គ្រូបង្គោលក្រុមបឹងកេតអង្គរលោក ប្រាក់ សុវណ្ណារ៉ា បានសម្ដែងនូវភាពសប្បាយរីករាយ នៅពេលដែលទទួលដំណឹងថាកីឡាករខ្សែរការពារវ័យក្មេងបឹងកេតអង្គរ លី វ៉ាហេទ ត្រូវបានកោះហៅឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឈុតធំដើម្បីត្រៀមការប្រកួតជម្រុះ AFC Asian Cup ។
ត្បិតថានេះជាបញ្ជីឈ្មោះបឋមក៏ដោយតែលោកបានថ្លៃងថា៖ «ជាមោទនភាពរបស់ក្លិប ដែលគ្រូជម្រើសជាតិបានកោះហៅកីឡាករវ័យក្មេងមួយរូបនេះឲ្យចូលរួមក្រុម ចំពោះភាពជាក់ស្ដែងលោកសង្កេតឃើញថា កីឡាករវ័យក្មេងរូបនេះហាក់បង្ហាញទម្រង់លេងបានល្អ ក្នុងការប្រកួត U-19 នៅខេត្ត ឈៀង រ៉ៃ ប្រទេសថៃ រួមជាមួយការប្រកួតពានរង្វាន់សម្ដេចតេជោ វគ្គជម្រុះក្នុងពូលនាពេលកន្លងមក ជាពិសេសការបង្ហាញខ្លួនលើកចុងក្រោយក្នុងជ័យជំនះ ៧-១លើក្រុម អង្គស្នងការដ្ឋាននគរបាលជាតិក្នុងការប្រកួតលីគកំពូលដែលរូបគេបង្ហាញខ្លួនបានពេញ៩០នាទី»។
លោកបន្ថែមថា ជាទិសដៅរបស់គ្រូបង្វឹកគឺគាត់មើលមិនខុសនោះទេ ព្រោះថា លី វ៉ាហេទ អាចនិងបង្កើនសម្ថភាពខ្លាំងជាងនេះបន្ថែមទៀតក្នុងការប្រកួតព្រឹត្តិការណ៍ SEA Games 2017 នាពេលខាងមុខ។
ចំណែកកីឡាករ លី វ៉ាហេទ ផ្ទាល់បានរៀបរាប់ថារូបគេសប្បាយរីករាយណាស់ដែលទទួលបានឱកាសនេះព្រោះជារឿងដែលនឹកស្មានពុំដល់ហើយថាការជាប់ជម្រើសជាតិឈុតធំគឺជាក្ដីស្រមៃរបស់គេជាយូរមកហើយ ដូច្នេះរូបគេប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងជាងនេះទៀត ដើម្បីបានឱកាសទៅចូលរួមប្រកួតនៅចិនតៃប៉ិនាពេលខាងមុខ។
សូមបញ្ជាក់ថា លីវ៉ាហេទ ត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិឈុតធំដើម្បីចូលរួមហ្វឹកហាត់ ត្រៀមចូលរួមប្រកួតជម្រុះ AFC Asian Cup វគ្គជម្រុះទល់នឹង ចិនតៃប៉ិនា ដើមខែមិថុនាខាងមុខនេះ ខណៈដែលបឹងកេតអង្គរមានកីឡាករ៦រូបផ្សេងទៀតដែលស្ថិតក្នុងបញ្ជីជម្រើសជាតិឈុតធំដូចជា ចាន់ វឌ្ឍនាការ, សុខ សុវណ្ណ, ហុង ផេង, រស់ សំអឿន, ឃួន ឡាបូរាវី និង ស៊ូ យ៉ាទី។