នាព្រឹកថ្ងៃអង្គារ៍ ទី៥ ខែ មករា ឆ្នាំ ២០២១នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការដំណើរការឡើងវិញនៃការប្រកួតគ្រប់ប្រភេទរបស់ខ្លួនឡើងវិញ ដោយក្នុងនោះការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ អាយុ ក្រោម ១៨ឆ្នាំ និងការប្រកួតជម្រើសជើងឯកនារី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែ មករា តទៅ ។
គួរឱ្យដឹងថា ក្រុមបាល់ទាត់នារីក្លិបបឹងកេត កំពុងដំណើរការប្រកួតក្នុងពានរង្វាន់ជម្រើស ជើងឯកបាល់ទាត់នារី ដោយឆ្លងកាត់ការប្រកួតចំនួន៦សប្តាហ៍កន្លងទៅ ទទួលបានលទ្ធផល ស្មើ៣ប្រកួត និងបរាជ័យ ៣ប្រកួត ។
រីចំណែកឯក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ របស់យើងក៏កំពុងត្រៀមលក្ខណៈដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនរបស់សហព័ន្ធទាំង២កម្រិតដូចគ្នាផងដែរ បន្ទាប់ពីបានប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតមិត្តភាពកន្លងមក។
ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ បឹងកេត ស្ថិតនៅពូល ក រួមជាមួយ កំពង់ឆ្នាំង, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រីឯ យុវជនអាយុក្រោម ១៨ឆ្នាំវិញ ស្ថិតនៅពូល ខ ជាមួយ ភ្នំពេញក្រោន, អាស៊ីអឺរ៉ុប, កងយោធពលខេមរភូមិន្ទ និង សាលាតម្រង់ទិសអភិវឌ្ឍន៍កណ្តាលភូមភាគខាងជើង ៕