ឆ្លងកាត់តាមការពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅប្រទេសវៀតណាមនៅថ្ងៃនេះ ជាលទ្ធផលបញ្ហារបួសរហែកសសៃពួរជង្គង់របស់ ហុង ផេង ត្រូវធ្វើការវះកាត់ជាចាំបាច់ដើម្បីព្យាបាលឲ្យជាសះស្បើយ ដូច្នេះ ខ្សែការពារកណ្ដាលរូបនេះនឹងត្រូវបន្ដអវត្តមានយ៉ាងតិច ៦ ខែទៀតបន្ទាប់ពីការវះកាត់រួច មុនអាចត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញសារជាថ្មី។ ចំណែកកាលបរិច្ឆេទនៃការវះកាត់ទំនងជានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
ដូច្នេះ ហុង ផេង នឹងត្រូវអវត្តមានពីការប្រកួតសំខាន់ៗរបស់ក្លិប និង ក្រុមជម្រើសជាតិដូចជា ជំនួបចុងក្រោយទល់នឹង ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាជំនួបកាត់សេចក្ដីក្នុងការឈានទៅគ្រងតំណែងជើងឯកលីកកំពូលនៅរដូវកាលនេះ ក៏ដូចជាការខកខានជួយក្រុមជម្រើសជាតិក្នុងយុទ្ធនាការនៃវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាខែតុលា ជាដើម។
ហុង ផេង បានទទួលរងរបួសរហែកសរសៃពួរជង្គង់អំឡុងពេលប្រកួតទល់នឹងក្រុម ណាហ្គាវើល ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផល ០-០ ក្នុងការប្រកួតលីកកំពូលសប្ដាហ៍ទី១៥ កន្លងទៅ។