ក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់បឹងកេត បានត្រឡប់មកធ្វើការហ្វឹកហាត់សារជាថ្មីដើម្បីត្រៀមខ្លួនសម្រាប់ប្រកួតទីពីរនៅក្នុងពានរង្វាន់ KMH League U18 រដូវកាល ២០១៩ ដែលនឹងត្រូវជួបគូប្រកួត យុវជនអគ្គិសនីកម្ពុជា U18 នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
គ្រូបង្វឹករបស់ក្រុមយុវជនយើង លោកគ្រូ ឈុន សុធារ័ត្ន បាននិយាយអំពីការត្រៀមខ្លួនរបស់ក្រុមថា៖ « ប្រកួតជាមួយអគ្គិសនី ខ្ញុំជឿជាក់ថា ពួកគាត់នឹងធ្វើបានល្អ ដោយសារតែយើងស្គាល់ពីកីឡាករ ហើយយើងមានពេលរៀបចំច្រើនជាងប្រកួតមុន »។
លោកគ្រូ ក៏បានលើកឡើងផងដែរ « ចំពោះប្រកួតទីមួយដែលយើងបរាជ័យ គឺដោយសារតែ ជាប្រកួតដំបូងរបស់ពួកយើង ហើយកីឡាករគឺរើសភ្លាមៗ អញ្ចឹងហើយយើងពិបាកក្នុងការស្វែងយល់អំពីកីឡាករយើង ថាតើពួកគេគួរលេងកន្លែងណាដែរ ប៉ុន្តែដោយសារតែប្រកួតដំបូងនេះ អាចឱ្យក្រុមគ្រូបង្វឹកចាប់ផ្តើមយល់ច្បាស់ពីពួកគេ » ។
គួរបញ្ជាក់ថា ឆ្លងកាត់ប្រកួតទីមួយ យុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ បានប្រកួតចាញ់ក្រុមយុវជនព្រះខ័នរាជស្វាយរៀង ៥-០ ខណៈដែលប្រកួតទីពីរទល់នឹងយុវជនអគ្គិសនីកម្ពុជា នឹងធ្វើឡើងនៅម៉ោង ៣រសៀល ទីលាន KMH ៕