គ្រាដែលកាលវិភាគប្រកួតផ្លូវការមិនមានក្នុងសប្តាហ៍នេះ ក្នុងឱកាសក្រុមជម្រើសជាតិកម្ពុជា បំពេញបេសកកម្មនៅវគ្គជម្រុះ FIFA World Cup 2022 ក្លិបបាល់ទាត់បឹងកេត នឹងមានកម្មវិធីប្រកួតមិត្តភាពកម្តៅសាច់ដុំ សម្រាប់ប្រភេទក្រុមទាំង ៣កំរិត គឺក្រុមធំ យុវជនអាយុក្រោម១៨ឆ្នាំ និងនារីអាយុក្រោម ១៨ឆ្នាំ ក្នុងសប្តាហ៍នេះ។
ក្រុមធំរបស់យើង នឹងត្រូវប្រកួតមិត្តភាព ជាមួយក្រុមបាល់ទាត់វិសាខា នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានវិសាខា ខណៈដែលលោកគ្រូបង្គោល ហៅ សុជាតិ បញ្ជាក់ថា នឹងមានការប្រកួតសមជើង ១ប្រកួតទៀត មុនលីគកំពូលត្រឡប់មកវិញ គឺជាមួយ ណាហ្គាវើល នៅថ្ងៃទី ១២ ខែ តុលា វេលាម៉ោង ៣:៣០នាទីរសៀល នៅទីលានអង្គការផ្កាយសមុទ្រ ។
ក្រៅពីនោះផងដែរ ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ របស់យើង ក៏នឹងមានការប្រកួតមិត្តភាពជាមួយនឹងក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ក្រសួងការពារជាតិ វេលាម៉ោង ៤រសៀល ថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ នេះគឺជាការត្រៀមខ្លួនរបស់ក្រុមយុវជនយើង ត្រៀមចូលរួមការប្រកួតពានរង្វាន់ KMH CUP ដែលកាលពីឆ្នាំមុន យើងទទួលបានចំណាត់ថ្នាក់លេខ ២ គឺជើងឯករង ។
សម្រាប់ក្រុមបាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ វិញ នឹងធ្វើការប្រកួតមិត្តភាពលើកទី៣ ទល់នឹងក្រុមបាល់ទាត់នារីភ្នំពេញក្រោន (ក្រុមធំ) នៅកីឡដ្ឋាន ស្មាត អ អេស អ៊ិន វេលាម៉ោង ៩ព្រឹក ថ្ងៃសៅរ៍ ទី៥ ខែ តុលា ។ លទ្ធផលនៃការប្រកួតកន្លងមករបស់ក្រុមនារីបឹងកេត គឺ ទទួលបានលទ្ធផលដូចខាងក្រោម៖
– ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ១០-០ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមបាល់ទាត់នារី PSE ៤-៣ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមយុវជន KMH ក្រោមអាយុ១៦ឆ្នាំ ១៣-១ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ៥-០ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