ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ ក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup ជើងទី២កាលពីយប់មិញ ដូច្នេះសរុបទាំងពីរជើងក្រុមជម្រើសជាតិកម្ពុជាឈ្នះ ៤-២ ខណៈជើងទី១ក្រុមទាំងពីរស្មើគ្នា ២-២ ហើយលទ្ធផលនេះបានរុញឲ្យកម្ពុជាមានឱកាសឈានទៅប្រកួតជុំទី៣ មាន ២៤ ប្រទេសដែលនឹងចាប់ផ្ដើមជម្រុះនៅឆ្នាំក្រោយ។
គ្រាប់បាល់ពីរគ្រប់របស់កម្ពុជាធ្វើបានសម្រេចដោយកាតែតបញ្ចូលទីរបស់ខ្សែការពារបឹងកេតអង្គរ ហុង ផេង ក្រោយការទាត់បាល់ហ្វ្រីឃីកយ៉ាងល្អរបស់ ចាន់ វឌ្ឍនាកា នៅនាទីទី៧ នៃដើមតង់ទី១ ចំណែកឯគ្រាប់បាល់ទី២ដែលធ្វើបានសម្រេចដោយការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី ៦០ របស់ ប្រាក់ មុន្នីឧត្តម ក៏បានមកពីការបង្កើតឱកាសរបស់ ចាន់ វឌ្ឍនាកា ព្រមទាំងការបញ្ចូលបាល់ល្អៗជាច្រើនលើកទៀតឲ្យមិត្តរួមក្រុមតែធ្វើមិនបានសម្រេច។
ក្រោយស្នូរកញ្ចែរបញ្ចប់ការប្រកួតភ្លាម ចាន់ វឌ្ឍនាកា ត្រូវបានស្នងការប្រកួតប្រកាសជាប់ជាកីឡាករល្អបំផុតក្នុងការប្រកួត (Man of The Match) សម្រាប់ការប្រកួតនេះផងដែរ។