវិញ។

pic-support-article

photo_2020-07-23_13-59-44

តាមកាលវិភាគ គឺដោយសារតែការប្រកួតធ្វើឡើងនៅម៉ោង ៨ព្រឹក ថ្ងៃអាទិត្យ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២០ ស្របថ្ងៃគ្នាជាមួយនឹងការប្រកួតរបស់ក្រុមធំ បឹងកេត ទល់នឹងក្លិបភ្នំពេញក្រោន ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។

គួរឱដឹងថា បច្ចុប្បន្ន យុវជនបឹងកេត ស្ថិតក្នុងពូល A (ដំណាក់កាលទី២) ដោយឈរកំពូលតារាង មាន ៤ពិន្ទុ ឆ្លងកាត់ការប្រកួត ឈ្នះ យុវជនភ្នំពេញក្រោន ៥-២ និងស្មើយុវជន អាយ.អេស.អាយ ដង្កោសែនជ័យ ១-១ ។

ប្រកួតចុងក្រោយក្នុងពូល A នេះ នឹងកំណត់យកពីរក្រុមក្នុងពូល ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ៕

INJURY UPDATE៖ ម៉ុន វ៉ាន់ដា

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត គឺកីឡាករ ម៉ុន វ៉ាន់ដា ត្រូវបានក្រុមគ្រូពេទ្យប្រចាំក្លិបបានឱ្យដឹងថា រូបគេនឹងត្រូវសម្រាករយៈពេលយូរដើម្បីព្យាបាលរបួសដាច់សរសៃកជើងឆ្វេង ( Ligament Ankles ) អំឡុងការហ្វឹកហាត់ មុនការប្រកួតទល់នឹងក្រុម សូលទីឡូអង្គរ ក្នុងលីគកំពូលកម្ពុជា កាលពីសប្តាហ៍ទី ៦ កន្លងទៅ។

យោងតាមការឱ្យដឹងពី លោកគ្រូពេទ្យ ហ៊ុន ប៉េងឡុង បានរៀបរាប់ថា៖ “ របួសកជើង របស់គាត់នេះ នឹងត្រូវការសម្រាករយៈពេលពី ៤ ទៅ ៦ខែ ដោយនឹងត្រូវវះកាត់កជើងហ្នឹង ហើយបច្ចុប្បន្នយើងកំពុងទាក់ទងយករូបគេ ទៅប្រទេសវៀតណាម ”

pic-support-article1

ជុំវិញបញ្ហារបួសដែលនាំឱ្យរូបគេខកខានឱកាសបង្ហាញខ្លួនក្នុងលីគ គ្រាដែលការប្រកួតបើកដំណើរការឡើងវិញចាប់តាំងពីដើមខែកក្កដាកន្លងមក ម៉ុន វ៉ាន់ដា បានបង្ហាញអារម្មណ៍របស់ខ្លួនថា៖ “ ខ្ញុំពិតជាស្តាយឱកាសមែនទែន ដោយសារឆ្នាំនេះខ្ញុំមានឱកាសបង្ហាញខ្លួនច្រើនអញ្ចឹង ដល់ពេលដែលហាត់មិនទាន់បានលេងផង ក៏មានបញ្ហារបួសទៅវិញ ”

pic-support-article

វ៉ាន់ដា ក៏បាននិយាយបន្ថែមថា អំឡុងពេលរបួសនេះ រូបគេមិនទាន់អាចធ្វើការហ្វឹកហាត់អ្វីបាននោះទេ ប៉ុន្តែមានលំហាត់ខ្លះដែលខ្លួនត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ រង់ចាំការវះកាត់កជើងរបស់គេ ។

គួរឱ្យដឹងថា ម៉ុន វ៉ាន់ដា ទទួលបានឱកាសបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា កាលពីសប្តាហ៍ទី ១ ទល់នឹងក្លិបអង្គរថាយហ្គឺរ និងក្នុងជំនួប ទល់នឹងក្លិបនគរបាលជាតិ មុនពេលដែលសកម្មភាពកីឡាត្រូវបានផ្អាកជាបណ្តោះអាសន្នអំឡុងពេលទប់ស្កាត់ជំងឺ COVID-19 រហូតមកទល់នឹងបច្ចុប្បន្ន ៕

យុវជន១០រូបរបស់ក្លិបបឹងកេត ទទួលបានការកោះហៅចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា U-19

នារសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនូបញ្ជីឈ្មោះកីឡាករបឋមសរុប ៣៨នាក់ ដើម្បីត្រៀមធ្វើការហ្វឹកហាត់ដំណាក់កាលទី១ ជាមួយគ្រូបង្វឹកជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ មុនចូលរួមពានរង្វាន់ AFC U-19 Championship 2020 នៅខែ តុលាខាងមុខ។

