ក្លិបបឹងកេតអង្គរសូមប្រកាសអំពីការចែកផ្លូវគ្នាជាមួយលោកគ្រូ ប្រាក់ សុវណ្ណារ៉ា នៅថ្ងៃនេះ ដោយមានការឯកភាពគ្នាទាំងសងខាង។
គ្រប់ៗគ្នានៅក្លិបបឹងកេតអង្គរសូមអរគុណដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លិបអំឡុងពេល២រដូវកាលចុងក្រោយនេះ ដោយយើងបានឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៦ និង រងជើងឯកក្នុងពានរង្វាន់អន្ដរជាតិ Toyota Mekong Club Championship 2015 ដែលធ្វើអោយលោកគ្រូក្លាយជាគ្រូជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
ប៉ុន្តែក្លិបនិងលោកគ្រូ ទទួលស្គាល់នូវលទ្ធផលមិនសូវសមប្រកបក្នុងរយ:ពេលចុងក្រោយនេះ ហើយជឿជាក់ថាការចែកផ្លូវគ្នានេះធ្វើឡើងដើម្បីផលចំណេញជាអតិបរមាចំពោះភាគីទាំងសងខាង។
ទន្ទឹមនឹងនេះដែរ ក្លិបសូមបញ្ជាក់ថាការចាកចេញរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ពំុមានបញ្ហាល្អក់កករអ្វីឡើយ ហើយបឹងកេតអង្គនៅតែមានការគោរព និង ក្ដីស្រលាញ់ ចំពោះលោកគ្រូជានិច្ច។
ការផ្ដោតសំខាន់របស់ក្លិបនៅពេលនេះគឺធ្វើយ៉ាងណាពង្រឹងទេពកោសល្យកីឡាកររបស់យើងអោយដល់សក្ដានុពលខ្ពស់បំផុតរបស់ពួកគេ ហើយក្លិបពំុមានការអត្ថាធិប្បាយអ្វីផ្សេងបន្ថែមទៀតនោះឡើយ រហូតដល់ការតែងតាំងគ្រូបង្គោលថ្មីត្រូវបានធ្វើឡើង។