គ្រូបង្គោលបណ្តោះអាសន្នរបស់ក្លិបបឹងកេត លោក គឹម ភក្តី បានបង្ហាញអំពីអារម្មណ៍សោកស្តាយ ក្នុងជំនួបសប្តាហ៍ទី ១៦ ទល់នឹងក្លិបព្រះខ័នរាជស្វាយរៀង ដែលក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ១ ទល់នឹង ១ ហើយគ្រាប់បាល់ទាំងពីរគ្រាប់កើតឡើងនៅចុងវគ្គទី២ទៅហើយ។
លោក គឹម ភក្តី៖ “ លទ្ធផល ការប្រកួតថ្ងៃមុន យេីងមានការសោកស្តាយ ដែលយេីងធ្វេីអោយរបូតគ្រប់បាល់ ចុងនាទីទៅហេីយ តែទោះជាយ៉ាងណាក៍ យេីងទទួលយកដែរ បាល់ទាត់គឺបែបនេះអ្វីៗគឺអាចកេីតឡេីងគ្រប់វិនាទី ដូច្នេះយេីងត្រូវហ្វឹកហាត់បន្ថែមទៀត ដេីម្បីកែរប្រែក្នុងការប្រកួតក្រោយៗទៀត ” ។
ទោះបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ក៏បឹងកេត នៅបន្តឈរកំពូលតារាង ដោយមាន ២ពិន្ទុលើព្រះខ័នរាជស្វាយរៀង និងនៅសល់ ២ប្រកួតទៀតដើម្បីបញ្ចប់ជុំទីពីរនេះ ដែលត្រូវជួបជាមួយ កងយោធពលខេមរភូមិន្ទ និង ភ្នំពេញក្រោន។ អំពីការប្រកួតទាំងពីរដ៏សំខាន់ៗនេះ លោកគ្រូ ភក្តី បានលើកឡើងថា៖ “ ច្បាស់ណាស់ថាពីរប្រកួតចុងក្រោយនៃលីគ គឺយេីងត្រូវរៀបចំអោយបានល្អបន្ថែមទៀត ដេីម្បីមានឱកាសឈ្នះពានរង្វាន់ឆ្នាំនេះបាន ” ។
គួររំលឹកថា បច្ចុប្បន្ន បឹងកេត មាន ៣៧ ពិន្ទុ ស្ថិតនៅលើព្រះខ័នរាជស្វាយរៀង ដែលមាន ៣៥ពិន្ទុ ហើយការប្រកួតបន្ទាប់គឺសុទ្ធតែនៅក្រៅទឹកដី ពោលគឺជួប កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ១១ ខែ តុលា និង ភ្នំពេញក្រោន នៅថ្ងៃទី ២៥ ខែ តុលា ៕
នាមុននេះបន្តិច ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ ២០២០ ដោយកំណត់ចំនួន ១០ភាគរយ (10%) នៃចំនួនកៅអីសរុបតាមកីឡដ្ឋាននីមួយៗ។
យ៉ាងណាមិញក៏មានវិធានការមួយចំនួនដែលត្រូវគោរព៖
-បន្តការផ្សាយបន្តផ្ទាល់ការប្រកួតតាមទូរទស្សន៍/ហ្វេសប៊ុក
-បង្កើតគណៈកម្មការត្រួតពិនិត្យការប្រកួតកីឡាតាមក្លិប ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយសមាសភាពគណៈកម្មការត្រូវមាន (១) អ្នកទទួលខុសត្រូវក្លិបកីឡា និង(២) គ្រូពេទ្យប្រចាំក្លិបកីឡា។
-អ្នកចូលទស្សនាត្រូវចុះឈ្មោះជាមុនតាមប្រព័ន្ធអនឡាញ ដោយកំណត់នូវទីតាំងកៅអី និងអសយដ្ឋានច្បាស់លាស់ រួមទាំងលេខទូរស័ព្ទ។
-ក្លិបនិមួយៗត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលដែលបាននឹងកំពុងអនុវត្ត។
អានសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាល៖
