នាថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២១ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះផ្សាយអំពីកីឡាករ លីម អារុណ រ៉េយមិន ក្រោយត្រូវបានជ្រើសរើសដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុី (AFC) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុុជា (FFC) ជាអគ្គរាជទូតសុឆន្ទៈខាងផ្នែកទំនួលខុសត្រូវរបស់វិស័យកីឡាបាល់ទាត់ចំពោះសង្គម eGoal Social Responsibility Ambassador កាលពីឆ្នាំ ២០២០កន្លងទៅ ។
ដោយថ្មីៗនេះ អារុណ បានធ្វើបទបង្ហាញស្ដីពីតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់វិស័យកីឡាបាល់ទាត់ក៏ដូចជាយុវជននៅក្នុងសង្គមចំពោះការជួយជ្រោមជ្រែង លើកស្ទួយ និងថែរក្សានិរន្តរភាពសម្រាប់បរិស្ថាន សង្គម និងសេដ្ឋកិច្ចតទៅថ្ងៃអនាគតប្រកបដោយចេរភាព ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង និងសារ សំខាន់ៗជូនយុវជន យុវនារី និងកុមារនៃអង្គការ Flame Cambodia នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែលសិក្ខាសាលា (online) នេះផងដែរមានការចូលរួមពីតំណាងឱ្យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ឈូក ពិសិដ្ឋ លោក លីម គុណ ដែលជាឱពុករបស់ លីម អារុណ រ៉េយមិន ថ្នាក់ដឹកនាំនៃអង្គការ Flame Cambodia ព្រមជាមួយនិងយុវជន យុវនារីចំនួនប្រមាណជាង១៥ នាក់។
ជុំវិញតួនាទីជាអគ្គរាជទូតសុឆន្ទៈនេះដែរ លឹម អារុណ បានសម្តែងនូវភាពសប្បាយរីករាយដោយបាននិយាយថា៖ “ ខ្ញុំមានមោទកភាពខ្លាំងណាស់ចំពោះតួនាទីនេះ ពីព្រោះថាខ្ញុំចង់ជួយប្រទេសរបស់ខ្ញុំ ហើយខ្ញុំចង់ប្រើប្រាស់អ្វីដែលខ្ញុំបានរៀនសូត្រពីគ្រូនៅ AFC ដើម្បីជួយដល់កម្ពុជា ” ។
ជាមួយគ្នានោះផងដែរ អារុណ ក៏បានផ្ញើក្តីនឹករលឹកទៅដល់អ្នកគាំទ្របាល់ទាត់ទាំងអស់ ឱ្យមានសុខភាពល្អ និងយកឈ្នះជំងឺ COVID-19 ដែលកំពុងរាតត្បាតពិភពលោក និងពិសេសទៅកាន់អ្នកគាំទ្របឹងកេត ដែលកំពុងអន្ទះសាររង់ចាំការបង្ហាញខ្លួនរបស់គេលើទីលានជាមួយក្លិបបឹងកេតថា៖ “ សូមបន្តគាំទ្រពួកយើង ហើយសង្ឃឹមថាខ្ញុំនឹងជួបអ្នកទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ ” ៕