លោក គឹម ភក្តី នាយកបច្ចេកទេសនៃក្លិបបាល់ទាត់បឹងកេត បានផ្តល់បទសម្ភាសដល់ក្រុមការងារផ្សព្វផ្សាយរបស់ក្លិប ជុំវិញការខកខានហ្វឹកហាត់ និងប្រកួតរបស់ក្រុមធំ និងក្រុមតូច (យុវជនអាយុក្រោម ១៨ឆ្នាំ) ព្រមទាំងផែនការណ៍នៃការហ្វឹកហាត់អំឡុងពេលវេលាដ៏លំបាកនេះ។
“ ចំពោះបច្ចុប្បន្ននេះ ពួកយើងនៅតែរក្សាការហ្វឹកហាត់តាមអនឡាញដដែល ប៉ុន្តែយើងកាត់បន្ថយសម្រាប់ឈុតធំ អាស្រ័យលើការប្រកួតយើងអត់មាន ដើម្បីកុំឱ្យមានភាពតានតឹង និងស្មុគស្មាញដល់ពួកគេ ដោយបន្ថយមកនៅ ២ពេល ក្នុង ១សប្តាហ៍ (ថ្ងៃអង្គារ៍, ថ្ងៃព្រហស្បតិ៍) ដែលគ្រូបានដាក់ឱ្យ អញ្ចឹងពេលដែលនៅសល់ ពួកគាត់ត្រូវហាត់រៀងខ្លួន ” ។
ជាមួយគ្នានោះផងដែរ នាយកបច្ចេកទេសដដែលរូបនេះ បានប្រាប់អំពីផែនការណ៍ហ្វឹកហាត់របស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំថា៖ “ មិនខុសគ្នាទេ ពួកគាត់នៅហ្វឹកហាត់ដូចឈុតធំដែរ ប៉ុន្តែ ៣ពេល ក្នុង១សប្តាហ៍ (ច័ន្ទ, ពុធ និងសុក្រ) តាមរយៈវីដេអូអនឡាញ ដែលមានក្រុមគ្រូបង្វឹកតាមដានជារៀងរាល់ថ្ងៃ ” ។
ជុំវិញកាលដែលមិនមានការប្រកួត និងប្រមូលផ្តុំហ្វឹកហាត់ជុំគ្នា លោក គឺម ភក្តី បានបង្ហាញអំពីចំណុចអវិជ្ជមានមួយចំនួនដែលនឹងផ្តល់ផលប៉ះពាល់ដល់ក្រុមថា៖ “ វាជះឥទ្ធិពលដល់កីឡាកររបស់យើង បើសិនជាសម្រាកយូរ គឺវាបាត់បង់ទាំងអស់ ទាំងទិន្នផលដែលខំប្រឹងហ្វឹកហាត់កន្លងមក ទាំងអារម្មណ៍ប្រកួតប្រជែង អារម្មណ៍នៃការហ្វឹកហាត់ ការស្រមៃនៅលើទីលានវិញ ក៏មានការលំបាក អញ្ចឹងវាបាត់បង់ច្រើនណាស់ ” ។
លោកបន្តថា៖ “ អ្វីដែលយើងព្រួយបារម្មណ៍ គឺពេលដែលត្រឡប់មកវិញគឺយើងត្រូវ ធ្វើវាឡើងវិញទាំងអស់ មិនមែនតែកម្លាំង យុទ្ធសាស្រ្ត អារម្មណ៍ និងអ្វីផ្សេងៗទៀតជាច្រើន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍបាល់ទាត់ហ្នឹង ” ។
គួរឱ្យដឹងថា ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា បានសម្រេចពន្យាពេលចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិ រង់ចាំការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អំពីបច្ចុប្បន្នភាពនៃការបង្ការការឆ្លងមេរោគ COVID-19 ដែលបច្ចុប្បន្ននេះគឺគ្មានអ្នកឆ្លងនោះឡើយ ដោយជាសះស្បើយ ១២២ លើចំនួនអ្នកឆ្លងទាំង ១២២នាក់ ។
បឹងកេត ប្រកួតបាន ៤ប្រកួតក្នុងរដូវកាល ២០២០នេះ ដោយ ស្មើជាមួយអង្គរថាយហ្គឺរ ១-១ ឈ្នះ វិសាខា ១-០ ស្មើណាហ្គាវើលដ៍ ១-១ និង ឈ្នះ នគរបាលជាតិ ៣ ទល់នឹង ០ ទទួលបាន ៨ពិន្ទុ ឈរលេខរៀងទី ៥ ក្នុងតារាងពិន្ទុ ៕