ការចាប់ផ្តើមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា រដូវកាល ២០២០ បានដំណើរការ និងបញ្ចប់អស់ចំនួន ០២ប្រកួតហើយ ដោយក្នុងនោះពួកយើងបានសម្គាល់ឃើញថា ជំនួបរវាងក្លិបបឹងកេត ជាមួយអង្គរថាយហ្គឺរ និង វិសាខា ក្រសោបបានចំនួនអ្នកទស្សនាផ្ទាល់ច្រើនជាងគេ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយក្នុងទិសដៅរបស់ក្លិប។
យោងតាមទិន្នន័យដែលក្រុមការងារ boeungketfc.com ទទួលបានពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ដែលបង្ហាញអំពីតួរលេខនៃចំនួនអ្នកទស្សនាផ្ទាល់ការប្រកួតក្នុងសប្តាហ៍ទីមួយ រវាងក្លិបអង្គរថាយហ្គឺរ ទល់នឹងក្លិបបឹងកេត ( ចំនួន ២,៦៥៩នាក់ ) ខណៈការប្រកួតក្នុងទឹកដីរបស់ពួកយើង នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ទល់នឹងក្លិបវិសាខា ( ចំនួន ២,៥០០នាក់ ) ដែលជាចំនួនច្រើនជាងគេក្នុងសប្តាហ៍ទី២ ។
កំណត់ហេតុខ្លះៗ៖
ចំពោះចំនួននៃការចូលរួមទស្សនាដ៏ច្រើននេះពួកយើងបានកត់សម្គាល់ឃើញចំពោះការគាំទ្ររបស់បងប្អូនអ្នកគាំទ្រជាច្រើនដែលទិញសំបុត្រមិនបាន ហើយសុខចិត្តឈរទស្សនាពីចម្ងាយក្រោមកំដៅថ្ងៃដែលបង្ហាញអំពីទឹកចិត្តនៃការគាំទ្រ។ ពួកយើងបានដឹងអំពីផលលំបាកក្នុងការទទួលបដិសណ្ឋារកិច្ចនូវចំនួនទស្សនិកជនដ៏ច្រើនបែបនេះ ដែលមិនធ្លាប់មានពីមុនមកទេនៅកីឡដ្ឋានរបស់យើង តែវានឹងជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ពួកយើងដើម្បីយកមកសិក្សាថាតើពួកយើងនឹងត្រូវធ្វើយ៉ាងណាបន្តទៀត។
ក្លិបបឹងកេត សូមសម្តែងនូវការអរគុណជាខ្លាំង ចំពោះទឹកចិត្តរបស់អ្នកគាំទ្រគ្រប់គ្នា ដែលជានិច្ចជាកាលតែងតែឆ្លៀតឱកាសមកចូលរួមទស្សនារាល់ការប្រកួតដែលពួកយើងធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីកីឡដ្ឋានរបស់យើងមិនទាន់បញ្ចប់ការសាងសង់រួចរាល់ និងរហូតដល់រួចរាល់ស្ទើរទាំងស្រុង។
បញ្ជរលក់សំបុត្រ
អ្វីដែលសំខាន់គឺពួកយើងបានដាក់លក់សំបុត្រក្នុងជំនួបទល់នឹងក្លិបវិសាខា ហើយបានលក់អស់មុនការប្រកួតចាប់ផ្តើម។ មិនត្រឹមតែសំបុត្រប៉ុណ្ណោះទេ សម្ភារៈផ្សេងៗរួមមាន ឯកសណ្ឋានរបស់ក្លិប ត្រូវបានលក់ចេញជាច្រើនផងដែរ។
សណ្តាប់ធ្នាប់
ចំពោះសុវត្ថិភាព សន្តិសុខ និង សណ្តាប់ធ្នាប់ក៏មានការរឹតបន្តឹងនៅគ្រប់តំបន់ទាំងអស់ផងដែរ ដោយមិនមានបញ្ហាអ្វីកើតឡើងក្នុងការប្រកួតឡើយ ដោយមុនពេលទស្សនិកជនឡើងទៅតំបន់អង្គុយ ក្រុម Steward របស់យើងបានត្រួតពិនិត្យលើសម្ភារៈមួយចំនួនដែលមិនអនុញ្ញាតឱ្យយកជាប់ខ្លួន ដូចជា ដបទឹក និងវត្ថុហាមឃាត់មួយចំនួន។
បរិស្ថាន និងអនាម័យ
ចំពោះបរិស្ថានអនាម័យក្រោយការប្រកួត ឃើញថាទស្សនិកជនបានចូលរួមក្នុងការរក្សាសំបកដប ថង់ប្លាស្ទិចនៅតាមកន្លែងអង្គុយរៀងៗខ្លួន ដែលនេះគឺជាអាកប្បកិរិយាដ៏ល្អមួយ ។
FAN BOX
ការដាក់ដំណើរការ Fan Box ជាមួយនឹងកញ្ចប់តម្លៃពិសេស (៣០ដុល្លារ) ត្រូវបានស្វាគមន៍ដល់ទស្សនិកជនពិសេសជាច្រើននាក់ផងដែរ ដោយបំរើជូននូវអាហារនិងភេសជ្ជៈ ក្នុងបន្ទប់ដ៏មានផាសុកភាព ដើម្បីទស្សនាការប្រកួតដ៏ជក់ចិត្ត។
ពួកយើងពិតជាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ម្តងហើយម្តងទៀតចំពោះអ្នកគាំទ្រទាំងអស់ដែលបានធ្វើដំណើរមក កីឡដ្ឋានរបស់ពួកយើង ហើយក្លិបនឹងព្យាយាមរិះរកគ្រប់វិធី ដើម្បីសាងសង់កន្លែងអង្គុយបន្ថែមដើម្បីផ្ដល់ផាសុកភាពដល់អ្នកគាំទ្រទាំងអស់គ្នា៕