Boeung Ket Football Club

សៀង ចន្ធា ជុំវិញតួនាទីដែលគ្រូផ្តល់ឱ្យ និងការចាប់ដៃគូជាមួយ នូរុណ នៅតំបន់ប្រយុទ្ធ

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត សៀង ចន្ធា បានសម្តែងអំពីអារម្មណ៍សប្បាយចិត្តរបស់ខ្លួនក្នុងការចាប់ផ្តើមរដូវកាល ២០២០នេះ ជាមួយក្លិបបឹងកេត ក្រោយពីរូបគេអាចរកគ្រាប់បាល់បាន ៧គ្រាប់ម្នាក់ឯង និងជួយឱ្យក្លិបកំពុងស្ថិតក្នុងកំណត់ត្រាមិនបរាជ័យ គិតត្រឹមសប្តាហ៍ទី ១២ នៃលីគកំពូលកម្ពុជា។

pic-support-article1

ទាំង១១ប្រកួតក្នុង ១២សប្តាហ៍របស់ក្លិបបឹងកេត សៀង ចន្ធា តែងត្រូវបានគ្រូបង្វឹកជ្រើសរើសឱ្យស្ថិតក្នុងជម្រើស ១១នាក់ដំបូងគ្រប់ការប្រកួត ហើយមិនត្រឹមតែឱកាសរកគ្រាប់បាល់ខ្លួនឯងបានប៉ុណ្ណោះទេ រូបគេក៏អាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីថែមទៀតផង។

ចន្ធា៖ “ ខ្ញុំសប្បាយចិត្តដែលខ្ញុំមានឱកាសបង្ហាញខ្លួនលើទីលានបានច្រើន ហើយចំពោះការសហការក្រុមគឺល្អ សូម្បីតែការរកគ្រាប់បាល់ និង Assist របស់ខ្ញុំ ក៏ខ្ញុំសប្បាយចិត្ត តែអ្វីទាំងអស់នេះគឺបានមកពីពួកយើងទាំងអស់គ្នាធ្វើការជាក្រុម ទើបចេញជាលទ្ធផលបែបនេះ ”

អំពីទម្រង់លេងដែលគ្រូបានផ្តល់ឱ្យ ជាខ្សែប្រយុទ្ធស្លាប ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ “ ខ្ញុំពេញចិត្តនឹងទម្រង់លេងនេះ ហើយនិយាយទៅប្រយុទ្ធបីខាងលើគឺខ្ញុំអាចលេងបានទាំងអស់មិនថាស្លាបស្តាំ ឆ្វេង ឬកណ្តាលទេ ហើយទោះជាខ្ញុំលេងនៅកន្លែងណាក៏ដោយ ខ្ញុំមិនគិតអំពីការរកគ្រាប់បាល់នោះទេ អ្វីដែលសំខាន់នោះគឺជោគជ័យរបស់ក្លិប ការឈ្នះរបស់ក្លិប ”

pic-support-article

ចន្ធា សង្កត់ធ្ងន់ថា៖ “ ការរកគ្រាប់បាល់បាន ជាអ្វីដែលសំខាន់សម្រាប់តួនាទីខ្សែប្រយុទ្ធ តែអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺក្រុមឈ្នះ បើខ្ញុំរកគ្រាប់បាល់បាន ប៉ុន្តែក្រុមចាញ់ វាគឺគ្មានន័យទេ ”

អំពីការចាប់ដៃគូលេង និងរកបានគ្រាប់បាល់រួមគ្នាជាមួយមិត្តរួមក្រុម ម៉ាត់ នូរុណ ត្រូវបានសៀង ចន្ធា បកស្រាយថា៖ “ ខ្ញុំយល់ថា វាមានផលវិជ្ជមានច្រើន ព្រោះពួកយើងយល់ចិត្តគ្នាបានច្រើន សហការគ្នាក្នុងទីលាន ពួកយើងពន្យល់គ្នាបានច្រើន អញ្ចឹងហើយ ធ្វើឱ្យយើងយល់ចិត្តគ្នាកាន់តែច្បាស់ ហើយសហការគ្នាបានល្អក្នុងការប្រកួតនិមួយៗ ”

pic-support-article2

ចំពោះការប្តេជ្ញាចិត្តរបស់យុវជនមកពីខេត្តកោះកុងរូបនេះ មិនខុសពីការមកចូលរួមក្លិបកាលពីដើមរដូវកាលនោះទេ គឺរូបគេនឹងខំប្រឹងលេងឱ្យអស់ពីលទ្ធភាពដើម្បីក្លិប ហើយចំពោះការរំពឹងទុកពីលទ្ធផលនៃការប្រកួតចុងក្រោយក្នុងជើងទី១ ទល់នឹងក្លិបព្រះខ័នរាជស្វាយរៀង រូបគេ មិនអាចស្មានបាននោះទេ ដោយគ្រប់យ៉ាងនឹងដឹងច្បាស់ក្រោយការប្រកួតបញ្ចប់ តែយ៉ាងណា រូបគេ និងមិត្តរួមក្រុម នឹងធ្វើអ្វីដែលអ្នកគាំទ្រ និងក្លិបគួរតែទទួលបាន ។

