ខ្សែបម្រើបឹងកេតអង្គរ Yuya Wada នឹងខកខានបង្ហាញខ្លួនលើទីលានសម្រាប់គ្រប់ការប្រកួតដែលនៅសល់ក្នុងរដូវកាល២០១៦នេះ។
ជុំវិញបញ្ហានេះ លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា «វាជាការពិតដែលក្រុមបាត់បង់កីឡាករល្អដែលតែងតែជួយក្រុមឲ្យទទួលបានជ័យជំនះ។ យើងពិតជាលំបាកកាន់តែខ្លាំងសម្រាប់ ៥ ប្រកួតចុងក្រោយ តែក្រុមផ្សេងក៏មានបញ្ហាដូចគ្នា ដូចច្នេះ យើងនៅតែមានសង្ឃឹមថាអាចដណ្តើមពានបាន» ។
ងាកមកកាន់កីឡាករសញ្ជាតិ នីស្សេរីយ៉ា Esoh Paul Omogba វិញបាននិយាយថា «នេះជាពេលវេលាដ៏អាក្រក់របស់យើងដែលត្រូវបាត់បង់គាត់ (Yuya) សម្រាប់ជំនួបសំខាន់ៗនាពេលខាងមុខ។ ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ ព្រោះគាត់ជាកីឡាករសំខាន់មួយរូបក្នុងក្រុម ខ្ញុំយល់ពីអារម្មណ៍របស់គាត់ពេលនេះ គាត់ពិតជាចង់ប្រកួត ហើយចង់ឈ្នះពានសម្រាប់រដូវកាលនេះ»។
ចំណែកខ្សែការពារវ័យ ២៥ឆ្នាំ សុខ សុវណ្ណ វិញក៏ថ្លែងមិនខុសពី Paul ប៉ុន្មានដែរ ពោលគឺរូបគេ បានសម្ដែងនូវភាពសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ខ្សែបម្រើរសញ្ជាតិជប៉ុនដ៏ឆ្នើមរូបនេះ ដោយសារបញ្ហារបួស តែរូបគេបានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងដើម្បីយកជ័យជំនះឲ្យខានតែបានសម្រាប់ប្រកួតដែលនៅសល់ ព្រមទាំង មាន សុទិដ្ឋិនិយមថា YuYa អាចនឹងជាសេះស្បើយទាន់ពេលវេលាដើម្បីវិលមកជួយក្រុមថែមទៀតផង។
Yuya បានរបួសកជើង ក្នុងជំនួបជាមួយក្រសួងការពារជាតិ ក្នុងពានរង្វាន់លីគកំពូល កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងមក ហើយបើតាមការឱ្យដឹងរបស់វេជ្ជបណ្ឌិត កីឡាករជប៉ុនរូបនេះ នឹងអាចចូលលេងបានវិញ នៅរយៈេពេល ២ខែទៀត៕