ខ្សែការពារ ស្លេះ សេ៊ន បាននិយាយអំពីការប្រកួតប្រជែងក្នុងជុំទីពីរ នៃលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ការប្រកួត ២លើក ទល់នឹង វិសាខា និង ណាហ្គាវើលដ៍ ថា ក្រុមទាំងអស់ មានការត្រៀមខ្លួនបានយ៉ាងល្អ ធ្វើឱ្យពិបាកក្នុងការស្វែងរកជ័យជម្នះ តែរូបគេអះអាងថា នឹងប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីជួយក្រុមបន្តឈរកំពូលតារាងរហូត។
ស្លេះ សេ៊ន៖ “ មិនមែនតែយើងនោះទេ ក្រុមទាំងអស់សុទ្ធតែត្រៀមខ្លួនបានល្អ ទាំងទម្រង់លេង និងការផ្លាស់ប្តូរកីឡាករល្អៗ ជាហេតុនាំឱ្យយើងកាន់តែពិបាកក្នុងការរកពិន្ទុ ប៉ុន្តែសម្រាប់ក្រុមយើងគឺអស់សូវមានបញ្ហាទេ ស្មារតីក្រុមរបស់យើងកាន់តែខ្លាំង ព្រោះពួកយើងចេះជួយគ្នាជាក្រុម ទាំងតំបន់ប្រយុទ្ធ និងការពារ គឺយើងសហការគ្នាបានល្អ ” ។
អតីតកីឡាករដែលធ្លាប់ឈ្នះពានលីគកំពូលកម្ពុជា ជាមួយបឹងកេត កាលពីឆ្នាំ ២០១៧រូបនេះបន្តថា៖ “ សម្រាប់ប្រកួតថ្ងៃអាទិត្យនេះ ក្រុមគេ (ព្រះខ័នរាជស្វាយរៀង) ប្រាកដជាត្រៀមខ្លួនដើម្បីប្រកួតជាមួយយើង ដូចតែយើងត្រៀមប្រកួតជាមួយពួកគេដូចគ្នា វាប្រៀបដូចជាប្រកួតផ្តាច់ព្រ័ត្រ ក្នុងលីគកំពូលកម្ពុជា និងជាប្រកួតដ៏ជក់ចិត្តមួយ ព្រោះពិន្ទុរបស់ពួកយើងនៅកៀកគ្នាខ្លាំង តែខ្ញុំនិងក្រុម នឹងប្រឹងប្រែងដើម្បីយកជ័យជម្នះ ដូចដែលយើងធ្លាប់ធ្វើបានកាលពីជើងទីមួយ ” ។
រំលឹកថា បឹងកេត នឹងបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ប្រកួតសប្តាហ៍ទី ១៧ ទល់នឹង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៣:៣០នាទីរសៀល ៕
ខ្សែការពារវ័យក្មេងរបស់ក្លិបបឹងកេត ទេស សម្បត្តិ បានបង្ហាញទស្សនៈអំពីការប្រកួតនានាក្នុងជុំទីពីរ នៃលីគកំពូលកម្ពុជា ដែលបឹងកេត នឹងត្រូវជួបជាមួយក្រុមខ្លាំងៗទាំង ៥ ក្នុងតំបន់កំពូលទាំង ៦ ថារូបគេ និងក្រុម បានត្រៀមខ្លួនរួចរាល់ដូចទៅនឹងជុំទីមួយដែរ ។
ទេស សម្បត្តិ៖ “ សម្រាប់ជុំទីពីរនេះ គឺយើងត្រៀមខ្លួនដូចទៅនឹងជុំទីមួយដែរ យើងនឹងធ្វើឱ្យអស់ពីសមត្ថភាព ដូចដែលការប្រកួតកន្លងមកដែលយើងអាចធ្វើបាន ” ។
នឹងត្រូវប្រឈមមុខជាមួយសុទ្ធតែក្រុមខ្លាំង ខ្សែការពារដដែលរូបនេះ អះអាងថា៖ “ សម្រាប់ខ្ញុំជាខ្សែការពារ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង មកដល់វគ្គហ្នឹង ដែលបានលេងជាមួយគូប្រកួតខ្លាំងៗ មានអារម្មណ៍ថាវាអស្ចារ្យខ្លាំងសម្រាប់បឹងកេត ក្នុងរដូវកាលនេះ ហើយខ្ញុំបន់ឱ្យដល់ការប្រកួតឆាប់ៗ ខ្ញុំចង់ប្រកួត ” ។
ចំពោះក្តីរំពឹង ពីការប្រកួតទាំង ៥ដែលនៅសល់នេះ គឺ ទេស សម្បត្តិ រំពឹងថាមិនឱ្យចាញ់នោះឡើយ ដើម្បីក្រុមនៅបន្តឈរកំពូលតារាង និងគ្រងជើងឯកលីគជាលើកទី៤ក្នុងប្រវត្តិសាស្រ្ត និងជាលើកដំបូងក្នុងអាជីពរបស់គេ៕