សូមរំលឹកថា សៀង ចន្ធា បង្ហាញខ្លួន ១១ប្រកួតឱ្យបឹងកេតក្នុងលីគកំពូលកម្ពុជា ដោយរកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៣គ្រាប់ ហើយនៅក្នុងពានរង្វាន់សម្តេចហ៊ុន សែន រូបគេរកបាន២គ្រាប់ ក្នុងជំនួបទល់នឹងក្រុមបាល់ទាត់ខេត្តសៀមរាបទៀតផង ៕

យុវជនបឹងកេត អាយុក្រោម១៨ឆ្នាំ ក្នុងវគ្គ៤ក្រុមចុងក្រោយ KMH CUP 2020

ក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិបបឹងកេត ដែលកំពុងប្រកួតក្នុងពានរង្វាន់ KMH CUP 2020 បានឈានចូលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាស្វ័យប្រវត្តិហើយ ទោះបីនៅសល់ ១ប្រកួតទៀតក្នុងពូល A ក៏ដោយ ។

pic-support-article1

ស្ថិតក្រោមការដឹកនាំរបស់លោកគ្រូ ឈុន សុធារ័ត្ន យុវជនបឹងកេត កំពុងស្ថិតនៅកំពូលតារាងពូល A មាន ១៣ពិន្ទុ ប្រកួត ៥លើក ឈ្នះ ៤ និងស្មើ ១ ជាមួយនឹងលទ្ធផលដូចជា៖
+ជើងទីមួយ៖
-ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ យុវជនបឹងកេត U-18 ១៧-១ យុវជន HFCA U-18 ។
-ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ យុវជនបឹងកេត U-18 ៣-១ យុវជនវិសាខា U-16 ។
-ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា យុវជនព្រះខ័នរាជស្វាយរៀង ៣-០ ប្រកួតទល់នឹង យុវជនបឹងកេត U-18 ។
+ជើងទីពីរ៖
-ថ្ងៃពុធ ទី២៩ ខែកក្កដា យុវជន HFCA U-18 ០-១៦ យុវជនបឹងកេត U-18 ។
-ថ្ងៃពុធ ទី៥ ខែសីហា យុវជនវិសាខា U-16 ២-២ យុវជនបឹងកេត U-18 ។
-ថ្ងៃពុធ ទី១២ ខែសីហា យុវជនបឹងកេត U-18 ប្រកួតទល់នឹង យុវជនព្រះខ័នរាជស្វាយរៀង U-18 ។

pic-support-article

តាមលក្ខន្តិកៈនៃកម្មវិធីប្រកួត ក្រុមលេខ ១ ពូល A នឹងត្រូវជួបក្រុមលេខ ២ ពូល B ឯ ក្រុមលេខ ២ពូល A ជួបក្រុមលេខ ១ ពូល B ដោយប្រកួតរូបមន្តវិលជុំ ( ជើងទី១ នៅថ្ងៃទី ១៩ ខែ សីហា និង ជើងទី២ នៅថ្ងៃទី ២៦ ខែ សីហា ។

ការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក ធ្វើនៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២០ និងគូប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ក្នុងថ្ងៃជាមួយគ្នានោះផងដែរ ៕

ម៉ាត់ នូរុណ ដាក់គោលដៅប្រជែងស្បែកជើងមាសលីគកំពូលរដូវកាលនេះ

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត ម៉ាត់ នូរុណ ក្រោយជាសះស្បើយពីរបួសរបស់ខ្លួនរយៈពេលស្ទើរតែមួយឆ្នាំកន្លងទៅ បានបង្ហាញវត្តមាន និងសមត្ថភាពគួរឱ្យកត់សម្គាល់ក្នុងក្លិប នាប៉ុន្មានប្រកួតដើមរដូវកាល ២០២០នេះ។

ជាមួយនឹងការបង្ហាញខ្លួន ៨ ក្នុង ៩ប្រកួតឱ្យក្លិបបឹងកេត នូរុណ ទាត់បញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន ៤គ្រាប់ទៀតផង។

pic-support-article1

ជុំវិញកំណត់ត្រាដ៏ល្អរបស់ខ្លួននេះ កីឡាករវ័យ ២២ឆ្នាំរូបនេះប្តេជ្ញា នឹងជួយក្លិបប្រជែងជើងឯកក្នុងពានរង្វាន់នានា សម្រាប់រដូវកាល ២០២០នេះ។

“ ចំពោះខ្ញុំ ជួយក្រុមឱ្យឈ្នះជើងឯក ជាគំនិតទីមួយ បន្ទាប់មកគឺខ្ញុំខំប្រឹងទាត់បញ្ចូលទីឱ្យបានច្រើនសម្រាប់ខ្លួនឯង ព្រោះខ្ញុំចង់បានស្បែកជើងមាសក្នុងរដូវកាលនេះ ” ការលើកឡើងរបស់នូរុណ ប្រាប់ក្រុមការងារគេហទំព័រ boeungketfc.com ។

