ក្លិបបាល់ទាត់បឹងកេត នឹងចូលរួមប្រកួតក្នុងពានរង្វាន់មិត្តភាពអន្តរជាតិមួយ តាមការអញ្ជើញពីក្លិបបាល់ទាត់ PSMS Medan នៃលីគលំដាប់ទីពីររបស់ប្រទេសឥណ្ឌូនេស៊ី ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៦ ខែមករា ដល់ទី ១៨ ខែ មករា ឆ្នាំ ២០២០ ដែលមានឈ្មោះថា EDY RAHMAYADI CUP 2020 ។
ក្លិបដែលត្រូវចូលរួមមានដូចជា៖ PSMS Medan (ម្ចាស់ផ្ទះ), បឹងកេត (កម្ពុជា), Felda United (ម៉ាឡេស៊ី) និង Penang FA ( ម៉ាឡេស៊ី )។
តាមលិខិតអញ្ជើញដែលក្លិបទទួលបាន ការប្រកួតនឹងចាប់ផ្តើមពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយយើងនឹងត្រូវជួបក្លិប Penang FA របស់ម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ៤និង៣០នាទីរសៀល នៅទីលាន Teladan ក្នុងរដ្ឋធានី Medan ។
តាមលក្ខន្តិកៈនៃកម្មវិធីប្រកួត ក្រុមចាញ់ នឹងត្រូវជួបគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ រីឯក្រុមឈ្នះ នឹងត្រូវជួបគ្នាដណ្តើមពានរង្វាន់ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ។
ចំពោះការចូលរួមពានរង្វាន់មិត្តភាពមួយនេះ លោក បែ មករា ជាអគ្គលេខាធិការរបស់ក្លិបបានមានប្រសាសន៍ថា៖ ” ការទៅប្រកួតនៅឥណ្ឌូនេស៊ីនេះ នឹងផ្តល់ផលវិជ្ជមានដល់ការត្រៀមខ្លួនរបស់ក្លិបយើង មុនរដូវកាលថ្មីមកដល់ទាំងពានរង្វាន់លីគ និងពានរង្វាន់សម្តេច ហ៊ុន សែន ។ ម្យ៉ាងវិញទៀត ក៏ជាការប្តូរបរិយាកាសមួយសម្រាប់កីឡាកររបស់យើង ក្នុងការសាកល្បងសមត្ថភាពជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិ “ ៕