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត កីឡាករ ម៉ាត់ នូរុណ បានបង្ហាញអំពីការត្រៀមលក្ខណៈក្នុងការជួយក្រុមបំពេញភារកិច្ចឱ្យបានល្អនៅក្នុងជុំទីពីរនៃលីគកំពូលកម្ពុជា ដែលចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅ។
ឆ្លើយប្រាប់ក្រុមការងារព័ត៌មានរបស់ក្លិប ម្ចាស់អាវលេខ ១០រូបនេះបាននិយាយថា៖ “ ខ្ញុំពិតជាសប្បាយចិត្តចំពោះការប្រកួតនានាដែលនឹងចូលមកដល់ ព្រោះការប្រកួតក្នុងជុំទីពីរនេះគឺការប្រកួតប្រជែងនឹងរឹតតែខ្លាំង ” ។
នូរុណ បានបន្តថា៖ “ ខ្ញុំគិតថាការជួបជាមួយសុទ្ធតែក្រុមខ្លាំង ក្នុង៥ប្រកួតចុងក្រោយ វាជារឿងល្អសំរាប់ការអភិវឌ្ឈសមត្ថភាព បេីនិយាយរឿងរកគ្រាប់បាល់បេីសិនខ្ញុំអាចរកគ្រាប់បាល់បានវាជារឿងល្អសំរាប់ខ្ញុំ បន្តែបេីសិនជាខ្ញុំអាចជួយអោយក្រុមលេីកពានវារឹតតែអសា្ចរ្យសំរាប់ខ្ញុំ ” ។
ចំពោះសំនួរដែលក្រុមការងារគេហទំព័រ boeungketfc.com បានចោទសួរថា៖ តើ ៥ប្រកួតនោះ ក្រុមណាដែលប្អូនគិតថាជាឧបសគ្គ ? នូរុណ បានឆ្លើយថា៖ “ ខ្ញុំគិតថា ក្រុមណាក៏ពិបាកដែរបង ព្រោះក្នុងជើងទីមួយជួបជាមួយក្រុមទាំងប្រាំនោះ ភាគច្រើនយើងឈ្នះ អញ្ចឹងក្នុងជុំទីពីរនេះ ពួកគេប្រាកដជាព្យាយាមគ្រប់បែបយ៉ាង ដើម្បីឱ្យយើងពិបាកក្នុងការរកពិន្ទុ ” ។
សូមរំលឹកថា គិតត្រឹម១២ប្រកួតកន្លងមក ម៉ាត់ នូរុណ ទទួលបានឱកាសបង្ហាញខ្លួន ១១លើក រកគ្រាប់បាល់បាន ១៣គ្រាប់ កំពុងស្ថិតក្នុងការប្រដេញកំពូលតារាងកីឡាករទាត់ចូលទីច្រើនជាងគេ ១គ្រាប់ប៉ុណ្ណោះ ៕
ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Dzarma Bata ដែលទើបធ្វើការផ្លាស់ពីក្លិបអង្គរថាយហ្គឺរ មកចូលរួមបឹងកេត ក្នុងជុំទីពីរនៃលីគកំពូលកម្ពុជា លក្ខខណ្ឌខ្ចីជើង បានបង្ហាញអារម្មណ៍ថាខ្លួនពិតជារីករាយចំពោះការវិលត្រលប់នេះ ហើយអន្ទះសារចង់ចាប់ផ្តើមការប្រកួតរបស់ខ្លួនឆាប់ៗ។
Bata បាននិយាយថា៖ “ អារម្មណ៍ដែលវិលត្រលប់បឹងកេតពេលនេះ គឺហាក់បីដូចជាការធ្វើដំណើរវែងឆ្ងាយទៅកាន់កន្លែងផ្សេងហើយវិលមកផ្ទះវិញអញ្ចឹង គឺអារម្មណ៍ល្អណាស់ ដែលមកកាន់ទីកន្លែងដែលខ្ញុំធ្លាប់ឈ្នះពានលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ” ។
ជាមួយគ្នានោះផងដែរ ជុំវិញការត្រៀមលក្ខណៈប្រកួតក្នុងជុំទីពីរ កីឡាករដដែលរូបនេះបន្តថា៖ “ សម្រាប់ខ្ញុំក្នុងការចូលរួមជុំទីពីរនេះ គឺដើម្បីឈ្នះពាននេះម្តងទៀតជាមួយបឹងកេត វាដូចទៅនឹងអ្វីដែលយើងធ្លាប់ធ្វើកាលពីប៉ុន្មានឆ្នាំមុន (ឆ្នាំ២០១៦)” ។