គួរឱ្យដឹងថា នូរុណ រកគ្រាប់បាល់ដំបូងក្នុងរដូវកាលនេះ ពេលទាត់ចូលក្រុមអង្គរថាយហ្គឺរ (បាល់ពិន័យ១១ម៉ែត្រ) និងរកបាន១គ្រាប់ថែមទៀតក្នុងជំនួបទល់នឹងក្លិបកងយោធពលខេមរភូមិន្ទ ក្រោយមកទៀត ២គ្រាប់ ទល់នឹងក្លិបភ្នំពេញក្រោន និងចុងក្រោយគឺ ធ្វើបាន Hattrick ទល់នឹងក្លិបអគ្គិសនីកម្ពុជា ។

pic-support-article

គួររំលឹកថា ម៉ាត់ នូរុណ ផ្លាស់មកពីក្លិបអគ្គិសនីកម្ពុជា មកចូលរួមក្លិបបឹងកេត នៅដំណាច់ឆ្នាំ ២០១៨ ខណៈដែលពេលនោះរូបគេជួបបញ្ហារបួសដាច់សរសៃជង្គង់អំឡុងពេលហ្វឹកហាត់ត្រៀមរដូវកាលថ្មី រហូតដល់ចុងរដូវកាល ២០១៩ ដែលរូបគេសះស្បើយពីរបួសរបស់ខ្លួន និងចូលរួមបង្ហាញវត្តមានលើកដំបូងឱ្យបឹងកេត ក្នុងជំនួបទល់នឹងក្លិបគិរីវង់សុខសែនជ័យ ក្នុងនាមជាកីឡាករបម្រុង ហើយរូបគេក៏រួមចំណែកជួយឱ្យក្លិបឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៩នោះផងដែរ ៕

ដាវីន៖ ខ្ញុំសប្បាយចិត្តចំពោះគ្រាប់បាល់ដែលរកបាន តែនៅមានចំណុចខ្វះខាតដែលត្រូវហ្វឹកហាត់បន្ថែម

យុវជនចំណូលថ្មីរបស់ក្រុមបាល់ទាត់បឹងកេតអាយុក្រោម ១៨ឆ្នាំ វ៉ាំង ដាវីន បានបង្ហាញអារម្មណ៍របស់ខ្លួន ក្រោយរកគ្រាប់បាល់ជាបន្តបន្ទាប់ឱ្យក្រុម ក្នុងការប្រកួតពានរង្វាន់ KMH CUP 2020 ថារូបគេរំភើបចិត្តចំពោះគ្រាប់បាល់នោះ តែថាក្រុមរបស់ខ្លួនគួរតែធ្វើបានល្អជាងនេះ។

វ៉ាំង ដាវីន“ បាទបង, វាគឺជាគ្រាប់ទីពីររបស់ខ្ញុំនៅបឹងកេត ខ្ញុំសប្បាយចិត្តណាស់ ព្រោះគ្រាប់ទាំងនេះ វាតំណាងឱ្យអ្នកស្រុកកំពង់ឆ្នាំង តែអ្វីដែលខ្ញុំសោកស្តាយគឺយើងគួរតែធ្វើបានល្អជាងគូប្រកួតរបស់ខ្លួន ក្នុងប៉ុន្មានប្រកួតកន្លងទៅនេះ ។ ”

pic-support-article

យុវជនមកពីខេត្តកំពង់ឆ្នាំងរូបនេះបន្ថែមថា៖ “ នៅទីនេះមានការប្រកួតប្រជែងខ្លាំងណាស់បង ទាំងការហ្វឹកហាត់ និងការបង្ហាញលើទីលាន តែវាគឺជាអ្វីដែលខ្ញុំចង់បាន ហើយខ្ញុំនឹងខិតខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីជាកីឡាករល្អរបស់ក្លិបដែលខ្ញុំស្រលាញ់ ។ ”

គួររំលឹកថា ចាប់តាំងពីចូលរួមក្លិបបឹងកេត កាលពីខែកក្កដាកន្លងទៅ វ៉ាំង ដាវីន ទទួលបានឱកាសបង្ហាញខ្លួន ៣ប្រកួតហើយ ពោលគឺទល់នឹងក្រុមយុវជន HFCA U18, យុវជនអាយុក្រោម១៨ឆ្នាំ វិសាខា និង យុវជនអាយុក្រោម ១៥ឆ្នាំ វិសាខា ខណៈដែលរូបគេត្រូវបានកោះហៅចូលរួមធ្វើតេស្តសមត្ថភាពនៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ត្រៀមប្រកួតពានរង្វាន់ AFC U-19 Championship 2020 ខាងមុខនេះថែមទៀតផង ៕