ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត កីឡាករ ម៉ាត់ នូរុណ បានបង្ហាញអំពីការត្រៀមលក្ខណៈក្នុងការជួយក្រុមបំពេញភារកិច្ចឱ្យបានល្អនៅក្នុងជុំទីពីរនៃលីគកំពូលកម្ពុជា ដែលចាប់ផ្តើមពីចុងសប្តាហ៍នេះតទៅ។
ឆ្លើយប្រាប់ក្រុមការងារព័ត៌មានរបស់ក្លិប ម្ចាស់អាវលេខ ១០រូបនេះបាននិយាយថា៖ “ ខ្ញុំពិតជាសប្បាយចិត្តចំពោះការប្រកួតនានាដែលនឹងចូលមកដល់ ព្រោះការប្រកួតក្នុងជុំទីពីរនេះគឺការប្រកួតប្រជែងនឹងរឹតតែខ្លាំង ” ។
នូរុណ បានបន្តថា៖ “ ខ្ញុំគិតថាការជួបជាមួយសុទ្ធតែក្រុមខ្លាំង ក្នុង៥ប្រកួតចុងក្រោយ វាជារឿងល្អសំរាប់ការអភិវឌ្ឈសមត្ថភាព បេីនិយាយរឿងរកគ្រាប់បាល់បេីសិនខ្ញុំអាចរកគ្រាប់បាល់បានវាជារឿងល្អសំរាប់ខ្ញុំ បន្តែបេីសិនជាខ្ញុំអាចជួយអោយក្រុមលេីកពានវារឹតតែអសា្ចរ្យសំរាប់ខ្ញុំ ” ។
ចំពោះសំនួរដែលក្រុមការងារគេហទំព័រ boeungketfc.com បានចោទសួរថា៖ តើ ៥ប្រកួតនោះ ក្រុមណាដែលប្អូនគិតថាជាឧបសគ្គ ? នូរុណ បានឆ្លើយថា៖ “ ខ្ញុំគិតថា ក្រុមណាក៏ពិបាកដែរបង ព្រោះក្នុងជើងទីមួយជួបជាមួយក្រុមទាំងប្រាំនោះ ភាគច្រើនយើងឈ្នះ អញ្ចឹងក្នុងជុំទីពីរនេះ ពួកគេប្រាកដជាព្យាយាមគ្រប់បែបយ៉ាង ដើម្បីឱ្យយើងពិបាកក្នុងការរកពិន្ទុ ” ។
សូមរំលឹកថា គិតត្រឹម១២ប្រកួតកន្លងមក ម៉ាត់ នូរុណ ទទួលបានឱកាសបង្ហាញខ្លួន ១១លើក រកគ្រាប់បាល់បាន ១៣គ្រាប់ កំពុងស្ថិតក្នុងការប្រដេញកំពូលតារាងកីឡាករទាត់ចូលទីច្រើនជាងគេ ១គ្រាប់ប៉ុណ្ណោះ ៕