ក្រោយពីការប្រកួតដំណើរការអស់រយៈពេលកន្លះឆ្នាំកន្លងមក ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក ឈុន សុធារ័ត្ន បាននាំក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ KMH CUP 2019 ដែលជាលើកដំបូងចាប់តាំងពីក្រុមបង្កើតឡើង។
របាយការណ៍ការប្រកួត
កាលពីថ្ងៃទី ១ ខែមិថុនា ម្សិលមិញនេះ ជាការប្រកួតផ្តាច់ព្រ័ត្រទល់នឹងក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់វិសាខា ដែលការប្រកួតបញ្ចប់ក្នុងលទ្ធផល ៣-១ ។
ក្រុមទាំងពីរបានតទល់គ្នា ៤៥នាទីក្នុងវគ្គទី១ ដោយមិនមានគ្រាប់បាល់ទាត់ចូលទីគ្នាឡើយ។ លុះចូលដល់វគ្គទី២ ការប្រកួតចាប់ផ្តើមមានសន្ទុះនៃការប្រយុទ្ធទៅវិញទៅមក រហូតដល់នាទី ៤៨ និង ៥៤ យុវជនវិសាខា រកគ្រាប់បាល់នាំមុខ ២គ្រាប់ភ្លាមៗ និងបន្ថែមបាន ១គ្រាប់ទៀត នៅនាទី ៧៩ ខណៈដែល វ៉ន ខៃតុ របស់បឹងកេត រកគ្រាប់តាមពីក្រោយបានវិញនៅចុងម៉ោងទៅហើយ និងរក្សារហូតដល់ចប់ការប្រកួត។
ក្នុងការប្រកួតនោះផងដែរ អ្នកចាំទីជម្រើសដំបូងរបស់យើង ទូច ម៉ាណាន់ រងរបួស និងបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ បើទោះបីជាទទួលបានលទ្ធផលត្រឹមរងជើងឯកក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក ឈុន សុធារ័ត្ន បានសម្តែងការសរសើរដល់កីឡាករខ្លួន ដែលចាប់ផ្តើមតាំងពីមិនសូវយល់ពីបាល់ទាត់ រហូតដល់អាចយល់ដឹងបានច្រើនជាងមុន ហើយម្យ៉ាងវិញទៀត ពួកយើងក៏អាចស្តារស្ថានភាពក្នុងវគ្គសន្សំពិន្ទុ ពីបាតតារាងក្នុងប្រកួតដំបូង និងឈរលេខរៀងទី១ ក្នុងប្រកួតចុងក្រោយផងដែរ។
សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងលើកទឹកចិត្ត និងគាំទ្រក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ក្នុងការចូលរួមពានរង្វាន់ KMH CUP លើកដំបូងរបស់ពួកយើងកន្លងមក ៕