ចាន់ វឌ្ឍនាកា ត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗ និងជំនួសដោយកីឡាករ Eduardo វិញដោយបញ្ហារបួសជង្គង់ដែលកើតឡើងក្នុងអំឡុងការប្រកួតទល់នឹងក្រុមណាហ្គាវើល ក្នុងពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី២៣ កាលពីម្សិលមិញនៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ។
ការប្រកួតដែលបញ្ចប់ដោយលទ្ធផលស្មើ ១:១ វឌ្ឍនាកា ជាអ្នករកគ្រាប់បាល់តាមស្មើឲ្យយើងវិញដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី៣៧នៃការប្រកួតក្រោយ Kipson របស់ ណាហ្គាវើលសម្រេចបាល់ពិន័យ១១ម៉ែត្រនេះដូចគ្នាតាំងពីនាទី១៣។
ជុំវិញស្ថានភាពរបួសរបស់កីឡាកររូបនេះ បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យប្រចាំក្លិបបានបញ្ជាក់ថា វឌ្ឍនាកា ទំនងត្រូវសម្រាកព្យាបាលរបួសយ៉ាងតិចពី ២ទៅ៣សប្ដាហ៍ប្រសិនបើលទ្ធផល នៃការពិនិត្យបង្ហាញថាពុំមានអការៈធ្ងន់ធ្ងរខ្លាំងនោះទេ ព្រោះរបួសនេះគឺជារបួសកន្លែងចាស់។
ថ្លែងមកកាន់ក្រុមការងារផ្នែកផ្សព្វផ្សាយនិងព័ត៌មានរបស់ក្លិប លោក បែ មករា អគ្គលេខាធិការក្លិបបានបញ្ជាក់ថា៖ «តាមពិតទៅ ចាន់ វឌ្ឍនាកា រងរបួសតាំងពីពេលជួបវិសាខាមកម្ល៉េះ តែដោយសារស្ថានភាពក្រុមចាំបាច់ខ្លាំងទើបធ្វើឲ្យយើងបង្ខំចិត្តប្រើប្រាស់ខ្សែប្រយុទ្ធរូបនេះឲ្យជួយបំពេញបន្ថែម ទាំងដែលគាត់លេងទាំងមិនទាន់ជាសះស្បើយ ១០០% ពីស្ថានភាពរបួសនៅឡើយ ហើយម្សិលមិញ វឌ្ឍនាកា បានប៉ះទង្គិចជាថ្មីទៀតនៅលើទីលានហើយចំកន្លែងដដែល ទើបធ្វើឲ្យយើងជួបបញ្ហាកាន់តែខ្លាំង» ។
” គ្រប់គ្នាមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហារបួសគាត់ ទី១យើងត្រូវមានភារកិច្ចធំមួយដោយត្រូវជួប ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួត ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គផ្ដាច់ព្រ័ត្រនៅដើមខែ១១ និងទី២យើងត្រូវការបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អប្រសើរមួយសម្រាប់ការប្រកួតដែលនៅសេសសល់ក្នុងលីគកំពូល ” លោក បែ មករា បន្ថែមបែបនេះ។