អំពីបរិយាកាសហ្វឹកហាត់ជាមួយក្រុមវិញ Dzarma Bata បានបង្ហើបឡើងថា៖ “ ការហ្វឹកហាត់គឺពិតជាមានការរៀបចំបានល្អសម្រាប់កីឡាករទាំងអស់ ហើយក្រុមគ្រូបង្វឹកមានកម្មវិធីហ្វឹកហាត់បច្ចេកទេសដ៏ល្អ ដែលនាំឱ្យកីឡាករឆាប់ចាប់បានលើតួនាទីរបស់ពួកគេ ចំពោះខ្ញុំវិញ ខ្ញុំឆាប់សុំាជាមួយនឹងការហ្វឹកហាត់នេះទៅហើយ ខ្ញុំចូលចិត្តវា និយាយរួមពួកយើងកំពុងតែធ្វើការជាក្រុមបានល្អ ” ។
គ្រាដែលការប្រកួតចុងសប្តាហ៍នេះ បឹងកេត នឹងត្រូវប៉ះជាមួយក្រុមខ្លាំង វិសាខា Bata បាននិយាយអំពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ “ វាជាប្រកួតដ៏ធំ ហើយយើងនឹងធ្វើឱ្យអស់១០០ភាគរយ និងយកចិត្តទុកដាក់លើការប្រកួតនេះ យើងនឹងតាំងចិត្តប្រយុទ្ធឱ្យដល់ទីបញ្ចប់ ដើម្បីទទួលបានលទ្ធផលដែលយើងចង់បាន ” ។
សូមរំលឹកថា ការប្រកួតនឹងចាប់ផ្តើមវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន ព្រីនស៍ នាថ្ងៃអាទិត្យ ទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ ដោយមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក កម្ពុជាថ្មី ៕
ខ្សែការពារសញ្ជាតិកូតឌឺវ័រ Anderson Zogbe បានបង្ហាញអំពីចំណាប់អារម្មណ៍របស់រូបគេ ជុំវិញការត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងជុំទីពីរនៃលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ដែលរូបគេអះអាងថា ក្រុមនឹងធ្វើបានកាន់តែល្អជាងជុំទីមួយទៅទៀត។
ថ្លែងប្រាប់ក្រុមការងារ boeungketfc.com កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានឆ្លើយឆ្លងនឹងសំណួរដែលបានចោទសួរដូចខាងក្រោម៖
១. តើអ្វីខ្លះ ដែលអ្នក និងក្រុមរបស់អ្នកបានរៀបចំត្រៀមសម្រាប់ជុំទីពីរនេះ?
Anderson៖ ចំពោះជុំទីពីរនេះ ពួកយើងកំពុងតែធ្វើការយ៉ាងល្អជាមួយគ្នា ហើយយើងនឹងធ្វើឱ្យបានល្អជាងការប្រកួតក្នុងជុំទីមួយទៅទៀត។
២. តើអ្នកអាចបង្ហាញអារម្មណ៍របស់អ្នកអំពីដំណាក់កាលទីពីរនេះថាយ៉ាងណាដែរ ដែលយើងត្រូវលេងត្រឹមតែ ៥ប្រកួត ប៉ុន្តែសុទ្ធតែជាក្រុមខ្លាំង?
Anderson៖ ចំពោះខ្ញុំ៥ប្រកួតនោះ គឺប្រកួតផ្តាច់ព្រ័ត្រ ព្រោះយើងជួបក្រុមខ្លាំងទាំងអស់ តែយ៉ាងណាក៏ដោយក្រុមរបស់ខ្ញុំគឺក្រុមរឹងមុំាមួយ ដែលអាចធ្វើឱ្យក្រុមដទៃភ្ញាក់ផ្អើលបានគ្រប់ពេលវេលា ហើយខ្ញុំជឿថាពួកយើងនឹងធ្វើវាបានក្នុងជុំទីពីរនេះ។
៣. តើអ្នកបានគិត និងមានគោលបំណងបែបណាចាប់ពីពេលនេះតទៅ?
