ក្រុមយុវជនថ្នាលបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំ បានចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់ RSN Youth Competition នាព្រឹកនេះ ទល់និងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន។
ក្នុងជំនួបបើកឆាកក្រុមម្ចាស់ផ្ទះបាននាំមុខ ៣-០ ក្នុងតង់ទីមួយ ខណៈដែលតង់ទី២គ្មានគ្រាប់បាល់កើតឡើងនោះឡើយ បើទោះបីជាក្រុមទាំងពីរមានឱកាសច្រើនដូចគ្នាក៏ដោយ ដូច្នេះជាលទ្ធផលយុវជនភ្នំពេញក្រោនទទួលបាន ៣ពិន្ទុឈរនៅលើកំពូលតារាងបណ្ដោះអាសន្ដក្រោយយកឈ្នះយុវជនបឹងកេតអង្គរដោយលទ្ធផល ៣-០។
ថ្លែងនៅក្រោយការប្រកួតនេះលោក មាស កក្កដា គ្រូបង្វឹកក្រុមយុវជនបឹងកេតអង្គរបានលើកឡើងថា៖ «លោកនៅពុំទាន់ពេញចិត្តទៅនឹងទម្រង់លេងរបស់កូនក្រុមលោកនៅឡើយទេ ជាពិសេសនៅក្នុងតង់ទី១ លោកសង្កេតឃើញថានៅមានចន្លោះប្រហោងច្រើន តែឈានចូលដល់តង់ទី២ យើងរៀបចំបានល្អណាស់ដោយមិនឲ្យរបូតគ្រាប់បាល់បន្ថែមឡើយ។
លោកបន្ដថាអវត្តមានកីឡាករសំខាន់ សួន សុភ័ក្ត្រា ដែលកំពុងជាប់បំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិអាយុក្រោម១៦នៅប្រទេសវៀតណាមក៏ជាកត្តាមួយផងដែរ ព្រោះកីឡាកររូបនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំលេង ក៏ដូចជារកគ្រាប់បាល់ជូនក្រុម ដូច្នេះបើមាន សុភ័ក្រ្តានៅច្បាស់អាចរកគ្រាប់បាល់បានជាក់ជាមិនខាន។
ម្យ៉ាងក្នុងចំណោមក្លិបធំៗទាំង៤ដែលចូលរួម យុវជនបឹងកេតអង្គរជាក្រុមធ្វើការប្រមូលផ្ដុំក្រោយគេបង្អស់ ដូច្នេះការហ្វឹកហាត់មានរយៈពេលខ្លី ហេតុនេះហើយលទ្ធផលនេះគឺមិនទុកថាអាក្រក់ពេកនេាះទេ ម្យ៉ាងការចូលរួមប្រកួតនេះគឺមិនផ្ដោតលើជ័យជំនះឬពានរង្វាន់អ្វីនោះទេ គីលោកគ្រាន់តែចង់ឱ្យកូនក្រុមទទួលបានបទពិសោធន៍នៅលើទីលានឲ្យបានច្រើនប៉ុណ្ណោះ។