ថ្ងៃនេះ ក្រុមការងារគេហទំព័រ boeungketfc.com បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងអ្នកចាំទីវ័យក្មេង ហ៊ុល គីមហ៊ុយ ជុំវិញការចាប់ផ្តើមយ៉ាងល្អជាមួយក្លិបបឹងកេត ចាប់តាំងពីមករួមរស់កាលពីរដូវកាល ២០១៩កន្លងទៅ និងបានក្រសោបយកពានរង្វាន់ធំៗទាំងពីរ គឺ ពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ ២០១៩ និង ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២០ និងទទួលបានពានរង្វាន់អ្នកចាំទីល្អជាងគេប្រចាំឆ្នាំ ២០១៩ និង ២០២០ថែមទៀតផង ។
គីមហ៊ុយ, ចូរប្អូនប្រាប់ពីអារម្មណ៍របស់ប្អូន ចំពោះរដូវកាល ២០២០នេះ តើប្អូនទទួលបានអ្វីខ្លះ?
“ ខ្ញុំមានអារម្មណ៍រំភើបមែនទែន ដែលពួកយើងរួមរស់ជាមួយគ្នាពេញ១រដូវកាលនេះ ដោយឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដូចជាការកាត់បន្ថយប្រាក់ខែអំឡុងជំងឺ COVID-19 តែពួកយើងនៅតែតស៊ូ ខំប្រឹងហ្វឹកហាត់រហូតបានឈ្នះពានលីគ ”
អ្វីដែលប្អូនទទួលបានក្នុងរយៈពេល ២រដូវកាលនៅបឹងកេត ?
“ សម្រាប់ ២រដូវកាលរបស់ខ្ញុំជាមួយបឹងកេត គឺទទួលបានបទពិសោធន៍ច្រើនមែនទែន តាំងពីការរស់នៅលក្ខណៈ Professional ទាំងការហ្វឹកហាត់ អារម្មណ៍ប្រកួត ” ។
តើវាជារឿងមិននឹកស្មានមែនទេ ចំពោះប្អូនដែលទទួលបានសមទ្ធិផលលឿនក្នុងការចូលរួមជាមួយក្លិប?
“ គោលដៅរបស់ខ្ញុំពេលចេញពីសាលាបាល់ទាត់ជាតិ គឺពិតជាច្រើនមែនទែនសម្រាប់ខ្ញុំ ព្រោះដំបូងខ្ញុំគិតថាធ្វើយ៉ាងណាដណ្តើមឱ្យបានជម្រើស ១១នាក់ដំបូងសិន តែអ្វីដែលមិននឹកស្មានគឺ ឈ្នះពានអ្នកចាំទីល្អ នៅលីគកំពូលកម្ពុជា ២ឆ្នាំជាប់គ្នា ” ។
ពួកយើងនឹងត្រូវចូលរួមក្នុងពានរង្វាន់អន្តរជាតិ គឺ AFC CUP 2021 តើប្អូនយល់យ៉ាងណាដែរ ?
“ ចំពោះពានរង្វាន់ AFC CUP ដែលយើងនឹងចូលរួមនៅឆ្នាំ ២០២១ ខ្ញុំគិតថាជាឱកាសល្អដើម្បីឱ្យយើងអាចបង្ហាញសមត្ថភាពតទល់ជាមួយនឹងក្រុមខ្លាំងៗក្នុងតំបន់ ហើយក៏ជាឱកាសមួយដែលអាចឱ្យមជ្ឍដ្ឋានខាងក្រៅមើលអំពីសមត្ថភាពរបស់ពួកយើង នោះយើងនឹងមានឱកាសបានទៅលេងក្រៅស្រុកថែមទៀតផង ” ។
តើកត្តាអ្វីខ្លះ ដែលនាំប្អូនឱ្យជោគជ័យដូចបច្ចុប្បន្ននេះ ?
គឹមហ៊ុយ៖ ១. គោលដៅ ២. ការខិតខំប្រឹងប្រែង ៣. មិនបោះបង់ ។