ក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ នឹងប្រកួតជាមួយក្រុមយុវជនវិសាខា ក្នុងសប្តាហ៍ទី១០ នៅក្នុងពានរង្វាន់ KMH CUP 2019 នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោង ៣រសៀល នាទីលាន KMH ។
ប្រកួតនេះគឺជាការប្រកួតដ៏សំខាន់បំផុតសម្រាប់ក្រុមយុវជនរបស់យើង ក្នុងការសងសឹកទៅនឹងបរាជ័យកាលពីជើងទីមួយ ១-០ កាលពីដើមខែមករាកន្លងទៅ ក៏ដូចជាដើម្បីធានាកៅអីកំពូលតារាង។
មុនជួបគ្នាជើងទីពីរនេះ ក្រុមទាំងពីរបានផ្លាស់ប្តូរបន្ថែមសមាសភាពកីឡាកររៀងខ្លួន រួមមាន៖
យុវជនបឹងកេត៖ នី សាគីរីន / លី ម៉ាឯល / រ៉េះ ស្លៃម៉ាន និង ឆៃ ដាវីត
យុវជនវិសាខា៖ ម៉ុច សុធារតន៍ / អាត អូនតូច
ចំពោះលទ្ធផលក្នុងការប្រកួត២លើកចុងក្រោយក្នុងជុំទីពីរនេះរបស់ក្រុមទាំងពីរគឺ យុវជនបឹងកេត ឈ្នះ ២-១ យុវជនព្រះខ័នរាជស្វាយរៀង ឈ្នះ ២-០ យុវជនអគ្គិសនីកម្ពុជា និងឈ្នះ ៦-០ យុវជនកាហ្វេកម្ពុជា ។
ចំណែកឯយុវជនវិសាខាវិញ គឺ ០-០ យុវជនព្រះខ័នរាជស្វាយរៀង ឈ្នះយុវជនអគ្គិសនីកម្ពុជា ៣-០ និងឈ្នះយុវជនកាហ្វេកម្ពុជា ៤-០ ។
កីឡាកររកគ្រាប់បាល់ច្រើនជាងគេឱ្យក្រុមយុវជនបឹងកេត គឺ កីឡាករ នី បញ្ញា (៤គ្រាប់) ខណៈដែលយុវជនវិសាខាគឺ កីឡាករ សេង សុថែ (៥គ្រាប់) ។
គួររំលឹកផងដែរថា សម្រាប់លក្ខន្តិកនៃការប្រកួតពានរង្វាន់ KMH CUP គឺប្រកួតសន្សំពិន្ទុវិលជុំ ២ដង ក្រុមចំណាត់ថ្នាក់លេខ ១ដល់លេខ ៤ ត្រូវឡើងទៅលេងវគ្គជម្រុះដោយប្រើរូបមន្ត កាំជណ្តើរ៖
-លេខ៣ ជួបប្រកួតជាមួយលេខ៤ (ប្រកួតS1) ក្រុមចាញ់បានចំណាត់ថ្នាក់លេខ៤
-ក្រុមលេខ២ ជួបក្រុមឈ្នះប្រកួត S1 (ប្រកួតS2) ក្រុមចាញ់បានចំណាត់ថ្នាក់លេខ ៣
-ក្រុមលេខ ១ ជួបក្រុមឈ្នះប្រកួត S2 (ប្រកួត FINAL) ៕