ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា MCL សប្ដាហ៍ទី ១០ ជើងទី២ រវាងបឹងកេត និង អាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ បានបញ្ចប់ហើយ ដោយបឹងកេត យកឈ្នះ៥-០។ ក្នុងជ័យជំនះ បឹងកេត បានឈរនៅលេខ ២ បណ្ដោះអាសន្ន មាន ២៧ ពិន្ទុ ស្មើក្រុមកំពូលតារាង ក្រសួងការពារជាតិ។
បឹងកេតអង្គរបើកការនាំមុខ១គ្រាប់នៅនាទីទី ៥០ ដោយការតែតបញ្ចូលទីរបស់ Esoh Paul Omogba ក្រោយការលើកបាល់ចេញពីជ្រុងរបស់ រស់ សំអឿន ខណៈគ្រាប់ទី ២ និងទី ៣ រកបានដោយ ចាន់ វឌ្ឍនាកា នៅនាទី៦៤ និង ៧៣ ចំណែកគ្រាប់ទី៤ រកបានដោយ រស់ សំអឿន នៅនាទីទី 83 ហើយ១នាទីក្រោយមក Esoh Paul Omogba រកបានមួយគ្រាប់ទៀត ជួយឲ្យបឹងកេតឈ្នះអាស៊ីអឺរ៉ុប ៥-០ ។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតនេះគឺការបង្ហាញវត្តមានជាលើកដំបូងរបស់កីឡាករវ័យក្មេង សួន សុភ័ត្ត្រា នៅនាទីទី 73 ដែលប្ដូរជំនួស ឈុន សុធារ័ត្ន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ។
ថ្លែងនៅក្រោយការប្រកួតនេះលោកគ្រូ ប្រាប់ សុណ្ណារ៉ា បានមានប្រសាសន៍ថាជុំវិញការបង្ហាញខ្លួនលើកទី១របស់កីឡាករវ័យ ១៦ ឆ្នាំ រូបនេះថា៖ «គាត់គឺជាកីឡាករក្នុងក្តីស្រម៉ៃរបស់ក្លឹប ហើយនឹងអាចក្លាយជាកីឡាករឆ្នើមមួយរូបនៅថ្ងៃអនាគតដ៏ឆាប់ខាងមុខ។ ម្សិលមិញ គាត់មានឱកាសលេងបានតិចពេក ម៉្យាងមិនទាន់អាចទាញចំណាប់អារម្មណ៏ពីកីឡាកររៀមច្បង។ ទោះជាយ៉ាងណាគាត់បានបង្ហាញពីទម្រង់លេងប្រសើរមែនទែន បើប្រៀបធៀបជាមួយកីឡករវ័យក្មេងដ៏ទៃទៀត។»
ចំណែកឯ សួន សុភ័ក្ត្រា វិញបានលើកឡើងថា រូបគេពិតជាមានភាពសប្បាយរីករាយមែនទែនចំពោះការទទួលបានសេចក្ដីទុកចិត្តពីគ្រូបង្វឹកដែលអនុញ្ញាតិឲ្យរូបគេមានឱកាសបង្ហាញខ្លួននៅលើទីលានជាមួយក្រុមឈុតធំ ហើយតាមរយៈការប្រកួតនេះរូបគេទទួលបានបទពិសោធន៍ជាថ្មីៗច្រើន ខុសពីអ្វីដែលគេធ្លាប់បានលេងជាមួយក្រុមយុវជនដូចគ្នា យ៉ាងណាម៉ិញកីឡាកររូបនេះបានលើកឡើងថាបញ្ហាចោទសម្រាប់គេគឺនៅត្រង់ថាគេមានមាឌតូចជាងកីឡាករផ្សេងៗជាហេតុធ្វើឲ្យរូបគេពិបាក តែចំពោះបញ្ហាបច្ចេកទេសវិញ មិនជាបញ្ហាចោទឡើយ។
ទស្សនាវីដេអូហាយឡាយនៅត្រង់នេះ