កីឡាករដែលរួមរស់ជាមួយក្លិបបាល់ទាត់បឹងកេតយូរជាងគេ លី មីហ្សាន បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួន ជុំវិញការប្រកួតដ៏សំខាន់បំផុតនាដំណាច់រដូវកាល ២០២០នេះ ដោយអះអាងថា ខ្លួន និងក្រុម នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីគោលដៅរួមគ្នា ទាំងក្លិប និងអ្នកគាំទ្រ ។
លី មីហ្សាន៖ “ ការប្រកួតថ្ងៃអាទិត្យនេះ នឹងជាការប្រកួតដ៏តានតឹងបំផុត ហើយចំពោះក្លិបយើង វាដូចជាការប្រកួតផ្តាច់ព្រ័ត្រមួយ ព្រោះយើងត្រូវតែឈ្នះដើម្បីលើកពាន និងពួកគេក៏ត្រូវការឈ្នះដើម្បីអ្នកគាំទ្ររបស់គេ។ ”
“ សម្រាប់ខ្ញុំបានរស់នៅបឹងកេត ៨ឆ្នាំមកហើយ ខ្ញុំគិតថាក្លិបមានការរៀបចំល្អ ពិសេសកីឡាករល្អ តាំងពីជំនាន់មុនមក ចេះសាមគ្គីគ្នា ចេះស្រលាញ់គ្នា និងពិសេសជាងនេះទៀត គឺថ្នាក់ដឹកនាំ ទាំងចាស់ ទាំងថ្មី គឺពួកគាត់ល្អសម្រាប់កីឡាករណាស់ គាត់តែងតែយកចិត្តទុកដាក់ចំពោះកីឡាករជានិច្ច។ ” ខ្សែបំរើកណ្តាលរូបនេះបន្ត។
“ ខ្ញុំ និងក្រុមបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតដើម្បីឈ្នះពានលីគជាលើកទីបួនរបស់ក្លិប និងខ្លួនខ្ញុំផងដែរ។ ” នេះគឺជាការប្តេជ្ញាចិត្តរបស់ម្ចាស់ឯកសណ្ឋានលេខ ១៧ បានលើកឡើង ។
ចុងក្រោយ មីហ្សាន ក៏មានសារទៅកាន់អ្នកគាំទ្របឹងកេតទាំងអស់ថា៖ “ សូមអរគុណដល់អ្នកគាំទ្រ ទោះដល់ទីណាក៏ពួកគាត់ទៅគាំទ្រជានិច្ច សូម្បីពេលមិនអនុញ្ញាតឱ្យទស្សនា ក៏ពួកគាត់នៅឈរមើលតាមរបង អរគុណមែនទែនចំពោះទឹកចិត្តរបស់អ្នកទាំងអស់គ្នា ហើយពួកខ្ញុំប្តេជ្ញាថានឹងប្រឹងប្រែងអស់ពីសមត្ថភាពនៅថ្ងៃអាទិត្យនេះ ដើម្បីសំរេចបំណងរបស់ពួកយើង ដែលចង់បានពានដូចគ្នា។ ”
គួររំលឹកថា លី មីហ្សាន បានរួមរស់ជាមួយក្លិបបឹងកេត ចាប់តាំងពីក្លិបកកើតឡើងនៅ ឆ្នាំ ២០១២ ដោយក្នុងប្រវត្តិសាស្រ្តដែលក្លិបគ្រងជើងឯកលីគចំនួន ៣សម័យកាល ក៏មានវត្តមានរូបគេផងដែរ ដែលជាកីឡាកររួមរស់ជាមួយក្លិបយូរជាងគេបង្អស់។
បឹងកេត នឹងប្រកួតបញ្ចប់រដូវកាល ២០២០នេះ ដោយប្រកួតទល់នឹងក្លិបភ្នំពេញក្រោន នៅថ្ងៃទី ២៥ ខែ តុលា នៅកីឡដ្ឋាន អ.អេស.អ៊ិន វេលាម៉ោង ៦ល្ងាច ជាមួយនឹងការរំពឹងត្រឹមលទ្ធផល ស្មើប៉ុណ្ណោះ ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ៕