107859205_2737661833137974_1098925244590878484_o

ក្នុងបញ្ជីនោះមានកីឡាករមកពីក្លិបបាល់ទាត់បឹងកេត និងយុវជនអាយុក្រោម១៨ឆ្នាំបឹងកេតផងដែរ ដោយរួមមាន៖ សៀង ចន្ធា, ជុង មករា, ថា ច័ន្ទឫទ្ធី, សៅ វ៉ៃហ្វី, សឿត ណាវ៉ា, ហ៊ត ឈិនជិន, ជឿន ពិសាខបូរមី (ក្រុមធំ) និង លី ម៉ាឯល, វ៉ាំង ដាវីន (ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ) ។

តាមកាលវិភាគ ក្រុមយុវជនទាំង ៣៨នាក់នេះ នឹងធ្វើការហ្វឹកហាត់រៀងរាល់ថ្ងៃអង្គារ៍ ក្នុង១សប្តាហ៍ គឺចាប់ពីថ្ងៃទី ១៤ ខែ កក្កដា ដល់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ នៅពហុកីឡដ្ឋានជាតិ ។

គួររំលឹកថា កម្ពុជា ត្រូវបានចាប់ឆ្នោតចូលក្នុងពូល A នៅក្នុងពានរង្វាន់ AFC U-19 Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន ដោយនឹងត្រូវតទល់ជាមួយក្រុមម្ចាស់ផ្ទះ អ៊ូបេគីស្ថាន, អ៊ីរ៉ង់ និង ឥណ្ឌូនេស៊ី ដែលការប្រកួតនឹងប្រព្រឹត្តិទៅពីថ្ងៃទី ១៤ ដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២០ខាងមុខនេះ ៕

ហុង ផេង ប្តេជ្ញាធ្វើឱ្យកាន់តែល្អ ក្រោយមានឱកាសបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមជាថ្មី

កីឡាករដែលមានវ័យចាស់ជាងគេនៅក្នុងក្លិបបាល់ទាត់បឹងកេត ខ្សែការពារសំបូរបទពិសោធន៍ ហុង ផេង បានបង្ហាញអំពីក្តីរំភើបក្រោយពីរូបគេទទួលបានឱកាសបង្ហាញខ្លួនជាថ្មី និងតួនាទីជាប្រធានក្រុម ដឹកនាំការប្រកួតក្នុងជំនួប ឈ្នះ សូលទីឡូអង្គរ ៣-០ កាលពីថ្មីៗនេះ។

pic-support-article

ហុង ផេង បាននិយាយថា៖ “ ខ្ញុំពិតជាសប្បាយចិត្តចំពោះការវិលចូលទីលានវិញ និងរីករាយជាមួយនឹងតំណែងជាប្រធានក្រុម ដែលលោកគ្រូ គីម ភក្តី ផ្តល់ជូន ហើយលទ្ធផលឈ្នះសូលទីឡូ ៣-០នេះ គឺមានរឿងល្អច្រើនដែលយើងបានធ្វើ និងចំណុចខ្លះទៀតត្រូវកែលម្អ ”

ច្រើនជាងនេះទៅទៀត កីឡាករវ័យ ៣១ឆ្នាំរូបនេះបានបន្ថែមថា៖ “ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អបន្តទៀត ព្រោះអីយើងទើបតែធ្វើការជាមួយលោកគ្រូ បាន ២-៣សប្តាហ៍ អញ្ចឹងធ្វើឱ្យយើងមានចំណុចខ្វះខាតតិចតួច ”

ឆ្លៀតក្នុងឱកាសដែលការប្រកួតដែលស្ថិតក្នុងលក្ខខ័ណ្ឌបិទទ្វារ មិនមានអ្នកគាំទ្រទស្សនាផ្ទាល់នៅកីឡដ្ឋាន ខ្សែការពារដដែលរូបនេះបានអះអាងថា៖ “ ពិតណាស់ វាជារឿងដ៏ក្រៀមក្រំមួយ ប៉ុន្តែនៅលើទីលានកីឡាករទាំងអស់ យល់អំពីកាលៈទេសៈ ដោយយើងខំប្រឹងអស់ពីលទ្ធភាព ព្រោះទោះពួកគាត់មិនបានមកមើលផ្ទាល់ ក៏ពួកគាត់នៅតែទស្សនាតាមទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែរ ”

គួររំលឹកថា ហុង ផេង ទទួលបានទំនុកចិត្តពីគ្រូបង្វឹកបណ្តោះអាសន្ន លោក គីម ភក្តី បង្ហាញខ្លួនលើទីលានរយៈពេល ៨៤នាទីនៃការប្រកួតទល់នឹងសូលទីឡូអង្គរ និងត្រូវបានផ្លាស់ប្តូរជំនួសដោយកីឡាករ លី វ៉ាហេទ មុនបញ្ចប់ការប្រកួត ។

នៅថ្ងៃអាទិត្យ ទី ១១ ខែ កក្កដា ឆ្នាំ ២០២០នេះ បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតក្រៅទឹកដីទល់នឹងក្លិបគិរីវង់សុខសែនជ័យ វេលាម៉ោង ៣:៣០នាទីរសៀល ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV Cambodia ៕