បន្ទាប់ពីត្រូវបានតម្លើងពីក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ឡើងមកក្រុមធំរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករវ័យក្មេង ជឿន ពិសាខបូរមី បានបង្ហើបថារូបគេកំពុងព្យាយាមស្រូបយកបទពិសោធន៍ពីរៀមច្បងនៅទីនេះ ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពរបស់ខ្លួន ។
ឆ្លើយប្រាប់ក្រុមការងារព័ត៌មានគេហទំព័រ boeungketfc.com បូរមី បាននិយាយអំពីការសំរបខ្លួនចាប់តាំងពីចូលរួមជាមួយក្រុមធំថា៖ “ គិតមកដល់ពេលនេះការសម្របខ្លួនរបស់ខ្ញុំបានច្រើនគួរសមដែរហើយបង ។ សម្រាប់ខ្ញុំមើលទៅការខុសប្លែករវាងក្រុមតូច និងក្រុមធំមានច្រើន ពីព្រោះនៅក្រុមធំការហ្វឹកហាត់មានច្រើនជាង ហើយនៅក្រុមធំគេផ្ដោតលើកយុទ្ធសាស្រ្តក្រុម កលល្បិច កាយសម្បទា និង បទពិសោធ៏ទីលានច្រើនជាងនៅក្រុមតូច ” ។
ក្នុងរយៈពេលប៉ុន្មានខែនាដើមឆ្នាំ ២០២០នេះ យុវជន មានវ័យ ១៩ឆ្នាំរូបនេះបង្ហាញអារម្មណ៍ថា៖ “ បាទបង តាំងពីឡើងមកពីក្រុម U18 នៅមិនទាន់អាចប្រជែងយកកៅអីលេងលើទីលានបាន សំរាប់ខ្ញុំយល់ថានៅមានចំណុចខ្វះខាតច្រើន ដែលផ្ដល់ភាពលំបាកសំរាប់ខ្ញុំនៅក្រុមធំនេះ គឺ កាយសម្បទា និង បទពិសោធ៏ការលេងនៅលើទីលានហ្នឹងតែម្ដង ” ។
យ៉ាងណាមិញ កីឡាករមានដើមកំណើតក្នុងរាជធានីភ្នំពេញរូបនេះ បានប្រាប់ពីមហិច្ឆតារបស់ខ្លួនក្នុងឆ្នាំ ២០២០នេះ គឺ៖ “ ការព្យាយាមរៀនសូត្រពីបងៗ ដែលមានបទពិសោធន៍នៅទីនេះ ព្រោះរូបនៅក្មេងខ្ចី ដូចនេះឱកាសលេងលើទីលាន ខ្ញុំមិនទាន់គិតនោះទេ បច្ចុប្បន្ន ” ។