គ្រូបង្គោលបណ្តោះអាសន្នរបស់ក្លិបបឹងកេត លោក គឹម ភក្តី បានបង្ហាញអំពីអារម្មណ៍សោកស្តាយ ក្នុងជំនួបសប្តាហ៍ទី ១៦ ទល់នឹងក្លិបព្រះខ័នរាជស្វាយរៀង ដែលក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ១ ទល់នឹង ១ ហើយគ្រាប់បាល់ទាំងពីរគ្រាប់កើតឡើងនៅចុងវគ្គទី២ទៅហើយ។
លោក គឹម ភក្តី៖ “ លទ្ធផល ការប្រកួតថ្ងៃមុន យេីងមានការសោកស្តាយ ដែលយេីងធ្វេីអោយរបូតគ្រប់បាល់ ចុងនាទីទៅហេីយ តែទោះជាយ៉ាងណាក៍ យេីងទទួលយកដែរ បាល់ទាត់គឺបែបនេះអ្វីៗគឺអាចកេីតឡេីងគ្រប់វិនាទី ដូច្នេះយេីងត្រូវហ្វឹកហាត់បន្ថែមទៀត ដេីម្បីកែរប្រែក្នុងការប្រកួតក្រោយៗទៀត ” ។
ទោះបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ក៏បឹងកេត នៅបន្តឈរកំពូលតារាង ដោយមាន ២ពិន្ទុលើព្រះខ័នរាជស្វាយរៀង និងនៅសល់ ២ប្រកួតទៀតដើម្បីបញ្ចប់ជុំទីពីរនេះ ដែលត្រូវជួបជាមួយ កងយោធពលខេមរភូមិន្ទ និង ភ្នំពេញក្រោន។ អំពីការប្រកួតទាំងពីរដ៏សំខាន់ៗនេះ លោកគ្រូ ភក្តី បានលើកឡើងថា៖ “ ច្បាស់ណាស់ថាពីរប្រកួតចុងក្រោយនៃលីគ គឺយេីងត្រូវរៀបចំអោយបានល្អបន្ថែមទៀត ដេីម្បីមានឱកាសឈ្នះពានរង្វាន់ឆ្នាំនេះបាន ” ។
គួររំលឹកថា បច្ចុប្បន្ន បឹងកេត មាន ៣៧ ពិន្ទុ ស្ថិតនៅលើព្រះខ័នរាជស្វាយរៀង ដែលមាន ៣៥ពិន្ទុ ហើយការប្រកួតបន្ទាប់គឺសុទ្ធតែនៅក្រៅទឹកដី ពោលគឺជួប កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ១១ ខែ តុលា និង ភ្នំពេញក្រោន នៅថ្ងៃទី ២៥ ខែ តុលា ៕