ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានកីឡា និងក្រុមហ៊ុន ណេសត្លេ (ថៃ) អិលធីឌី ដែលបានសហការក្នុងការលើកស្ទួយវិស័យអប់រំកាយ និងកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ក្រុមហ៊ុន ណេសត្លេ (Nestle) បានជ្រើសរើសយកកុមារា កាស៊ីដេហ្វ វ៉ាស៊ូណាន់ (Dome) និងកុមារា ថានី ភីរិទ្ធ (KK) ដែលជាថ្នាលយុវជនរបស់សាលាបាល់ទាត់បឹងកេត យកទៅហ្វឹកហាត់រយះពេល ៣ថ្ងៃ នៅឯឈុនបុរី ប្រទេសថៃ ជាមួយនឹងគ្រូបង្វឹកចំនួន ៣នាក់ អញ្ជើញមកពីក្លិបBarcelona ផ្ទាល់។
គួរបញ្ជាក់ផងដែរថាការហ្វឹកហាត់នេះ នឹងធ្វើឡើងពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ដោយមានការចូលរួមពីកុមារចំនួន ៥២នាក់ ដោយមានកុមារកម្ពុជាតែ ២នាក់នេះប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា។ ក្នុងការហ្វឹកហាត់នេះ កុមារទាំង ៥២នាក់ មានឱកាសជួបសំណេះសំណាលជាមួយក្រុមកីឡាករហ្វ៊ូតសាលរបស់ក្លិប Barcelona ដែលនឹងមកប្រកួតពានរង្វាន់ដ៏ធំមួយនៅទីក្រុងបាងកកផងដែរ។
ក្រោយពេលដែលហ្វឹកហាត់រួចរាល់ភ្លាមៗ កុមារ ៨នាក់ ក្នុងចំនោម ៥២នាក់នឹងត្រូវបានជ្រើសរើសផ្ទាល់ពីក្រុមគ្រូបង្វឹក ដើម្បីបន្តការហ្វឹកហាត់នៅ CampNou ដែលកីឡដ្ឋានរបស់ក្លិប Barcelona តែម្តង។ សូមជូនពរឲ្យយុវជនថ្នាលរបស់សាលាបាល់ទាត់បឹងកេតទទួលបានជោគជ័យក្នុងការហ្វឹកហាត់នេះ។