លោក ប្រាក់ សុវណ្ណារ៉ា បានកំណត់គោលដៅសម្រាប់ក្រុមសារជាថ្មី ក្រោយទទួលបាន ៩ ពិន្ទុពីការប្រកួត ៣ លើកដំបូងក្នុងជើងទី២នៃពានរង្វាន់លីគកំពូលកម្ពុជា។
គ្រូបង្គោលរូបនេះបានមានប្រសាសន៍ថា៖ «យើងរីករាយណាស់សម្រាប់លទ្ធផលដូចទៅនឹងអ្វីដែលយើងធ្លាប់បានរំពឹងទុក ហើយគោលដៅបន្ទាប់នាពេលនេះគឺ យើងដាច់ខាតធ្វើយ៉ាងណាយក ៧ ពិន្ទុឲ្យបាន ក្នុង ៣ ប្រកួត បន្ទាប់ ឬ ប្រសិនបើអាច គឺយកឲ្យបាន ៩ ពិន្ទុតែម្ដង ដើម្បីឲ្យគម្លាតពិន្ទុដាច់កាន់តែឆ្ងាញពីក្រុមគូប្រជែងក្រសួងការពារជាតិ ហើយឈានទៅរកការគ្រងជើងឯកជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប» ។
«យើងដឹងថាការប្រកួតបន្ទាប់របស់យើងដែលនៅសល់សុទ្ធសឹងតែជាជំនួបដ៏លំបាក ជាពិសេស ការជួបជាមួយ ក្រសួងការពារជាតិ នៅចុងសប្ដាហ៍នេះតែម្ដង» តែលោកមានជំនឿថាបឹងកេតនឹងធ្វើបានល្អ លោកបញ្ជាក់បន្ថែម។
បច្ចុប្បន្ត បឹងកេតអង្គរ ស្ថិតនៅចំណាត់ថ្នាក់លេខ១ មាន ៣៣ ពិន្ទុ ឈរនៅលើកំពូលតារាង នាំមុខក្រុមក្រសួងការពារជាតិ ៦ ពិន្ទុ ខណៈ ក្រសួងការពារជាតិនៅសល់១ប្រកួតក្នុងដៃ។ ចំណែកការប្រកួតបន្ទាប់ បឹងកេតអង្គរ ត្រូវជួប ក្រសួងការពារជាតិ នៅថ្ងៃ សៅរិ៍ ចុងសប្ដាហ៍នេះ នៅឯ កីឡដ្ឋាន RSN វិញព្រោះ ទីលាន កីឡដ្ឋានស្ដាតចាស់ ជាប់ប្រកួតពានយុវជន AFF U16 ។