ប្រធានក្រុមយុវជនបឹងកេតអង្គរកីឡាករ សួន សុភ័ក្ត្រា ត្រូវបានក្លិបដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីឈុតធំរួចរាល់ហើយមុនជំនួបទល់និងក្រុមណាហ្គាវើលក្នុងការប្រកួតពានរង្វាន់លីគកំពូលនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
លោក បែ មករា ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបបានថ្លែងប្រាប់ក្រុមការងារផ្នែកព័ត៌មានរបស់ក្លិបថា៖ «នេះជាចក្ខុវិស័យរបស់ក្លិប យើងចង់បណ្ដុះបណ្ដាលយុវជន ចង់ផ្ដល់ឱកាសឲ្យពួកគេ ជាពិសេសអ្នកដែលមានសម្ថភាព ហើយចង់ក្លាយជាកីឡាករបាល់ទាត់ជាជីពពិតប្រាកដ»។
«ជាក់ស្ដែង សួន សុភ័ក្ត្រា គាត់ជាយុវជនដែលមានសម្ថភាព ហើយតាមរយៈទេពកោសល្យរបស់គាត់យើងជឿជាក់ថា គាត់និងក្លាយជាកំលាំងដ៏សំខាន់របស់ក្លិបនៅថ្ងៃអនាគត ដូច្នេះទើបយើងសម្រេចចិត្តកោះហៅរូបគេឲ្យចូលរួមជាមួយក្រុមឈុតធំដើម្បីហ្វឹកហាត់ ក៏ដូចជាមានឱកាសចូលប្រកួតយកបទពិសោធន៍ជាមួយក្រុមឈុតធំ ព្រមទាំងផ្សាំខ្លួនជាមួយការប្រកួតផ្លូវការធំៗនិងសំខាន់ៗផ្សេងទៀតផងដែរ។» លោកបញ្ជាក់បន្ថែម។
(សួន សុភ័ក្ត្រា ពាក់ស្លាកប្រធានក្រុម ជួរមុខខាងស្ដាំបង្អស់)
សួន សុភ័ក្ត្រា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់គ្រូបង្វឹកក្រុមយុវជនលោក មាស កក្កដា ព្រមទាំងគ្រូបង្វឹកឈុតធំលោក ប្រាក់ សុវណ្ណារ៉ា ចំពោះទម្រង់លេងដ៏លេចធ្លោររបស់គេកន្លងមកនៅក្នុងក្រុមយុវជន ហើយខ្សែប្រយុទ្ធវ័យ ១៦ ឆ្នាំរូបនេះកំពុងជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំផងដែរ។