ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មដំបូងនៃការប្រកួតជម្រុះពូល C នៃពានរង្វាន់ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី កាលពីរាត្រីថ្ងៃអង្គារ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ដោយមានការប្រកួតចំនួន ២លើក ក្នុងនោះមានដូចជា ស្មើគ្នាជាមួយហុងកុង ១-១ និងចាញ់ បារ៉ែន ០-១ ។
កីឡាកររបស់ក្លិបបាល់ទាត់បឹងកេត ២ រូប ដែលស្ថិតក្នុងបញ្ជីកីឡាករ ២៣រូបចុងក្រោយរបស់កម្ពុជា បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងបេសកកម្មដ៏មានអត្ថន័យមួយនេះរៀងៗខ្លួន៖
ខ្សែការពារ សេត រ៉ស៊ីប៖ “ និយាយទៅគឺទទួលបានបទពិសោធន៍ជាច្រើន យើងអាចដឹងពីកំរិត របៀបលេងនៅស្រុកគេ ” ។
“ ការប្រកួតទី១ និងទី២ ដែលខ្ញុំបានលេង គឺអត់សូវខុសគ្នាទេ គ្រាន់តែថាប្រកួតទី១ កីឡាករគេមានកំរិតប្រហាក់ប្រហែលនឹងយើង អញ្ចឹងយើងមានភាពងាយស្រួលក្នុងការលេង តែប្រកួតទី២ កំរិតគេគឺខ្ពស់ជាងយើង អញ្ចឹងហើយការគ្រប់គ្រងបាល់របស់យើងគឺពិបាក ហើយអត់សូវមានឱកាសយកបាល់ទៅមុខ ទាត់ទីគេបានច្រើនទេ ” រ៉ស៊ីប និយាយអំពីការបង្ហាញខ្លួនទាំង ២ប្រកួតរបស់ខ្លួន ។
គួរឱ្យដឹងថា រ៉ស៊ីប លេងក្នុងប្រកួតទល់នឹងហុងកុង ពេញ៩០នាទី និងបង្កើតឱកាសជាច្រើន ក្នុងនោះបញ្ជូនបាល់ឱ្យកែវ សុខផេង ស៊ុតបញ្ចូលទី ១គ្រាប់ផងដែរ ខណៈក្នុងជំនួបទល់នឹងបារ៉ែន រូបគេលេងបាន ៨៤នាទី និងត្រូវបានប្តូរចេញ។
ខ្សែការពារ ទេស សម្បត្តិ៖ “ ខ្ញុំនៅតែនិយាយថា ខ្ញុំរីករាយដែលជាកីឡាករក្នុង ២៣រូបចុងក្រោយរបស់ក្រុមជម្រើសជាតិ ត្បិតតែខ្ញុំមិនមានឱកាសលេងលើទីលានក៏ដោយ វាមានបទពិសោធន៍ថ្មីៗជាច្រើនដែលខ្ញុំទទួលបាន ព្រោះវ័យនៅក្មេង បានប៉ុណ្ណឹងខ្ញុំសប្បាយចិត្ត ហើយមិនមានការអាក់អន់ចិត្តអ្វីឡើយ តែខ្ញុំនឹងខំប្រឹងបន្តទៀត ” ។
សូមបញ្ជាក់ថាក្រោយចប់ភារកិច្ចនៅក្រុមជម្រើសជាតិ កីឡាកររបស់យើងទាំង ២រូប នឹងត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយក្លិបវិញ ដើម្បីត្រៀមលក្ខណៈប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ជាថ្មី ៕