ខ្សែការពារ ហុង ផេង របស់ក្លិបបឹងកេត បានទទួលជោគជ័យលើការវះកាត់ជង្គង់ឆ្វេងរបស់ខ្លួនកាលពីរសៀលថ្ងៃច័ន្ទ ទី៥ ខែតុលា ឆ្នាំ ២០២០ ។ នេះបើតាមការបញ្ជាក់ពីក្រុមការងារគ្រូពេទ្យប្រចាំក្លិបបានប្រាប់ឱ្យដឹង។
លោកគ្រូពេទ្យ ហ៊ុន ប៉េងឡុង បានបញ្ជាក់ថា៖ “ ផេង បានរងរបួសអំឡុងពេលហ្វឹកហាត់ជាមួយក្រុម ក្រោយសម្រាកពីភ្ជុំបិណ្ឌមកវិញ ដែលភ្លាត់សរសៃជង្គង់ឆ្វេង ហើយក្រោយពីទទួលបានជោគជ័យការវះកាត់នេះ រូបគេនឹងត្រូវចំណាយពេល ៨ខែ ទើបអាចចូលហ្វឹកហាត់ និងប្រកួតវិញបាន ” ។
ជុំវិញអវត្តមានដោយសារតែរបួសជាលើកទីពីរនេះ ខ្សែការពារដែលមានបទពិសោធន៍ច្រើននៅបឹងកេតរូបនេះ បានបង្ហាញអារម្មណ៍ថា៖ “ ខ្ញុំពិតជាសោកស្តាយមែនទែនចំពោះរឿងនេះ ព្រោះពេលនេះក្រុមកំពុងតែធ្វើការធ្ងន់ទាំងនៅលីគ និងពានរង្វាន់សម្តេច តែខ្ញុំសូមជូនពរឱ្យក្រុមរបស់យើង ទទួលបានជោគជ័យ ហើយអរគុណដល់អ្នករាល់គ្នាដែលបានជូនពរខ្ញុំ ពិសេសថ្នាក់ដឹកនាំក្លិបដែលយកចិត្តទុកដាក់មកលើខ្ញុំ ” ។
គ្រប់គ្នានៅក្លិបបឹងកេត សូមជូនពរដល់កីឡាករ ហុង ផេង ឱ្យឆាប់ជាសះស្បើយ និងត្រលប់មកចូលរួមជាមួយក្លិបវិញ ៕