Anderson៖ គោលដៅរបស់ខ្ញុំគឺ ឈ្នះជើងឯកជាមួយក្រុម និងលេងនៅ AFC CUP ។
គួររំលឹកថា ចាប់តាំងពីចូលរួមជាមួយក្លិបបឹងកេត នារដូវកាល ២០២០នេះ Anderson ទទួលបានឱកាសបង្ហាញខ្លួនក្នុងការប្រកួត ១១លើក ក្នុង១២ប្រកួតឱ្យក្លិបបឹងកេត និងរកគ្រាប់បាល់បាន ២គ្រាប់ ( ១គ្រាប់ទល់នឹង សូលទីឡូអង្គរ និង១គ្រាប់ទៀត ទល់នឹងគិរីវង់សុខសែនជ័យ ) ជួយក្លិបឱ្យឈរកំពូលតារាងក្នុងជុំទីមួយនេះ ។
ក្នុងកាលវិភាគប្រកួតជុំទីពីរ បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយ វិសាខា នៅកីឡដ្ឋានព្រីនស៍ ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៦ល្ងាច ដែលក្នុងវគ្គនេះគឺជាវគ្គប្រកួតរវាងក្រុមក្នុងតំបន់ TOP6 សន្សំពិន្ទុបន្ត ៕
ជុំវិញព័ត៌មានអំពីទីផ្សារដោះដូរកីឡាកររបស់ក្លិបបឹងកេត ដែលកាលពីថ្មីៗនេះបានប្រកាសខ្ចីជើងកីឡាករ Dzarma Bata មកពីក្លិបអង្គរថាយហ្គឺរ សម្រាប់ត្រៀមប្រកួតជុំទីពីរនៃលីគកំពូលកម្ពុជា លោក គឹម ភក្តី ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន បានអះអាងថា វត្តមានរបស់រូបគេ នឹងបន្ថែមទម្ងន់នៅតំបន់ណាមួយបានល្អ។
លោក គឹម ភក្តី ឆ្លើយឆ្លងជាមួយក្រុមការងារគេហទំព័រ boeungketfc.com ថា៖ “ ដោយសារតែ Franc មានបញ្ហាគ្រួសារ ដែលម្តាយមានជំងឺត្រូវត្រឡប់ទៅស្រុកវិញ យើងក៏ជំនួសនូវកីឡាករដែលខ្ចីពីអង្គរថាយហ្គឺរ គឺ Bata ដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំក្លិប អង្គរថាយហ្គឺរ ដែលបានផ្តល់ Bata មកចូលរួមបឹងកេត រយៈពេលខ្លី ប៉ុន្តែខ្ញុំជឿជាក់ថា គាត់អាចឆាប់យល់ពីរបៀបលេងរបស់យើង ជាពិសេសគាត់ក៍ធ្លាប់ជាកីឡាករបឹងកេតដែរ ដូច្នេះ គាត់មានទំនាក់ទំនងល្អជាមួយ ក្រុមបច្ចេកទេស និងកីឡាករ ក្នុងក្រុមហេីយយេីងសង្ឃឹមថា រាល់បច្ចេកទេស និងបទពិសោធន៍ របស់គាត់អាចជួយបន្ថែមទម្ងន់នៅតំបន់ណាមួយបានល្អ ” ។
គួររំលឹកថា Dzarma Bata ធ្លាប់ចូលរួមជាមួយបឹងកេតម្តងរួចមកហើយកាលពីអតីតកាល ដែលកាលនោះរូបគេធ្លាប់ឈ្នះពានលីគកំពូលកម្ពុជាជាមួយបឹងកេត កាលពីរដូវកាល ២០១៦ផងដែរ ។
ក្នុងកាលវិភាគប្រកួតជុំទីពីរ បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយ វិសាខា នៅកីឡដ្ឋានព្រីនស៍ ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៦ល្ងាច ដែលក្នុងវគ្គនេះគឺជាវគ្គប្រកួតរវាងក្រុមក្នុងតំបន់ TOP6 សន្សំពិន្ទុបន្ត ៕