ខ្សែការពារវ័យក្មេង ដែលមានកាយសម្បទារ៉ឹងមាំ កីឡាករ ទេស សម្បត្តិ បានបង្ហាញចំណាប់អារម្មណ៍ថាខ្លួនពិតជាពេញចិត្ត និងរីករាយចំពោះអ្វីដែលខ្លួនបានធ្វើ ជាមួយក្លិប ពិសេសការឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ។
ថ្លែងប្រាប់ក្រុមការងារព័ត៌មានរបស់គេហទំព័រ boeungketfc.com ខ្សែការពាររូបនេះបានរៀបរាប់ថា៖ “ សម្រាប់ខ្ញុំ នៅរដូវកាលទី២នេះ ខ្ញុំគិតថា ខ្ញុំធ្វើបានល្អ ហើយខ្ញុំព្យាយាមវិវត្តន៍ខ្លួនឱ្យទៅជា Professional ជាងរដូវកាលទី១ ដែលនៅបឹងកេត ” ។
រូបគេបន្តថា៖ “ ខ្ញុំសប្បាយចិត្ត ដែលបានតបស្នងសងគុណទៅក្លិប ដែលក្លិបខំយកខ្ញុំមក ទាំងដែលក្លិបណាក៏អត់ទាក់ទងខ្ញុំ ។ មានអារម្មណ៍ថាអស្ចារ្យមែនទែន ដែលខ្ញុំបានធ្វើរឿងតបស្នងទៅក្លិបវិញ ក្នុងរយៈពេល ២ឆ្នាំនៅបឹងកេតនេះ ” ។
សូមបញ្ជាក់ថា ចាប់តាំងពីចូលរួមជាមួយក្លិបបឹងកេត ដែលជាការចាប់ផ្តើមបាល់ទាត់អាជីពលើកដំបូងរបស់ កីឡាករ ទេស សម្បត្តិ រូបគេបានជួយក្លិបឈ្នះពានរង្វាន់សម្តេចហ៊ុន សែន លើកទី១៣ កាលពីឆ្នាំ ២០១៩ និងឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ក្នុងឆ្នាំ ២០២០នេះ ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ សម្បត្តិ ត្រូវបានគ្រូបង្គោលផ្តល់សេចក្តីទុកចិត្ត ឱ្យក្លាយជាប្រធានក្រុម ដឹកនាំការប្រកួត នាពាក់កណ្តាលរដូវកាលទៀតផង ។
គោលដៅរបស់ ទេស សម្បត្តិ នៅឆ្នាំ ២០២១ ត្រូវបានរូបគេបកស្រាយថា៖ “ សម្រាប់ឆ្នាំក្រោយ គឺអត់ខុសប្លែកពីរាល់ដងទេ ខ្ញុំនឹងព្យាយាមជួយក្លិបឱ្យឈ្នះពានយ៉ាងហោចណាស់ ១ ឬបើអាចទាំងពីរតែម្តង ហើយខ្ញុំនឹងធ្វើឱ្យគេស្គាល់ពីក្រុមនៅស្រុកខ្មែរ ថាយើងរីកចំរើនខ្លាំងទៅៗ ពេលទៅលេងពាន AFC CUP ” ។
ជាចុងក្រោយ ទេស សម្បត្តិ បានផ្ញើសារថា៖ “ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រលើកទឹកចិត្តពួកយើង មិនថាពេលណា នៅកន្លែងណា ” ៕