ក្នុងការប្រកួតសប្តាហ៍ទី០៤ នៅពានរង្វាន់ KMH Cup 2019 របស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ បានបញ្ចប់ទៅដោយបរាជ័យទល់នឹងក្រុមកំពូលតារាង វិសាខា ១-០ នារាត្រីថ្ងៃអាទិត្យ ទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីលាន KMH ។
វាគឺជាការប្រកួតដ៏តានតឹងបំផុតសម្រាប់ក្រុមទាំងពីរ និងគួរឱ្យជក់ចិត្ត ដល់អ្នកទស្សនាក្នុងការប្រយុទ្ធគ្នាទៅវិញទៅមក បើទោះបីជាក្រុមយើងខកខានក្នុងការរកគ្រាប់បាល់ក៏ពិតមែន។
ក្នុងនោះផងដែរកីឡាករសំខាន់ៗរបស់យើង ០២រូបបានជួបនឹងបញ្ហារបួសអំឡុងការប្រកួត ដូចជា ខ្សែការពារដ៏រឹងមាំ រតនៈ មុនី និងខ្សែបម្រើវ័យក្មេង អេម ផលនិត ។
ឆ្លងកាត់បរាជ័យលើកនេះ យុវជនរបស់យើង ជួបបរាជ័យ ០២លើកមកហើយ និងឈ្នះ ០២លើកផងដែរ ដោយបន្តឈរលេខរៀងទី ៤ ជាបន្តទៀត។
នៅសប្តាហ៍ក្រោយ នឹងមិនមានការប្រកួតរបស់យើងឡើយ ដោយសប្តាហ៍ទី ០៥ របស់យើង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧ ខែ កុម្ភៈ ទល់នឹងក្រុមលេខ០២ ភ្នំពេញក្រោន U17 ៕