គ្រាដែលការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ លើកទី១៣ បានឈានដល់វគ្គជម្រុះ ១៦ក្រុមចុងក្រោយ ក្រុមបាល់ទាត់បឹងកេត បានបញ្ចូលឈ្មោះយុវជនអាយុក្រោម១៨ឆ្នាំ ចំនួន ៤រូប ទៅក្នុងក្រុមធំ ។
កីឡាករទាំង៤រូបនោះ រួមមាន៖ ស្រ៊ី ពិសិដ្ឋ, លី ម៉ាឯល, ហ៊ត ឈិនជិន និង នី សាគីរីន ។
ពួកគេ បានចូលរួមក្នុងការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមធំ និងបង្ហាញសមត្ថភាពចំពោះមុខគ្រូបង្វឹក ហៅ សុជាតិ នៅជំនួប ២-២ ជាមួយភ្នំពេញក្រោនកន្លងមកនេះផងដែរ ។
គួរបញ្ជាក់ថា ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នឹងចាប់ផ្តើមពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ សម្រាប់ជើងទី១ ដោយ បឹងកេត ត្រូវជួប ខេត្តសៀមរាប នៅកីឡដ្ឋានសៀមរាប ។
ចំពោះជំនួបជាមួយក្រុមរងជើងឯកថ្នាក់ខេត្តនេះផងដែរ គ្រូបង្វឹក ហៅ សុជាតិ ក៏បានអះអាងថា គឺត្រូវការឈ្នះជាចាំបាច់ ដើម្បីជាក្តីសង្ឃឹមខ្ពស់ក្នុងការត្រឡប់មកលេងនៅជើងទី២ ៕